រាជធានីភ្នំពេញ ៖ លទ្ធផលប្រដាល់នៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីថ្ងៃសៅរ៍ ទី២៨ មេសា សេក គឹមគីម មកពីក្លឹបសឹករងខេត្តសៀមរាប បានយកឈ្នះ រ៉ាក់ វិឆ័យ មកពីក្លឹបកងពលតូចលេខ៧០ដោយពិន្ទុ ។ ចំណែកពុទ្ធ ហ៊ុច មកពីក្លឹបពុទ្ធសេរីវង្សព្រែកតាទែន បានប្រើស្នៀតជើងទាត់ វ៉ាន់ ចាន់វេត មកពីក្លឹបសិង្ហកីឡាឱ្យសន្លប់នៅត្រឹមទឹកទី៣ ។
សេក គឹមគីម ដែលមានប្រៀបខាងកម្ពស់ជាងវិឆ័យ ស្រាប់តែពេលនេះបានត្រឹមតែយកឈ្នះវិឆ័យ ទាំងវេទនាប៉ុណ្ណោះ ។ នៅទឹកទី១និងទឹកទី២ វិឆ័យ បានសម្រុកចូលកៀក បញ្ជូនស្នៀតកណ្តាប់ដៃវាយសំដៅពោះទឹក និងផ្ទៃមុខគឹមគីម យ៉ាងសាហាវបំផុត ប៉ុន្តែទៅអត់រួចជាមួយស្នៀតជើង និងស្នៀតជង្គង់របស់គឹមគីម ឡើយ ។ គឹមគីម បានទាត់ចូលកណ្តៀតក្អមវិឆ័យ ពេញៗ បូករួមទាំងស្នៀតជង្គង់ទៀតផង រហូតដល់ទឹកទី៣និងទឹកទី៤បានបង្ខំឱ្យវិឆ័យ ដកថយជាញឹកញាប់បំផុត ។ ប៉ុន្តែវិឆ័យ នៅតែតស៊ូដើរចូលវាយបកសងវិញ ដោយមិនមានកោតញញើតឡើយ លុះដល់ទឹកទី៥ គឹមគីម មានប្រៀបជាងបន្តិចវិញ ប៉ុន្តែជ័យជម្នះនេះមិនសូវជាល្អសម្រាប់គេឡើយ ។
ការបរាជ័យរបស់វ៉ាន់ ចាន់វេត ក្នុងការប្រកួតជាមួយ ពុទ្ធ ហ៊ុច លើកនេះ ធ្វើឱ្យទស្សនិកជនមិនសូវសប្បាយចិត្តប៉ុន្មានឡើយ ។ ម្យ៉ាងវិញទៀត លោកមាស សុខគ្រី ប្រធានចៅក្រម និងអាជ្ញាកណ្តាលក៏មិនសូវជាពេញចិត្តប៉ុន្មានដែរ ហើយលោកថែមទាំងរិះគន់វា៉ន់ ចាន់វេត ផងដែរថា ធ្វើសន្លប់ឥតទំនង ព្រោះថាបើពិនិត្យទៅលើទម្ងន់ជើងរបស់ពុទ្ធ ហ៊ុច ទាត់មិនសូវជាធ្ងន់ប៉ុន្មានទេ ។
នួន វិចិត្រ មកពីក្លឹបក្រសួងមហាផ្ទៃ យកឈ្នះ ឯម ចាន់រស្មី មកពីក្លឹបគ្រុឌមានជ័យ ដោយពិន្ទុ ។ វៀត ប៊ុនឌឿន មកពីក្លឹបក្រសួងការពារជាតិ យកឈ្នះ ធិន សុវណ្ណ មកពីក្លឹបកងពលតូចលេខ៧០ដោយពិន្ទុ ៕
ចែករំលែកព័តមាននេះ