ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ប្រកួត​កីឡា​​មហាជន​​ជ្រើស​រើស​​ជើង​ឯ​ក​ប្រចាំ​ឆ្នាំ2012

14 ឆ្នាំ មុន

ខេត្ត​តាកែវ​​​ ៖ នៅ​រសៀល​​ថ្ងៃ​ទី​​៨ ឧសភា ​មន្ទីរ​​អប់​រំ ​យុវជន​​ និង​កីឡា​​ ខេត្ត​តា​កែវ ​បាន​រៀប​ចំ​បើក​ការ​ប្រកួត​កីឡា​មហាជន​ប្រចាំ​​ឆ្នាំ​២០១២ នៅ​ទី​លានសាលា​​គរុ​កោសល្យ​​ខេត្ត ក្រោម​អធិបតី​ភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​ឡាយ វណ្ណៈ​ ​អភិបាល​រង​ខេត្ត​​ តំណា​ងលោក​ស្រី​បេន អភិ​បាល​​ខេត្ត​​ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រធាន អនុប្រធាន​​មន្ទីរ​​ជុំ​វិញ​​ខេត្ត​​ គណៈ​ប្រតិ​ភូ​ដឹក​នាំ​​កីឡា​ករ កីឡាការិនី ព្រម​ទាំង​​​​​​​​​​​​​ទស្សនិក​ជន​​ចូល​រួម​​ទស្សនា​​យ៉ាង​​ច្រើន​កុះ​ករ នា​ថ្ងៃ​ទី​៨ដល់ថ្ងៃ​ទី​​១១ ឧសភា។

លោក​​នុត ខុន ប្រធាន​មន្ទីរ​​​អប់​រំ​ំ យុវជន​ និង​កីឡា​ខេត្ត ​​ឱ្យ​ដឹងថា ​ឆ្នាំ​២០១២ នេះ​ មន្ទីរ​​បាន​បញ្ជូន​​ក្រុម​កីឡា​ករ​​ កីឡាការិនី​ សិស្ស​មធ្យម​សិក្សា​​ទៅ​ប្រកួត​​ថ្នាក់​ជាតិ​លើ​ប្រភេទ​វិញ្ញា​សា​បាល់​ទាត់​បុរស​ នារី បាល់​ទះ​បុរស នារី បាល់​បោះ​បុរស​ នារី​ និង​អត្ត​ពលកម្ម ហើយ​ជា​លទ្ធផល​​យើង​ទទួល​បាន​មេ​ដាយ​​ជូន​ខេត្ត​​យើង​វិញ ​២៤​មេដាយ ។ សម្រាប់​​លើក​នេះ​គឺ​ជា​ឱកាស​​ដែល​កីឡា​​ករ​ កីឡា​ការិនី ទាំង​អស់​ត្រូវ​​បញ្ចេញ​សមត្ថភាព​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ​១ ជូន​ក្រុម​របស់​ខ្លួន​ដើម្បី​បាន​ទៅ​ចូល​រួម​ប្រកួត​​ថ្នាក់​ជាតិ​​នា​ពេល​ខាង​មុខ ។

លោក​ប្រធាន​​មន្ទីរ​បន្ត​ទៀត​ថា ​ថ្ងៃ​នេះ​យើង​បាន​រៀប​ចំ​បើក​ការ​ប្រកួត​​ជ្រើស​រើស​ជើង​ឯក​មហាជន​ប្រចាំ​ឆ្នាំដោយ​​មាន​ការ​ចូល​រួម​ប្រកួត​ពី​ក្លឹប​ការិយាល័យ​គ្រប់​ស្រុក ក្រុង​ ក្លឹប​​មន្ទីរ​ជុំ​វិញ​​ខេត្ត ក្លឹប​សាលា​ឯក​ជន និង​ក្លឹប​​អង្គការ សរុប​កីឡា​​ករ កីឡាការិនី ចំនួន​៥១១​នាក់ ស្រី​១៣៤​នាក់ និង​១៨​ក្លឹប ។

លោក ឡាយ វណ្ណៈ ​​អភិបាល​រង​ខេត្ត​បាន​លើក​ឡើង​ថា ​កីឡា​នាំ​មក​នូវ​សុខភាព​ល្អ​កម្លាំង​មាំ​មួន ប្រាជ្ញា​ឈ្លាស​វៃ និង​សូម​ឱ្យ​ប្អូនៗ​ទាំង​អស់​ចៀស​ឱ្យ​ឆ្ងាយ​ពី​ល្បែង​អបាយ​មុខ​គ្រប់​ប្រភេទ​​ ហើយ​ត្រូវ​ចេញ​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន។លោក​ឡាយ​ វណ្ណៈ ​បន្ត​ទៀត​ថា រយៈ​​ពេល​​នៃ​ការ​ប្រកួត​​៤​ថ្ងៃ​នេះ សូម​​ប្អូន​ៗ​​​ខិ​ត​​ខំ​​ធ្វើ​យ៉ាង​ណា​​​ប្រកួត​​ឱ្យ​បាន​ជោគ​ជ័យ​​​ជូន​ក្រុម​របស់​ខ្លួន​​ តែ​​ធ្វើ​យ៉ាង​ណា​ត្រូវ​គោរព​​ទៅ​តាម​បទ​បញ្ជា​​របស់​គណៈ​កម្មការៀប​ចំ​ការ​ប្រកួត ព្រោះ​​ការ​ប្រកួត​​ជា​បទ​ពិសោធន៍​​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ។​

ចំពោះ​​ក្រុម​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​១ នឹង​បាន​​ទៅ​ចូល​រួម​ប្រកួត​នៅ​ភូមិ​ភាគ​កំពត លើ​គ្រប់​វិញ្ញាសា​​ មាន​បាល់​ទាត់ បាល់​ទះ បាល់​បោះ និង​​​​អត្ត​ពលកម្ម ៕ ​​​​​​