រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១២ ទូទាំងប្រទេសបានចាប់ផ្តើមធ្វើពីថ្ងៃទី៨ ឧសភា ដល់ថ្ងៃទី១៣ ឧសភា នៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិដោយមានក្លឹបចំនួន១១ចូលរួម កីឡាករ១៨៣នាក់ កីឡាការិនី៩៩នាក់ សរុបទាំងអស់២៨២នាក់ ។
លោកទុយ ប៊ុនហឿន ជាគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ក្លឹបទាំង១១ដែលបានចូលរួមលើកនេះមានក្លឹប៧មករាសែនជ័យ ក្លឹបត្រពាំងឃ្លោក ក្លឹបឃុំខ្វាវ ក្លឹបសាលាបឋមសិក្សាទួលខ្វាវ ក្លឹបកៀនរការ ក្លឹបសាលាបឋមសិក្សាសាលាលេខ៥ ក្លឹបកំពង់ក្តារ ក្លឹបកំពង់ត្រាចលើ ក្លឹបហ្សាក់កឹះម៉ា ក្លឹបធីអិលស៊ី និងក្លឹបហេភីទ្រី ។
លោកណយ សុផាណា អគ្គលេខា ធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានឱ្យដឹងថា ឆ្នាំនេះការប្រកួតមានសភាពគគ្រឹកគគ្រេងជាងឆ្នាំមុនៗជាមួយនឹងការដាក់វិញ្ញាសានៃការប្រកួតយ៉ាងច្រើនមានដូចជា កាយសម្ព័ន្ធអាទីស្ទីក ក្របខណ្ឌ ក១ និងក២បុរស នារី។ ប្រកូតឯកត្តជន ក្របខណ្ឌ ក១ បុរស មានប្រកួតសរុបជាមួយឧបករណ៍ទាំង៥ បុរសក១ ។ ប្រកួតឧបករណ៍ជំនាញ បុរស ក១ មាន២ គឺសេះលោត និងកម្រាល ។ ឯកត្តជនក្របខណ្ឌ ក១ នារី ប្រកួតសរុបនៅលើឧបករណ៍ទាំង៣ ។ ប្រកួតឧបករណ៍ជំនាញ នារី ក១ មាន២ គឺសេះលោត និងកម្រាល ។ ប្រកួតឯកត្តជនក្របខណ្ឌ ក២ បុរស ប្រកួតសរុបឧបករណ៍ទាំង៤ បុរស ប្រកួតឧបករណ៍ជំនាញបុរសលើកម្រាល ។ ប្រកួតឯកត្តជនក្របខណ្ឌនារី ក២ ប្រកួតសរុបឧបករណ៍ទាំង៣ និងប្រកួតឧបករណ៍ជំនាញនារី លើកម្រាល ។
ប្រភេទកាយសម្ព័ន្ធអាអេរ៉ូប៊ិកក្របខណ្ឌក១ ក២ បុរស នារីវិញមានដូចជា អាអេរ៉ូប៊ិក ឯកត្តជនបុរស ក១ អាអេរ៉ូប៊ិក ឯកត្តជននារី ក១។ ប្រកួតអាអេរ៉ូប៊ិកចម្រុះ បុរស នារី ក១ ។ ប្រកួតអាអេរ៉ូប៊ិក ទ្រីយូ បុរស នារី ក១ ។ ប្រកួតអាអេរ៉ូប៊ិក ក្រុម៤នាក់ ក១ ក្របខណ្ឌបុរស នារី ក២ មានដូចគ្នានឹងប្រភេទ ក១ ខាងលើផងដែរ ៕




ចែករំលែកព័តមាននេះ