រាជធានីភ្នំពេញ ៖ ភេឌី ម៉ឺនសុភា មកពីក្លឹបយុវជនអង្គរ បានធ្វើឱ្យ ខុន ចាន់ថន មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ចាញ់ការប្រកួតយ៉ាងអស់ចិត្តបំផុត នៅត្រឹមទឹកទី៤ សម្រាប់ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ជើងឯក១០លានរៀលរបស់ស្រាផែនដីនៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN កាលពីរសៀលថ្ងៃ សៅរ៍ ទី១២ ឧសភា កន្លងមកនេះ ខណៈ ផុន ផាន់ណា មកពីក្លឹបអប្សរាក្បាច់គុនខ្មែរ យកឈ្នះវ៉ាន់ ចាន់វៃ មកពីក្លឹបសិង្ហកីឡាដោយពិន្ទុ ។
សុភា និង ចាន់ថន ស្ថិតនៅពូល B ប្រកួតបាន៣លើកម្នាក់រួចមកហើយ ប៉ុន្តែចាញ់២លើក និងឈ្នះ១លើកដូចគ្នា ទើបតែរកបាន៣ពិន្ទុមា្នក់ប៉ុណ្ណោះ ។ ដូច្នេះ ពួកគេទាំង២នាក់ ពិបាកគេចផុតពីការហាលខោខ្លាំងណាស់ ។រីឯ ផាន់ណា និង ចាន់វៃ វិញប្រកួតបាន៤លើកម្នាក់ ក្នុងនោះ ផាន់ណា កំពុងតែមានពិន្ទុនាំមុខគេដាច់តែម្តង ព្រោះថាការប្រកួតទាំង៤លើកកន្លងមក មិនទាន់ស្គាល់ចាញ់ម្តងណា ឡើយ ។ ចំណែក ចាន់វៃ វិញ ប្រកួតបាន៤លើកក្នុងនោះឈ្នះ២លើក និងចាញ់២លើក រកបាន៦ពិន្ទុប៉ុណ្ណោះ ។ ចាន់វៃ ក៏មិនសូវជាមានសង្ឃឹមថាអាចគេចផុតពីការហាលខោបានដែរ ដូច្នេះគេនៅចាំអ៊ុតមើលលើការប្រកួតក្រោយៗទៀត សិន។
គូប្រកួតមិត្តភាព ខុន ស៊ីចន មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ យកឈ្នះ ធិន សុវណ្ណ មកពីក្លឹបកងពលតូចលេខ៧០ ដោយពិន្ទុ និង ធី តុងហ៊ី មកពីក្លឹបសាលវ័ន្តកីឡា វាយផ្តួល ជ័យ ពិសី មកពីក្លឹបឃ្លាំងមឿងកីឡា ឱ្យសន្លប់ក្នុងទឹកទី៤ ៕
ចែករំលែកព័តមាននេះ