ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប្រកួត​បាល់​ទាត់​ក្របខណ្ឌ AFC President’s Cup 2012 ភ្នំពេញ​ក្រោន និង Dordoi រក​បាន​ពិន្ទុ​គេចផុត​ជម្រុះ​ក្នុងពូល

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​ភ្នំពេញ​ក្រោន​ និង​ ក្រុម Dordoi ​បន្ទាប់​ពី​បាន​លេងឈ្នះ​១​ប្រកួត​ម្នាក់​ទៀត​នៅលើ​ទីលាន​ពហុកីឡដ្ឋាន​​ជាតិ កាល​ពី​​រសៀល​ថ្ងៃចន្ទ ទី៧ ឧសភា ​​ដែល​​ជា​ការ​ប្រកួត​ក្នុង​ក្រប​​ខណ្ឌ AFC President’s Cup 2012  ​ពូលB គឺ​គេ​អាច​រក​បាន​៦ពិន្ទុម្នាក់​ស្មើគ្នា និង​អាច​គេច​ផុត​ពីវគ្គ​ប្រកួត​ជម្រុះ​ក្នុង​ពូល​បាន​ដូចគ្នា ។​

គេ​នៅ​ចាំ​បាន​ថា នៅថ្ងៃ​បើក​ឆាក​ប្រកួត​ដំបូង ​កាលពីថ្ងៃទី៥ ឧសភា ក្រុម ​Dordoi បាន​យក​ឈ្នះ​ក្រុម​​​​ Nepal Police Club 5-1 រីឯ ក្រុមភ្នំពេញ​ក្រោនបាន​យក​ឈ្នះ​ក្រុម​ Yeedzin ក្នុង​លទ្ធ​ផល​ 8-0 ។​​ ចំណែក​​ឯការជួបគ្នាជើង​ទី​២ នៅ​ថ្ងៃ​ចន្ទ ​កន្លង​មក​នេះ ក្រុម Dordoi បាន​លត់ក្រុម Yeedzin  ឱ្យ​ចាញ់​រហូត​ដល់​ទៅ 11-2 ឯណោះ ប៉ុន្តែ​ក្រុមភ្នំពេញ​ក្រោន បាន​យក​​​​ឈ្នះ​ក្រុម Nepal Police Club 1-0 ទាំងលំបាក​បំផុត ។​​

ក្នុង​ស្ថាន​ភាព​មិន​សូវ​អំណោយ​ផល​ដោយ​​សារមាន​​ភ្លៀងធ្លាក់​លិច​ទីលាន​ទាំងមូល​ស្ទើរ​តែមិនអាច​​ដំណើរ​ការ​ប្រកួត​​ទៅបាន​នោះ ក្រោយពី​ពន្យារ​ពេល​ប្រកួត​អស់​​៣០​​នាទី គឺ​​រហូត​ដល់​ម៉ោង​៥​ល្ងាច​ ទើប​អាច​ដំណើរ​ការ​ប្រកួត​បាន​ ។ ប៉ុន្តែ ទោះបីជា​​យ៉ាង​​នេះ​ក្តី ក៏​ក្រុម​ភ្នំពេញ​ក្រោន ​ខិត​ខំ​​សហការ​​គ្នា​លេង​​បាន​យ៉ាងល្អ​​បំផុត​ ជា​ពិសេស​កីឡាករ​ ឃឹម បូរី​ ​ពាក់​អាវ​លេខ​៧ ​ដែល​ធ្លាប់​រក​បាន​​៣គ្រាប់ម្នាក់​ឯង​កាល​ពី​ជើង​ទី១​ពេល​ប្រកួតជាមួយក្រុម Yeedzin ​នោះ ពេល​នេះគេ​អាច​ប្រើ​ប្រាស់​​សមត្ថ​ភាព​​ ថ្វី​ជើង​របស់​​គេរក​បាន​​​១គ្រាប់​ទៀតយ៉ាង​អស្ចារ្យ​បំផុត គឺ​គេ​រក​បាន​នៅ​ក្នុង​​តង់ទី១ នាទី​ទី២១ ។ ​ជាមួយ​នេះ​​ឃឹម​បូរី និង​គួច សុកុម្ភៈ ​មាន​ឱកាស​ទាត់បាល់​បញ្ចូល​​ទី​ជា​ច្រើន​លើក​ ច្រើន​​​សា​ទៀត​ ប៉ុន្តែ​សំណាង​មិន​ល្អ ​​ធ្វើ​មិន​បាន​សម្រេច​ឡើយ ។

ក្រុម Nepal Police Club បាន​ព្យា​យាម​លេង​វាយ​បក​វិញដែរ តែ​មិន​អាច​ទម្លុះ​របាំង​ការពារ​របស់ក្រុមភ្នំពេញក្រោន​បាន​ឡើយ ។ ជាពិសេស​​នៅចុង​ម៉ោង​ក្នុង​តង់ទី២​តែម្តង ដែល​ក្រុម ​Nepal Police Club ​ធ្វើ​ឱ្យ​ក្រុមភ្នំពេញ​ក្រោន​ចង់​វេទនាម្តងៗ​ តែ​ក៏​ជា​សំណាង​របស់​ក្រុមភ្នំពេញក្រោនដែរ ​ដែល​អាច​រំដោះ​ស្ថាន​ការណ៍​អាក្រក់បាន​ និង​ធ្វើ​ឱ្យ​បញ្ចប់​ការ​ប្រកួត​ទទួល​ជ័យ​ជម្នះលើក្រុម Nepal Police Club 1-0 ។ នៅ​ថ្ងៃទី​​៩ ឧសភា ​នេះ ក្រុម​ Nepal Police Club ​ជួបក្រុម Yeedzin  ចំណែក​ឯក្រុម​ភ្នំពេញ​ក្រោន ​ជួបក្រុម ​Dordoi នៅវេលាម៉ោង​៤និង​៣០នាទី​រសៀល ៕