រាជធានីភ្នំពេញ ៖ អាកាសធាតុនៅតែអាក្រក់សម្រាប់ការជួបគ្នារវាងភ្នំពេញក្រោន និង DorDoi នៅថ្ងៃប្រកួតចុងក្រោយ នៃការប្រកួតបាល់ទាត់ AFC President’s Cup 2012 ដែលធ្វើឡើងកាលពីថ្ងៃពុធ ទី៩ ឧសភា នៅលើទីលានពហុកីឡដ្ឋានជាតិ ធ្វើឱ្យ DorDoi យកឈ្នះភ្នំពេញក្រោន១-០ ។ អាកាសធាតុអំណោយផលល្អសម្រាប់ការជួបគ្នារវាងក្រុម NEPAL POLICE CLUB នៅម៉ោងប្រកួតដំបូង ដែលធ្វើឡើងនៅម៉ោង១និង៣០នាទី ជាមួយក្រុម YEEDZN ។ ការប្រកួតនោះ NEPAL បានយកឈ្នះ គូប្រកួតរបស់ខ្លួន ។
ចំណែកភ្នំពេញក្រោនបានបង្កើននូវការទាក់ទាញយ៉ាងខ្លាំងពីអ្នកស្នេហាកីឡាបាល់ទាត់តាមរយៈនៃការទទួលបានជ័យជម្នះ២លើកជាប់គ្នា ពិសេសនៅថ្ងៃប្រកួតចុងក្រោយនេះតែម្តង គឺមានទស្សនិកជនចូលរួមទស្សនារាប់ពាន់នាក់ ប៉ុន្តែអាកាសធាតុមិនអំណោយផលឱ្យឡើយ ។ ភ្លៀងចាប់ផ្តើមធ្លាក់គ្រាន់តែចាប់ផ្តើមបើកឆាកប្រកួតភ្លាម ហើយបន្តធ្លាក់ខ្លាំងឡើងៗរហូតទាល់តែអាជ្ញាកណ្តាលសម្រេចផ្អាកការប្រកួត នៅពេលប្រកួតបាន១៧នាទីដំបូង ។ ការសម្រាកនេះមិនយូរទេ ប្រហែលជា១៥នាទីប៉ុណ្ណោះ អាចដំណើរការប្រកួតវិញបាននៅពេលភ្លៀងចាប់ផ្តើមរាំងបន្តិចវិញ ប៉ុន្តែទីលានទាំងមូលត្រូវជោកជាំទៅដោយទឹក និងភក់ ។
ការប្រកួតនេះក្រុមទាំងសងខាងបាត់បង់បច្ចេកទេសទាំងស្រុង បើទោះបីជា DorDoi ព្យាយាមលេងសង្កត់មកលើភ្នំពេញក្រោនជាប់រហូតយ៉ាងណាក៏ដោយ តែមិនអាចទម្លុះរបាំងការពារដ៏រឹងមាំរបស់ក្រុមនេះបានឡើយ ។ កីឡាករ OBADIN ODION ANTHONY ពាក់អាវលេខ១២ជាខ្សែការពារយ៉ាងរឹងមាំបំផុតរបស់ភ្នំពេញក្រោន។ ប្រកួតបាន៤៥នាទីដំបូងក្នុងតង់ទី១ ទាំងសងខាងមានពិន្ទុ០-០ស្មើគ្នា។
ចូលតង់ទី២ការប្រកួតក្រុមទាំងពីរនៅតែសម្រុកដាក់គ្នាយ៉ាងសាហាវ ខណៈហោក អារី អ្នកចាំទីពាក់អាវលេខ២២របស់ភ្នំពេញក្រោនបំពេញតួនាទីបានយ៉ាងល្អបំផុត ។DorDoi មានឱកាសបំបែកភ្នំពេញក្រោនបានរហូតដល់នាទី៩០ ដែលជាការទាត់បាល់ប៉េណាល់ទីដោយកីឡាករ BAIMATOV AZAMAT ពាក់អាវលេខ៩ ធ្វើឱ្យ DorDoi ដណ្តើមតំណែងជួរមុខក្នុងពូល B លេងឈ្នះទាំង៣ប្រកួតមាន៩ពិន្ទុ ខណៈពេលដែលភ្នំពេញក្រោន ស្ថិតនៅលេខរៀងទី២ក្នុងពូលលេង៣ប្រកួតឈ្នះ២ ចាញ់១ មាន៦ពិន្ទុ ៕


ចែករំលែកព័តមាននេះ