រាជធានីភ្នំពេញ ៖ ឡុង សុវណ្ណពៅ មកពីក្លឹបសាលវ័ន្តកីឡា ណាត់ជួប លួន សុខខេង មកពីក្លឹបសិង្ហកីឡា នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN នាថ្ងៃទី១១ ឧសភា ខាងមុខ ។
សុវណ្ណពៅ និង សុខខេង មានប្រវត្តិឡើងសង្វៀនប្រកួតមិនលើសមិនខ្វះគ្នាឡើយ ប៉ុន្តែល្បិចប្រយុទ្ធនៅលើសង្វៀនខុសគ្នាបន្តិច។ សុវណ្ណពៅ ល្អស្នៀតកែងនិងជង្គង់ ហើយកម្លាំងចាប់ក្រៀករបស់គេក៏ខ្លាំងណាស់ដែរ ឯសុខខេង ល្អស្នៀតជើងនិងកណ្តាប់ដៃ ចលនាវាយលុករបស់គេមិនសូវជារហ័សមែន តែមានទម្ងន់ធ្ងន់គួរសម ។ សម្រាប់គូនេះ ទាំងសងខាងអត់មានអ្នកណាក្អេងក្អាងទុកមុនពីរឿងចាញ់ឈ្នះបានឡើយ ។
ខុន ស៊ីចាន់ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ជួប ពៅ ស៊ីយ៉េត មកពីក្លឹប ក្រុងប៉ោយប៉ែត ។ ស៊ីចាន់ មិនសូវជាមានល្បិចប្រយុទ្ធនៅលើសង្វៀនអស្ចារ្យប៉ុន្មានឡើយ ស្នៀតដែលពូកែបំផុតនោះ គឺស្នៀតជើង ឯស្នៀតដៃល្អគួរសម តែបើកម្លាំងវិញខ្លាំងគ្រាន់បើអាចប្រកួតបាន៥ទឹកពេញមិនលំបាកឡើយ ។
ចំណែក ពៅ ស៊ីយ៉េត វិញ មួយរយៈមកនេះមិនសូវឃើញលេចមុខនៅលើសង្វៀន CTN ឡើយ ប៉ុន្តែគេក៏ជាជើងខ្លាំងល្បីឈ្មោះមា្នក់ ដែរ ។ ស្នៀតប្រយុទ្ធនៅលើសង្វៀនរបស់គេសម្បូរបែបគួរសម ថ្វីបើ ស្នៀតកែងនិងជង្គង់របស់គេខ្សោយបន្តិចមែន តែសម្រាប់ស្នៀតជើង និងស្នៀតកណ្តាប់ដៃវិញ ប្រហែសមិនបាន ឡើយ ។ ស៊ីចាន់ និងស៊ីយ៉េត ដែលមិនធ្លាប់ប៉ះគ្នាពីមុនមកនោះ ការជួបគ្នាលើកនេះពិបាកវាយតម្លៃទុកមុនខ្លាំងណាស់ ។
រីឯការជួបគ្នារវាង នេន វណ្ណា មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ និងសុខ ចិន្តា មកពីក្លឹបឃ្លាំងមឿងកីឡា កាន់តែមិនអាចវាយតម្លៃទុកមុនបានទៀត ។ ទាំងវណ្ណា និង ចិន្តា សុទ្ធតែជាជើងថ្មីដូចគ្នា ស្នៀតប្រយុទ្ធប្រហាក់ប្រហែលគ្នាទៀត ប៉ុន្តែ ចិន្តា ចិត្តសឿងជាងចលនាវាយលុករហ័សរហួន ទាស់តែអន់កម្លាំងបន្តិច ។
រីឯ វណ្ណា ចិត្តមិនសូវសឿងទេ តែល្បិចប្រយុទ្ធនៅលើសង្វៀនល្អជាង ចិន្តា ទោះជាយ៉ាងណា គូនេះទាល់តែសាកគ្នាមើលសិន ទើបអាចដឹងបាន ។ ហែម ថង មកពីក្លឹបក្រសួងការពារជាតិ ជួប ហែល វ៉ា មកពីក្លឹបឃ្លាំងមឿងកីឡា ៕


ចែករំលែកព័តមាននេះ