រាជធានីភ្នំពេញ ៖ វ៉ាន់ ចាន់វ៉េត មកពីក្លឹបសិង្ហកីឡា ជួប ពុទ្ធ ហ៊ុច មកពីក្លឹបពុទ្ធសេរីវង្សព្រែកតាទែន នៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ ថ្ងៃសៅរ៍ ទី២៨ មេសា ខាងមុខនេះ ខណៈ នួន វិចិត្រ មកពីក្លឹបក្រសួងមហាផ្ទៃ ជួប ឯម ចាន់រស្មី មកពីក្លឹបគ្រុឌមានជ័យ ។
ពុទ្ធ ហ៊ុច និងវ៉ាន់ ចាន់វ៉េត មិនធ្លាប់បានជួបគ្នាពីមុនមកឡើយ ដូច្នេះទាំងសងខាងសុទ្ធតែមានការប្រុងប្រយ័ត្នទៅវិញទៅមកដូចគ្នា ។ ចាន់វ៉េត អ្នកណាមិនល្បីថា គេមានស្នៀតកែង និងជង្គង់់ល្អនោះ រីឯចិត្តរបស់គេវិញក៏ពូកែអត់ធ្មត់ណាស់ដែរ ។ ចាន់វ៉េត មិនចេះខ្លាចញញើតអ្នកណាផ្តាស់ឡើយ ហើយទម្លាប់របស់គេក៏មិនចេះបោះបង់ចោលការប្រកួតដោយងាយនោះដែរ ។ ប៉ុន្តែសម្រាប់ការមកជួប ពុទ្ធ ហ៊ុច លើកនេះក៏មិនអាចធ្វេសប្រហែសបានដែរ ព្រោះថា ពុទ្ធ ហ៊ុច ល្បិចប្រយុទ្ធនៅលើសង្វៀនរបស់គេទាំងស្នៀតដៃ និងស្នៀតជើងបូករួមទាំងកម្លាំង គឺខ្លាំងទាំងព្រមតែម្តង ដែលធ្វើឱ្យចាន់វ៉េត មិនអាចមើលស្រាលបាន ។
វិចិត្រ និងឯម ចាន់រស្មី ក៏មិនធ្លាប់ជួបគ្នាពីមុនមកដែរ ម្យ៉ាងវិចិត្រ ជាជើងថ្មី រីឯ ឯម ចាន់រស្មី ធ្លាប់ឡើងសង្វៀនយូរយារណាស់មកហើយ គ្រាន់តែមួយរយៈមកនេះមិនសូវឃើញគេនៅលើសង្វៀនប៉ុណ្ណោះ ។ ប៉ុន្តែបើធ្វើការប្រៀបធៀបទៅលើល្បិចប្រយុទ្ធនៅលើសង្វៀនវិញ មិនសូវល្អដូចវិចិត្រឡើយ ។ វិចិត្រ ពូកែតាំងពីស្នៀតកែង និងជង្គង់ឡើងទៅ ចំណែករស្មី វិញនោះ អត់មានស្នៀតអីដែលពិសេសឡើយ រីឯចិត្តរបស់គេវិញក៏តូចណាស់ដែរ បើតាមការស្មានទុកមុនបែបមិនអាចទៅរួចជាមួយវិចិត្រឡើយ ។
វៀត ប៊ុនឌឿន មកពីក្លឹបក្រសួងការពារជាតិជួប ធិន សុវណ្ណ មកពីក្លឹបកងពលតូចលេខ៧០ និងសេក គឹមគីម មកពីក្លឹបសឹករងខេត្តសៀមរាបជួប រ៉ាក់ វិឆ័យ មកពីក្លឹបកងពលតូចលេខ៧០ ៕


ចែករំលែកព័តមាននេះ