រាជធានីភ្នំពេញ ៖ សំរិទ្ធ សុភាព មកពីក្លឹបក្រសួងកសិកម្ម សងសឹក ឯម វុត្ថា មកពីក្លឹបគ្រុឌមានជ័យ បានសម្រេច និងបានក្លាយជាម្ចាស់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១២ ប្រភេទទម្ងន់៥៨គីឡូក្រាម បន្ទាប់ពីគេបានយកឈ្នះ ឯម វុត្ថា ដោយពិន្ទុយ៉ាងលំបាកក្នុងការប្រកួតនៅលើសង្វៀនពហុកីឡដ្ឋានជាតិ ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍អប្សរា កាលពីល្ងាចថ្ងៃ សៅរ៍ ទី១២ ឧសភា កន្លងមកនេះ ។
សុភាព ធ្លាប់បានចាញ់ វុត្ថា ដោយពិន្ទុកាលពីប្រកួតដណ្តើមជើងឯកទូទាំងប្រទេសឆ្នាំ២០១១ រួចម្តងមកហើយ ហើយវុត្ថាបានក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស ប្រភេទទម្ងន់៥៨គីឡូក្រាមឯសុភាពត្រូវធ្លាក់មកនៅលេខ២។ ចំណែកការប្រកួតលើកនេះ សុភាព ហាក់បីដូចជាចង់យ៉ាប់បន្តិចដែរពីត្រឹមទឹកទី១ ដល់ទឹកទី៣ ព្រោះត្រូវ វុត្ថា គ្រប់គ្រងស្ថានភាពប្រកួតជាប់រហូត ។ វុត្ថា មានប្រវតិ្តប្រកួតរហូតជាង១០០ដង រីឯ សុភាព ធ្លាប់ប្រកួតបានតែ៥០ដងប៉ុណ្ណោះ ។ សុភាព មានឱកាសវាយសម្រុកទៅលើ វុត្ថា បានល្អបន្តិចនៅចុងទឹកទី៤និងទី៥ ប៉ុន្តែជ័យជម្នះរបស់គេធ្វើឱ្យអ្នកទស្សនាភាគច្រើន មិនសូវសប្បាយចិត្តឡើយ ។
ពេជ្រ សីហា មកពីក្លឹបក្រសួងការពារជាតិបានក្លាយជាម្ចាស់ពានរង្វាន់សម្តេចតេជោ ហុ៊ន សែន ឆ្នាំ២០១២ ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម បន្ទាប់ពីបានយកឈ្នះ ឡុង សុវណ្ណឌឿន មកពីក្លឹបសាលវ័ន្តកីឡានៅត្រឹមទឹកទី៤ ។ គូនេះក៏ធ្លាប់បានប៉ះគ្នាម្តងដែរ កាលពីលើកមុន នៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលកាលណោះ សីហា ត្រូវ សុវណ្ណឌឿន វាយឱ្យសន្លប់ត្រឹមទឹកទី២ប៉ុណ្ណោះ ។ ចំណែកលើកនេះ បើទោះបីជា សីហា មានឱកាសសងសឹកបានសម្រេចមែន ប៉ុន្តែជាជ័យជម្នះមិនសូវល្អមើលទាល់តែសោះ ។ នៅទឹកទី២ សីហា ត្រូវ សុវណ្ណឌឿន វាយចូល១កែងចំថ្ងាសបែករយះយ៉ាងធំ មានឈាមហូរជោកផ្ទៃមុខ ស្ទើរតែមិនអាចប្រកួតកើតទៅហើយ ប៉ុន្តែក្រោយពីលោកគ្រូពេទ្យពិនិត្យទៅឃើញថាមិនមានបញ្ហាទេនោះ ទើបគេអាចមានឱកាសប្រកួតបន្តទៀតបាន ។
