រាជធានីភ្នំពេញ ៖ ក្រុមព្រះខ័នរាជ្យបានបំបាក់ក្រុមសាកលវិទ្យាល័យវេស្ទើនឱ្យចាញ់ ៤-០ សម្រាប់ការជួបគ្នានៅលើទីលានពហុកីឡដ្ឋានជាតិ កាលពីរសៀលថ្ងៃសៅរ៍ ទី១២ ឧសភា កន្លងមកនេះ ដែលជាការប្រកួតបាល់ទាត់ក្របខណ្ឌថ្នាក់ជាតិឆ្នាំ២០១២ ។
ការជួបគ្នារវាងក្រុមទាំងពីរ នៅតង់ទី១ ក្រុមព្រះខ័នរាជ្យ ធ្វើឱ្យក្រុមសាកលវិទ្យាល័យវេស្ទើនចាញ់ ២-០ រួចទៅហើយ ។ កីឡាករទុំ សារ៉ាយ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមព្រះខ័នរាជ្យ ពាក់អាវលេខ១៩ ស៊ុតបាល់បាន២គ្រាប់ម្នាក់ឯង គឺរកបាននៅនាទីទី២៨ និងទី៣៤។
ក្រុមសាកលវិទ្យាល័យវេស្ទើន កាន់តែត្រូវក្រុមព្រះខ័នរាជ្យបង្ក្រាបឱ្យរើខ្លួនលែងរួចនៅតង់ទី២ បើទោះជាក្រុមសាកលវិទ្យាល័យវេស្ទើន ព្យាយាមវាយបកយ៉ាងណាក៏ដោយ ។ ផ្ទុយទៅវិញ ក្រុមព្រះខ័នរាជ្យ មានឱកាសរកថែមបាន២គ្រាប់ទៀត ដែលស៊ុតបញ្ចូលទីដោយកីឡាករ ប្រាក់ មុន្នីឧត្តម ពាក់អាវលេខ៧ រួមចំណែករកបាន១គ្រាប់នឹងគេដែរ នៅនាទីទី៤៧ និងកីឡាករ សុខ ចាន់រស្មី ពាក់អាវលេខ១៣ រកបាន១គ្រាប់នៅនាទីទី៩០ ។ ក្រុមព្រះខ័នរាជ្យពេលនេះលេងបាន៧ប្រកួត មាន១៣ពិន្ទុ ឈ្នះ៤ ស្មើ១ ចាញ់២ ចំណែកឯក្រុមសាកលវិទ្យាល័យវេស្ទើន លេងបាន៨ប្រកួត ឈ្នះ១ ស្មើ១ មាន៤ពិន្ទុ ។
ក្រុមណាហ្គាខប ឈ្នះក្រុមបឹងកេត ២-១ ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ ទី១២ ឧសភា ដូចគ្នា ។ នៅតង់ទី១ ក្រុមទាំងពីរលេងស្មើ ១-១ ។ កីឡាករ ធុល សុទ្ធារិទ្ធ ពាក់អាវលេខ២២ ឯក្រុមណាហ្គាខបភ្លាត់ស្នៀតជ្រុលជើងទាត់បាល់បញ្ចូលទីខ្លួនឯង១គ្រាប់ ក្រោយពីលេងបាន៤០នាទី ។ បន្ទាប់មកនៅនាទីទី៤៥+២ កីឡាករ NOFIU BASAK LAWAL ពាក់អាវលេខ៣១ រកបាន១គ្រាប់វិញ ។ ចំណែកកីឡាករស៊ុន សុបញ្ញា ពាក់អាវលេខ២៣ រកបាន១គ្រាប់ទៀតនៅនាទីទី៦៦ ។ ពេលនេះ ក្រុមណាហ្គាខបលេងបាន៩ប្រកួត រកបាន២០ពិន្ទុ នាំមុខគេក្នុងតារាងជាបណ្តោះអាសន្ន ចំណែកក្រុមបឹងកេតវិញ លេងបាន៨ប្រកួត មានតែ១៤ពិន្ទុប៉ុណ្ណោះ។
ចំណែកកាលពីថ្ងៃអាទិត្យ ទី១៣ ឧសភា មាន២ប្រកួតទៀត ។ ក្រុមក្រសួងការពារជាតិបានយកឈ្នះក្រុមឆ្លាមសមុទ្រ ៥-២ ចំណែកក្រុមបៀលប្រាយយូណាយធីត យកឈ្នះក្រុម គិរីវង់សុខសែនជ័យ ១-០ ។ ការជួបគ្នារវាងក្រុមក្រសួងការពារជាតិ ជាមួយក្រុមឆ្លាមសមុទ្រ នៅតង់ទី១ លទ្ធផលក្រុមក្រសួងការពារជាតិ បានយកឈ្នះ៣-១ នាំមុខមុនរួចទៅហើយ លុះចូលដល់តង់ទី២ ក្រុមក្រសួងការពារជាតិរកបាន ២-១ បន្ថែមទៀត ។ ក្រុមក្រសួងការពារជាតិ ពេលនេះលេងបាន៧ប្រកួត ឈ្នះ២ ស្មើ៤ ចាញ់១ មាន១០ពិន្ទុ ចំណែកក្រុមឆ្លាមសមុទ្រលេងបាន៨ប្រកួតឈ្នះតែ១ប្រកួតប៉ុណ្ណោះ មាន៣ពិន្ទុ នៅបាតតារាង ។ក្រុមបៀលប្រាយយូណាយធីត ពេលនេះលេងបាន៨ប្រកួតហើយ ក្នុងនោះឈ្នះ៣ ចាញ់៥ មាន៩ពិន្ទុ ។ ឯក្រុមគិរីវង់សុខសែនជ័យ លេងបាន៧ប្រកួត ឈ្នះ២ ស្មើ១ ចាញ់៤ មាន៧ពិន្ទុ ៕
ចែករំលែកព័តមាននេះ