ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​​​ប្រដាល់​​​​នៅលើ​សង្វៀន​​​ទូរទស្សន៍​​ប៉ុស្តិ៍លេខ3

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជ័យ វណ្ណៈ មកពី​ក្លឹប​​ឃ្លាំងមឿង​​​កីឡា ​​​​​​ឈ្នះ​ ទី ​ពន្លែត មកពី​ក្លឹប​​​​​សឹក​រង​​ខេត្ត​សៀមរាបដោយ​ពិន្ទុ​​​​​​ក្នុងការប្រកួត​​​នៅលើ​សង្វៀន​​​​ស្ថានីយ​​ទូរទស្សន៍​ប៉ុស្តិ៍លេខ​៣ ​​កាលពីថ្ងៃ​សៅរ៍​ ទី​១២ ឧសភា​​​​ កន្លងមក​នេះ ។

ប្រវត្តិ​​​​មិនធ្លាប់​​​​ប៉ះគ្នា​​ពីមុន​​មក​រវាង​ ពន្លែត​​ និង​​ វណ្ណៈ​​​ បាន​​​ធ្វើ​​ឱ្យ​​​​ការ​ប្រកួត​​​​ហាក់​​​បី​ដូច​​​ជាមិន​​​សូវ​​​ស្វាហាប់​​​​ទាល់តែសោះ​​​​ ជា​ពិសេស​នៅ​ដើម​​ទឹក​​​ទី១ និង​ទី២ ទាំង​សង​​​​ខាង​​​មាន​​​ការ​ប្រុង​ប្រយ័ត្ន​​​​រៀងៗ​ខ្លួន​​​​ ។​​ ​ប៉ុន្តែ​​​​ចរិត​​ឆាប់​​​ឆេវឆាវ​​​របស់​​ វណ្ណៈ ​មិន​បាន​​​​ធ្វើ​ឱ្យ​​​គេ​មាន​​ការ​អត់​​ធ្មត់បាន​យូរ​ឡើយ​។ ​គ្រាន់​​​តែ​​ចូល​​ទឹក​ទី៣ភ្លាម​ វណ្ណៈ​សម្រុក​​​ចូល​​កៀក​​​ប្រើ​កែង​​ទៅលើ​ ពន្លែត​​ ​ដោយមិន​បង្អង់​យូរ​ ប៉ុន្តែ​​ ពន្លែត ក៏​បាន​​​​វាយ​និង​ទាត់​​សង​វិញ​យ៉ាង​​ចាស់​ដៃ​​​ ជា​ការ​ឆ្លើយ​​តប​​នឹង​​​ការ​សម្រុក​​ចូល​របស់​វណ្ណៈ​ ​។ នៅទឹក​ទី៤ទាំង​​សង​ខាង​​​​​មាន​ប្រៀប​​ស្មើ​គ្នា​​​ លុះចូល​​ដល់​ទឹក​​​ទី​៥​ វណ្ណៈ ​​​កាន់​​តែ​សម្រុក​​​ខ្លាំង​​ជាង​​មុន​ដើម្បី​​​ដណ្តើម​​​ពិន្ទុ​​​​ចុងក្រោយ​យក​​ឈ្នះ​​​ ពន្លែត​​ ទាំង​លំបាក ។​

ឈាន ហុង​ មកពី​ក្លឹប​​​អាជ្ញាធរ​​​ជាតិ​​អាវុធ​គីមី​​​យក​ឈ្នះ​​ វ៉ាន់ ​ចាន់​វេត ​​មក​ពីក្លឹប​​​សិង្ហ​កីឡា​​ដោយ​​ពិន្ទុ​​​ ។ គូ​នេះ​មុន​​ពេលប្រកួត​​​ ឈាន​ ហុង​ ​​​អត់​​សូវ​​មាន​ជំនឿ​​​​ចិត្ត​​​ឡើយ ​​ ព្រោះ​​​ថា បើ​​ស្ទាប​ស្ទង់​​​​ទៅលើ​​​ផ្នែក​​បច្ចេកទេស​​​​​ប្រយុទ្ធ​និងកម្លាំង​គឺមិន​អាច​​​ប្រៀប​ស្មើ​​ជាមួយ​​​ ចាន់វេត​ បាន​ទេ ។ ប៉ុន្តែ​​​ផ្ទុយទៅវិញ ឈាន​​ ហុង​​​ ​​បានធ្វើ​​ឱ្យ​​​អ្នក​​ទស្សនា​​​មានការ​​ភ្ញាក់​​​ផ្អើល​​យ៉ាង​ខ្លាំង​​​ ដោយសារ​​​​​គេ​អាច​​​បំបាក់​​ ចាន់វេត ​បាន ។​

នៅទឹកទី១ និង​ទី២ ឈាន ហុង ​មិន​ហ៊ាន​​​សម្រុក​​​ទៅលើ​​ ចាន់វេត ​​​ភ្លាម​ទេ គឺ​គេ​​​នៅ​ធ្វើ​​ការ​ស្ទាបស្ទង់កម្រិត​បច្ចេក​​​​​​ទេស​​​​គូ​ប្រកួត​​​​សិន ​។ ​ផ្លែ​កែង​ និង​ជង្គង់​​​​ដ៏​ល្អ​របស់​គេ​​ ចាប់ផ្តើម​​​​​បញ្ចេញ​​​នៅទឹក​​ទី៣​និង​ទី៤ ​ខណៈ​​ចាន់​វេត ព្យាយាម​​​​​បញ្ចេញ​​ស្នៀត​​​​ជើង​ទាត់​បញ្រ្ចាស​​សង​វិញ​ ។ ចាន់​វេត ​ដែល​​មិន​មាន​ការ​​ប្រុង​ប្រយ័ត្ន​​​​​ពី​មុន​មក​នោះ​ត្រូវ​ ឈាន​ ហុង​ ​វាយ​រុញច្រាន​​​ឱ្យ​ដក​ថយ​​​អែប​​ខ្សែ​រេញជាប់​​រហូត  ​ជា​ពិសេស​​​​នៅក្នុង​​​ទឹក​ទី៥ ឈាន ហុង ​​កាន់​តែធ្វើ​​ឱ្យ​​​​ចាន់​វេត បាត់​បង់ស្ថាន​ភាព​​​ប្រយុទ្ធ​​​ស្ទើរ​​​តែ​​ទាំង​ស្រុង ។​

ង៉ែត រដ្ឋា ​​​មកពីក្លឹប​​​ក្រសួង​​​មហា​ផ្ទៃ ​យក​ឈ្នះ​​ សូយ​ ភិរម្យ​ ​​មកពីក្លឹប​​​​អូដឹមកីឡា​ ​ដោយ​ពិន្ទុ​​។ ពេជ្រ សំណាង ​មកពីក្លឹប​​​​មជ្ឈ​មណ្ឌល​​​កីឡា​​​កង​យោធពល​ខេមរភូមិន្ទ​ យក​ឈ្នះ​​ កុសល​​ វិសាល ​មកពីក្លឹប​​សាលវ័ន្ត​កីឡា​​ដោយ​ពិន្ទុ ៕