ទោះជាយ៉ាងណា ការដើរចូលវាយទាំងកំរោលរបស់ សីហា ត្រូវសុវណ្ណឌឿន ម៉ាត់ចូលមុខ ពេញៗ ក្នុងទឹកទី២និងទី៣ ។ សីហាមានសំណាងល្អ នៅទឹកទី៤ ខណៈ ពេលដែលគេសម្រុកចូលកៀកចាប់ក្រៀកវាយជង្គង់នោះ បានធ្វើឱ្យសុវណ្ណឌឿន អស់ជំហរដួលទៅលើតាពី ហើយត្រូវ សីហា បុកមួយជង្គង់ថែមពីលើចំពោះទឹកបណ្តាលឱ្យ សុវណ្ណឌឿន ចុករមួលប្រកួតលែងកើត ។
ផល សុផាត មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្លាយជាម្ចាស់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប្រភេទទម្ងន់៦៣,៥គីឡូក្រាម បន្ទាប់ពីបានវាយ វង្ស ណយ មកពីក្លឹបក្រសួងការពារជាតិ ឱ្យសន្លប់ក្នុងទឹកទី៣រួចមក។
គូនេះកាលពីប្រកួតគ្នាលើកមុនៗ សុផាត មិនសូវដែលបានឈ្នះ វង្ស ណយ ឡើយ ប៉ុន្តែកាលណោះ វង្ស ណយ ឈ្នះ សុផាត ទាំងលំបាកបំផុត ឯលើកនេះ សុផាត បានផ្តល់មេរៀនឱ្យ វង្ស ណយ យ៉ាងចាស់ដៃ ។ នៅទឹកទី១ និងទី២ វង្ស ណយ សម្រុកចូលកៀកបញ្ជូនស្នៀតកែងវាយមកលើសុផាត ដោយមិនកោតញញើេតឡើយ ។ ប៉ុន្តែទីបំផុតនៅទឹកទី៣ វង្ស ណយ ត្រូវសុផាត វាយឆ្មក់ចូលពោះទឹកមួយដៃពេញទំហឹង បណ្តាលឱ្យដួលអុកគូទនៅលើតាពីប្រកួតលែងកើតតែម្តង ។
សែន រ៉ាឌី មកពីក្លឹបអប្សរាក្បាច់គុនខ្មែរ យកឈ្នះ ឯម លីថូ មកពីក្លឹបគ្រុឌមានជ័យដោយពិន្ទុ និងក្លាយជាម្ចាស់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ គូនេះ មានប្រវតិ្តប្រកួតខុសគ្នាឆ្ងាយណាស់ រ៉ាឌី ធ្លាប់ប្រកួតបានតែ៣៩ដងប៉ុណ្ណោះ រីឯ លីថូ ប្រកួតបានរហូតដល់ទៅ១១០ដង ប៉ុន្តែ រ៉ាឌី មុននឹងអាចយកឈ្នះ លីថូ បានក៏វេទនាបន្តិចដែរ ។ ប្រកួតគ្នា៥ទឹកពេញ រ៉ាឌី មានការប្រយ័ត្នប្រយែងខ្លាំងណាស់ ម៉្យាងវិញទៀត គេមិនសូវហ៊ានចូលកៀកឡើយ ព្រោះខ្លាចស្នៀតកែងរបស់លីថូ ។
ឃឹម ឌីម៉ា មកពីក្លឹបអប្សរាក្បាច់គុនខ្មែរ ដណ្តើមបានតំណែងជាម្ចាស់ពានសម្តេចតេជោ ហ៊ុន សែន ប្រភេទទម្ងន់៦០គីឡូក្រាម បន្ទាប់ពីបានវាយយកឈ្នះ ឯម វិចិត្រ មកពីក្លឹបគ្រុឌមានជ័យ ដោយពិន្ទុ ។ ឯ ទិត្យ សុវណ្ណគិរី មកពីក្លឹបក្រសួងកសិកម្មយកឈ្នះ សារឿន ចាន់ មកពីក្លឹប សម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀនដោយពិន្ទុទាំងលំបាក ហើយសុវណ្ណគិរី ទទួលបានតំណែងជាម្ចាស់ពានសម្តេចតេជោហ៊ុន សែន ប្រភេទទម្ងន់៥៧គីឡូក្រាម ។
អាង សំអាត មកពីក្លឹបតាព្រហ្មមានជ័យ ដណ្តើមបានតំណែងជាម្ចាស់ពានសម្តេចតេជោហ៊ុន សែន ប្រភេទទម្ងន់៥២គីឡូក្រាម បន្ទាប់ពីបានយកឈ្នះ ឈិត ង៉ុយ មកពីក្លឹបអប្សរាក្បាច់គុនខ្មែរ ៕
ចែករំលែកព័តមាននេះ