រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់ កម្ពុជា បានសហការជាមួយស្ថានីយទូរទស្សន៍អប្សរា រៀបចំឱ្យមានព្រឹត្តិការណ៍នៃការប្រកួតកីឡាប្រដាល់ក្បាច់បុរាណខ្មែរមួយដែលមិនធ្លាប់មានពីមុនមកទាល់តែសោះ គឺការប្រកួតជ្រើសរើសជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលមានកីឡាករ-កីឡារិនីខ្លាំងៗសរុបទាំងអស់ចំនួន១០គូ ធ្វើការប្រកួតនៅពហុកីឡដ្ឋានជាតិ នាថ្ងៃ សៅរ៍ ទី១២ ឧសភា វេលាម៉ោង៤និង៣០នាទីរសៀល ។
សម្រាប់គូប្រកួតដែលបានសម្រិតសម្រាំង យកមកប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនាថ្ងៃនោះ គូទី១ មានកីឡាករ ម៉ាត់ ឆ្វេង មកពីក្លឹបក្រសួងកសិកម្ម ប្រកួតជាមួយកីឡាករ ហុន ឈុនហេង មកពីក្លឹបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម ។ គូទី២ មានកីឡាករ ចាន់ វិបុល មកពីក្លឹបក្រសួងមហាផ្ទៃ ប្រកួតជាមួយ ម៉ៃ ថៃប៊ិប មកពីក្លឹបក្រសួងកសិកម្ម ប្រកួតជាលក្ខណៈសាកលអាជីព ទម្ងន់ ៦០គីឡូក្រាម ។ គូទី៣ កីឡាការិនី ធី កន្និកា មកពីក្លឹបឥន្ទ្រីកីឡា ប្រកួតក្បាច់បុរាណខ្មែរ ទម្ងន់៥៧គីឡូក្រាមជាមួយកីឡាការិនី ម៉ារី យ៉ែត មកពីក្លឹបអប្សរាគុនខ្មែរ ។ គូទី៤ កីឡាករ ឈិត ង៉ុយ មកពីក្លឹបអប្សរាគុនខ្មែរ ម្ចាស់ជើងឯកថ្នាក់ជាតិឆ្នាំ២០១១ ប្រកួតជាមួយ អាំង សំអាត មកពីក្លឹបតាព្រហ្មមានជ័យ ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម ។
គូទី៥ សារឿន ចាន់ ម្ចាស់ខ្សែក្រវាត់ស៊ីម៉ង់ត៍ K CEMENT ប្រកួតជាមួយ ទិត្យ សុវណ្ណគិរី មកពីក្លឹបក្រសួងកសិកម្ម ប្រភេទទម្ងន់៥៧គីឡូក្រាម ។ គូទី៦ ឯម វិចិត្រ មកពីក្លឹបគ្រុឌមានជ័យ ម្ចាស់ខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវ ប្រកួតជាមួយ ឈឹម ឌីម៉ា ម្ចាស់ខ្សែក្រវាត់ CBF មកពីក្លឹបអប្សរាគុនខ្មែរ ប្រភេទទម្ងន់៦០គីឡូក្រាម ។ គូទី៧ ឡុង សុវណ្ណឌឿន មកពីក្លឹបសាលវ័ន្តកីឡា ប្រកួតជាមួយ ពេជ្រ សីហា មកពីក្លឹបក្រសួងការពារជាតិ ម្ចាស់ខ្សែក្រវាត់ គុនខ្មែរ ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ គូទី៨ ឯម វុត្ថា មកពីក្លឹបគ្រុឌមានជ័យ ប្រកួតជាមួយ សំរិទ្ធ សុភាព មកពីក្លឹបក្រសួងកសិកម្ម ក្នុងប្រភេទទម្ងន់៥៨គីឡូក្រាម ។ គូទី៩ ជើងខ្លាំងវ័យក្មេង សែន រា៉ឌី ម្ចាស់ខ្សែក្រវាត់ CBF មកពីក្លឹបអប្សរាគុនខ្មែរ ប្រកួតជាមួយ ឯម លីថូ មកពីក្លឹបគ្រុឌមានជ័យ ប្រភេទទម្ងន់៥៤គីឡូក្រាម និងគូទី១០ វង្ស ណយ ម្ចាស់ខ្សែក្រវាត់ស្រាបៀរកម្ពុជា មកពីក្លឹបក្រសួងកសិកម្ម ប្រកួតជាមួយ ផល សុផាត ម្ចាស់ខ្សែក្រវាត់ស្រាពពែមាស មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រភេទទម្ងន់៦៣,៥គីឡូក្រាម ។
លោក យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា សម្រាប់ពីគូទី១ ដល់គូទី៣ អ្នកឈ្នះទទួលបាន២លានរៀល និងអ្នកចាញ់ទទួលបាន១លានរៀល ។ ឯចាប់ពីគូទី៤ ដល់គូទី១០ អ្នកឈ្នះទទួលបានប្រាក់រង្វាន់៤លានរៀល រីឯអ្នកចាញ់បាន២លានរៀល ។
លោកបានមានប្រសាសន៍ទៀតថា គោលបំណងសំខាន់ដែលលោកខិតខំរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះឡើង គឺលោកចង់ស្វែងរកជើងខ្លាំងពិតប្រាកដតាមប្រភេទទម្ងន់នីមួយៗ សម្រាប់ឆ្នាំ២០១២ នេះ ហើយលោកមានបំណងរៀបចំឱ្យមានព្រឹត្តិការណ៍បែបនេះជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកជើងខ្លាំងជួបជើងខ្លាំងនៅឆ្នាំក្រោយៗជាបន្តបន្ទាប់ទៀត ។ គោលបំណងសំខាន់ជាងនេះទៅទៀតនោះ គឺលោកមានបំណងបំផុសវិស័យក្បាច់គុនបុរាណខ្មែរដែលជាកេរមរតកវប្បធម៌ខ្មែរឱ្យមានការរីកចម្រើនថែមទៀត ហើយក៏ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅពាសពេញពិភពលោកទៀតផង ៕
ចែករំលែកព័តមាននេះ