ខេត្តតាកែវ ៖ ដោយសារអត់ទ្រាំនឹងកូនដែលតែងតែរករឿង និងវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះជាញឹកញាប់នោះមិនបាន ទើបស្ត្រីជាម្តាយដាច់ចិត្តប្តឹងប៉ូលិសឱ្យចាប់ខ្លួនកូនយកទៅអប់រំ ។ កូនប្រុសរូបនេះបានធ្វើសកម្មភាពវាយបំផ្លាញមាត់ទ្វារផ្ទះទាំងកណ្តាលយប់ធ្វើឱ្យមានការឆោឡោដឹងដល់ប៉ូលិសខេត្ត ក្រុងព័ទ្ធគ្រប់ច្រកល្ហកដោយសារស្មានថាចោរចូលប្លន់ តែការពិតគឺកូនប្រុសវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរួចរត់គេច តែត្រូវប៉ូលិសតាមចាប់ខ្លួនបានភ្លាមៗ ។
ហេតុការណ៍ម្តាយប្តឹងប៉ូលិសឱ្យចាប់ខ្លួនកូននេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ឧសភា ស្ថិតនៅភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ។លោកឥន មណ្ឌល អធិការរងនគរបាលក្រុងដូនកែវឱ្យដឹងថា យុវជនជាកូនដែលម្តាយរបស់គេប្តឹងឱ្យប៉ូលិសចាប់ខ្លួននេះឈ្មោះស៊ឹម វិសាល អាយុ២១ឆ្នាំ ជាសិស្សរៀននៅវិទ្យាល័យជាស៊ីមតាកែវ រស់នៅក្នុងភូមិខាងលើ ។ ស្ត្រីឈ្មោះជុម ប៊ុនរឿន ជាម្តាយអាយុ៣៧ឆ្នាំ បាននិយាយរៀបរាប់ប្រាប់ប៉ូលិសថា គាត់ជាស្ត្រីមេម៉ាយមានកូនប្រុសម្នាក់នេះប៉ុណ្ណោះ គាត់ខំរកស៊ីចិញ្ចឹមកូន រកលុយកាក់ដើម្បីឱ្យកូនបានរៀនសូត្រនឹងគេ និងតែងណែនាំឱ្យកូនខិតខំរៀន សេពគប់មនុស្សល្អ ។ ប៉ុន្តែកូនម្នាក់នេះមិនត្រឹមតែមិនស្តាប់ម្តាយទេ ថែមទាំងមិនចូលរៀនដើរលេងស៊ីផឹកស្រវឹងប៉ោឡែ ហើយនៅពេលត្រឡប់ចូលផ្ទះវិញតែងតែរករឿងគាត់ជានិច្ច ។
នៅយប់មុនពេលកើតហេតុវេលាម៉ោង១១យប់ កូនរបស់គាត់ម្នាក់នេះបានមករករឿងគាត់គ្មានបានដេកពួនឡើយ ទើបគាត់មិនព្រមបើកទ្វារឱ្យចូលក្នុងផ្ទះខ្លាចកូនវាយបំផ្លាញទ្រព្យសម្បត្តិមានទូរទស្សន៍ ម៉ាញ៉េ ជាដើម ។ ពេលគាត់មិនព្រមបើកទ្វារឱ្យចូលផ្ទះ ស្រាប់តែកូនចោលម្សៀតនេះ វាយទ្វារបែកកញ្ចក់អស់គ្មានសល់ ធ្វើឱ្យគាត់ភ័យក៏ស្រែកឆោឡោឡើង និងប្តឹងឱ្យប៉ូលិសមកចាប់ខ្លួនទាំងយប់ទៅ ។
លោកអធិការរងក្រុងបានបន្តទៀតថា ស្ត្រីជាម្តាយទោះបីប្តឹងប៉ូលិសឱ្យចាប់ខ្លួនកូនហើយក្តីក៏នៅតែបារម្ភពីកូនខ្លាចប៉ូលិសបញ្ជូនទៅដាក់គុកទៀត ទើបព្រឹកឡើងគាត់បានចូលមកសុំយកកូនទៅវិញដើម្បីធ្វើការអប់រំបន្តទៀត ។ នេះហើយជាទឹកចិត្តម្តាយចំពោះកូន តែកូនវិញមិនបានអាណិតអាសូរចំពោះទឹកចិត្តម្តាយឡើយ ហើយក៏មិនដឹងថាកូនកំហូចនេះកែខ្លួនបានល្អឡើងវិញ ឬបែបណានោះទេ ៕
ចែករំលែកព័តមាននេះ