ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុន គីរី ណាត់​ជួប ​រ៉ាក់​ វិឆ័យ ជម្រះ​មន្ទិល​​នៅ​ CTN

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ហ៊ុន គីរី មក​ពីក្លឹប​​តា​ព្រហ្ម​មានជ័យ ណាត់ជួប រ៉ាក់​ វិឆ័យ មកពីក្លឹប​​កង​ពល​តូច​លេខ​៧០ ​ប្រកួត​សាក​កម្លាំង​​គ្នា​ ​​នៅលើ​សង្វៀនស្ថានីយទូរទស្សន៍​​ CTN ​ថ្ងៃ​សុក្រ ទី​៤​ ឧសភា ​ខាង​មុខ​នេះ​ម្តង​ទៀត ។​

រវាងគូ​នេះជួប​គ្នា​​៣​លើក​រួច​មក​ហើយ​ ​ក្នុង​នោះ​មាន​ចាញ់ឈ្នះ​​ម្តង​ម្នាក់​​ និង​ស្មើ​១​ប្រកួត ។ គីរី ​បើនិយាយ​​ទៅ អត់​មានស្នៀតអ្វី​​ដែល​​ពិសេស​​ឡើយ ​​ភាគច្រើន​​​វាយ​អាង​កម្លាំង​​សុទ្ធ​​សាធតែ​ម្តង ​ប៉ុន្តែគេមាន​ចិត្ត​​សឿង​ខ្លាំង​ណាស់ ​ត្រូវកាន់​តែ​ខ្លាំង​កាន់​តែ​ដើរ​ចូល ។​ គីរី​​ ល្អ​តែ​ស្នៀត​​​កណ្តាប់​ដៃ​​​មួយ​មុខគត់ ​រីឯ​​ស្នៀត​​ជើង​​វិញ ​​ទាត់​​​​របៀប​ផ្សង​ព្រេង​​ច្រើន​ជាង ។ រី​ឯ វិឆ័យ ​​វិញ​​​ ល្អ​ទាំង​ស្នៀត​កែង និង​ជង្គង់​​ឡើងទៅ​ ម៉្យាង​វិញ​ទៀត​​ របៀប​​វាយ​លុក​របស់​ វិឆ័យ មាន​ការ​ប្រយ័ត្ន​​ប្រយែងធ្វើឱ្យ​រាល់​ការ​វាយ​​​​ចេញ​ទាំង​ស្នៀត​​ជើង​និង​​កណ្តាប់​ដៃ​​មិន​សូវ​​ជា​ឥត​ប្រយោជន៍​​ឡើយ ។ លើក​នេះ ​គេ​មិន​ទាន់​ដឹង​ថា  ​ខាង​ណាមានប្រៀបជាងខាងណាទេ ​ប៉ុន្តែ​​​អ្នក​មើល​​ភាគច្រើន​​ គេ​មាន​ជំនឿចិត្ត​​លើ​ វិឆ័យ ​​ច្រើន​ជាង​​ ។​

សេក គឹម​ផាន ​មក​ពីក្លឹប​សឹករង​​ខេត្ត​​សៀម​រាប​ ​ណាត់​ជួប​​​ ផល សុភាព ​មកពីក្លឹប​​ឃ្លាំង​មឿង​​​កីឡាខេត្ត​ពោធិ៍សាត់ ​។ រវាងគូនេះក៏​ជា​​គូសងសឹកគ្នា​ពីមុនមក​ដែរ ប្រវត្តិ​ធ្លាប់​ជួប​គ្នា​​២-៣​លើក​​មក​នេះ គឺ​​​មានចាញ់​មាន​ឈ្នះ​​ទៅវិញ​ទៅមកដូចគ្នា ។​​​ ដូច្នេះ​ហើយ​បាន​ជា​លើក​នេះ​គេ ទាំង​ពីរនាក់​បានណាត់​ជួប​​គ្នាម្តង​ទៀត​​​​ដើម្បី​​ឱ្យ​អស់​ចិត្ត​ ថា​នរណា​ជា​អធិរាជ​នៅលើ​សង្វៀន​ពិត​ប្រាកដ​ ។​
​សេក គឹមផាន ​បើ​ធ្វើការ​ប្រៀប​ធៀប​​​ផ្នែក​កម្លាំង​​វិញ​នោះគឺ​​ល្អជាង​ សុភាព ប៉ុន្តែ​ល្បិច​​ប្រយុទ្ធ​​វិញ ​គឺ​មិន​លើស​គ្នា​​ឡើយ ។​ ​គឹម​ផាន ​ល្អ​ស្នៀត​​ជើង​និង​​ជង្គង់ ​​ប៉ុន្តែ​​​ចលនា​នៃ​ការ​ទាត់​​ចេញ​ ​រាង​យឺត​យ៉ាវបន្តិច​ ឯ​ស្នៀត​កណ្តាប់​ដៃវិញ​​ អាច​វាយ​ចេញ​បាន​ត្រង់​​ល្អ និង​ខ្លាំង​ទៀត​ផង​ ។​ ចំណែក សុភាព​ ​​​ពូ​កែ​អត់​ធ្មត់ តែ​មិន​ចូលចិត្ត​​​ឱ្យគេ​​មើល​ស្រាលឡើយ ​ទម្លាប់​របស់គេ​ចង់​​អ្នក​ណា​ខ្លាំង​យ៉ាង​ណា​ក៏​គេ​មិន​ខ្លាច​ដែរ​ ។ ប៉ុន្តែ​សម្រាប់​ការ​ប៉ះ​​គ្នា​​លើក​នេះ​ទាំង​សង​ខាង​សុទ្ធ​តែ​មិនអាច​មាន​ការ​​ធ្វេស​ប្រហែស​បាន​ឡើយ ។​​

ថុល មករា ​មកពីក្លឹប​ឃ្លាំង​មឿង​​កីឡាខេត្ត​ពោធិ៍សាត់ ជួប​ ឈិន ធារ៉ា ​មក​ពី​ក្លឹប​អន្លង់វែង​និង​​ នូវ ស៊ី​ថា មកពី​ក្លឹបខេត្ត​រតនគិរី ជួប​ ហេង ​ពិសិដ្ឋ មកពីក្លឹប​ខេត្ត​បាត់​ដំបង ៕