ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តី​សុបិន្ត​លើក​ពាន​អង់​​គ្លេស​​ប្រឺមីញេ​លីក​របស់​ក្លឹប Man City បាន​ទទួល​​​ជោគ​ជ័យ​​បន្ទាប់​ពី​តស៊ូ​រយៈ​ពេល​44​​ឆ្នាំ​

14 ឆ្នាំ មុន

រាត្រី​ថ្ងៃអាទិត្យ​​ដ៏​នក្ខន្តឫក្ស​របស់​ក្លឹប​ Man City ​បាន​​អង្រួន​​ពហុ​កីឡ​ដ្ឋាន​ Etihad ​ក្នុង​ទី​ក្រុង​​ម៉ែន​ឆេស្ទ័រ​ ក្រោម​ក្រសែ​ភ្នែក​ទស្សនិក​ជន​​​គាំទ្រ​​ជិត​៥០.០០០​នាក់ ​បន្ទាប់ពី​​ទទួល​បាន​ជោគ​ជ័យ​​យក​ឈ្នះ​ការប្រកួត​​ទៅ​​លើ​ក្លឹប​លេខ​៤ បាត​តារាង QPR ​ដោយ​លទ្ធ​ផល ៣-២ ​មាន​ឱកាស​​លើក​ពានអង់គ្លេស​ប្រឺមីញេលីក ​លើក​ទី១ ដែល​បាន​ទន្ទឹង​រង់ចាំ​របស់​​​រយៈ​ពេល​៤​៤ឆ្នាំ​​មក​ហើយ ។​ នេះគឺជា​​ការ​លើក​ពាន​រង្វាន់​​លើក​ទី​៣​ សម្រាប់​ក្លឹប Man City ​ក្នុង​ប្រវត្តិ​​សាស្ត្រ​បាល់​ទាត់​​របស់​គេ។

​ការ​លើក​ពាន​រង្វាន់របស់ក្លឹប​ Man City ​នេះ​ចាត់​ទុកថា ​ជា​ការ​​បើក​ទំព័រ​​ប្រវត្តិ​សាស្ត្រ​​ថ្មី​​ក្នុង​អាណត្តិ​​ដឹក​នាំរបស់​លោក​ម៉ាន់ ស៊ីនី ដែល​បាន​ត្រួស​ត្រាយ​ផ្លូវ​រក​ពាន​រង្វាន់​​សម្រាប់​ក្លឹប Man City បន្ទាប់ពី​ក្លឹប​នេះ​ខក​ខាន​លើក​ពាន​តាំងពី​ឆ្នាំ​១៩៦៨ មក​ម៉្លេះ ហើយ​វា​ក៏​ជាសា​មួយ​​ព្រមាន​​​ដល់​​​​ក្លឹបគូ​បដិ​បក្ស​​​បិសាច​ក្រហម​ Man Utd ​ផង​ដែរ សម្រាប់​​រដូវ​កាល​ក្រោយ​ៗ​ទៀត ។ ​ជ័យ​ជម្នះ​របស់​ក្រុម Man City ​ទៅ​លើ​ក្រុម​ QPR ​បាន​ធ្វើ​ឱ្យ​​ជ័យ​ជម្នះ​របស់​ក្រុម Man Utd ​គ្មាន​ន័យ​ហើយ​បាន​ត្រឹមតែ​​សម្រក់​ទឹក​ភ្នែក​ក្នុង​ទីលាន​ប្រកួត​ បើ​ទោះ​បី​ជា​ពិន្ទុ​​របស់​គេ​ស្មើ​គ្នា​តែ​ចាញ់​គ្រាប់បាល់​​ស៊ុត​បញ្ចូល​ទីក្លឹប Man City ចំនួន​៨គ្រាប់ ។ 

នៅ​ក្នុង​ដំណើរ​​ការ​ប្រកួត​តង់​ទី ១ ក្លឹប Man City ​ដែល​ស្រេក​ឃ្លាន​ចង់​បាន​ជ័យ​ជម្នះ​​បាន​បើក​ការ​វាយ​លុក​​គ្រប​សង្កត់​ទៅលើ​ក្រុម QPR យ៉ាងខ្លាំង ​ហើយ​​ជា​លទ្ធ​ផល​​នៅ​នាទី​៣៩ ​កីឡា​ករ Zabaleta ​ស៊ុត​បាល់​បញ្ចូល​ទី​​បាន​១​គ្រាប់ ​ក្រោយពី​មាន​ការ​បញ្ជូន​បាល់​ដ៏​ល្អ​របស់​កីឡា​ករ Toure ។ ​ការ​នាំ​មុខ​១-០​របស់​ក្លឹប Man City ​​បានរក្សា​​​រហូត​​ដល់​ចប់​ការ​ប្រកួត​៤៥​នាទី ។ ​ចូល​មកដល​់តង់​ទី២ ​​រយៈ​ពេល​ត្រឹម​តែ​៣​នាទី​ប៉ុណ្ណោះ ​កីឡាករ​វ័យ​ចំណាស់​ជន​ជាតិ​បារាំង​ Cisse របស់​ក្លឹប QPR មាន​ឱកាស​​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​​តាម​យក​ស្មើ​ធ្វើ​ឱ្យ​​ក្លឹប Man City កាន់តែ​ជ្រួល​ច្របល់ ។ ​ក្រោយ​ពី​ឃើញ​​លទ្ធ​ផល​​តាម​យក​ស្មើ​ក្លឹប​ Man City ​បង្កើន​ល្បឿន​វាយ​បក​ទៅ​មុខ​ទី​ក្លឹប​ QPR ធ្វើ​ឱ្យ​​មាន​ភាព​ចន្លោះ​​ប្រហោង​​ផ្នែក​ខ្សែ​ការ​ពារ​ទើប​ធ្វើ​ឱ្យ​កីឡាករ Mackie មាន​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​នៅ​នាទី​ទី​៦៦ នាំ​មុខ​ Man City ២-១​វិញ។ ​ការ​នាំ​មុខ​២-១​ របស់​​ក្លឹប QPR ​បាន​អូស​បន្លាយ​រហូតមក​ដល់​​នាទី​ទី​៩០ ​ក៏​ប៉ុន្តែ​​ការ​សម្រេចចិត្ត​បន្ថែម​យ៉ាង​៥​នាទី​ ​របស់​​អាជ្ញា​កណ្តាល​ហាក់​ដូច​ជា​ផ្តល់​​អាទិ​ភាព​ឱ្យ​ក្រុម​ Man  City ​មាន​ឱកាស​​ស៊ុត​បាល់​បញ្ចូល​ទី​បាន​២​គ្រាប់ ​គឺនៅ​នាទី​ទី​​៩០​បូក​២ និង​៩០​បូក​៤ យក​ឈ្នះ QPR ​ដោយ​លទ្ធ​​ផល ៣-២ ​លើក​ពាន​រង្វាន់​អង់​គ្លេស​ប្រឺមីញេលីក បញ្ឈឺ​ចិត្ត Man Utd។

​បន្ទាប់ពី​ទទួល​បាន​ជ័យ​ជម្នះ​លោក​ម៉ាន់ ស៊ីនី ​បាន​និយាយថា ៖ ការ​ទទួល​បាន​ជ័យ​ជម្នះ​​ចុង​ម៉ោង​បែប​នេះ​ គឺ​មិន​គួរ​ឱ្យ​ជឿ​ទាល់​តែ​សោះ ​ខ្ញុំ​មិន​ដែល​ឃើញ​លទ្ធ​ផល​ដូច​នេះ​ទេពី​មុន​មក ។ ​លោក​បាន​បន្ត​​ទៀតថា ៖ ​យើង​មាន​ឱកាស​ច្រើន​​​ក្នុង​ការ​​ស៊ុត​បាល់​បញ្ចូល​ទី​ដូច្នេះ​យើង​​សម​តែ​ទទួល​បាន​ជ័យ​ជម្នះ​​នេះ បន្ទាប់​ពី​យើង​ខក​ខាន​កាន់​ពាន​រង្វាន់​នេះ​អស់​រយៈ​ពេល​៤៤​ឆ្នាំ​​កន្លង​មក​ហើយ ។ ចំណែក​ឯ​​កីឡា​ក​រ​ក្លឹប QPR និង​​គ្រូ​បង្វឹក​​ក៏​មិន​មាន​ការ​​សោក​ស្តាយ​អ្វីដែរ ពី​ព្រោះ​​ក្លឹប​របស់​គេ​បាន​បន្ត​លេង​នៅ​ក្នុង​ក្រប​ខណ្ឌ​អង់​គ្លេស​​ប្រឺមី​ញេលីក​​ទៀត បន្ទាប់​​ពី​ក្លឹប Bolton ប្រកួត​បាន​ត្រឹមតែ​ស្មើ​ Stoke ។ ​គួររំលឹក​ដែរ​ថា ក្លឹប​ដែល​ត្រូវ​​ជ្រុះ​​ទៅ​ក្រប​ខណ្ឌ​អង់​គ្លេស​​ឆេម​ពាន​​ស៊ីប ​រដូវ​កាល​ក្រោយ​គឺ​ក្លឹប​ Bolton, Blackbum និង Wolves ៕