រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាទ្រីយ៉ាត្លុង ដែលមានឈ្មោះថា ស៊ី ស៊ី ស៊ី អាកាត្លុង នឹងបើកការប្រកួតជាផ្លូវការនៅថ្ងៃទី៦ ឧសភា ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ ។
ព្រឹត្តិការណ៍នៃការប្រកួតមាន២ប្រភេទ ដែលមានវិញ្ញាសាហែលទឹក និងរត់ប្រណាំងទៀតផងនោះ ត្រូវបានរៀបចំធ្វើឡើងម្តងរួចមកហើយកាលពីប៉ុន្មានខែមុននេះ ។ ដោយឡែកការប្រកួតលើកនេះ គឺសហព័ន្ធកីឡាទ្រីយា៉ត្លុងកម្ពុជាសហការជាមួយ Cambodian Country Club នេះបើតាមការឱ្យដឹងពីលោកងិន ស៊ុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ។ ព្រឹត្តិការណ៍នៃការប្រកួតនេះ គឺរៀបចំធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកសមត្ថភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី កម្ពុជាបន្ថែមទៀត ធ្វើយ៉ាងណាឱ្យពួកគេមានលក្ខណៈ ស្តង់ដាជាអន្តរជាតិ ។ លើកនេះវិញ្ញាសាដែលត្រូវដាក់ឱ្យប្រកួតមាន៤ គឺ ៖
ទី១-ហែលទឹក បុរស-នារី អាយុក្រោម១៨ឆ្នាំ ចម្ងាយ១០០ម៉ែត្រ និង៣០០ម៉ែត្រ ។
ទី២-ហែលទឹកបុរស-នារី អាយុ១៨-២៥ឆ្នាំ ចម្ងាយ៤០០ម៉ែត្រ ។
ទី៣-ហែលទឹកបុរស-នារី អាយុ២៥ឆ្នាំឡើងចម្ងាយ២០០ម៉ែត្រ ។
ទី៤-រត់ចម្ងាយ៥០០ម៉ែត្រ បុរស-នារី ។
នៅក្នុងព្រឹត្តិការណ៍នេះដែរ គឺបានការជួយឧបត្ថម្ភពីក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកមួយចំនួនដូចជា ក្រុមហ៊ុនកូកាកូឡា ធនាគារពាណិជ្ជកម្មក្រៅប្រទេស និង Cambodia Country Club ។ រីឯក្លឹបដែលចូលរួមវិញមាន ក្លឹបឫទ្ធិសែន ក្លឹប CCC ក្លឹប PSE ក្លឹបអង្គការមិត្តសម្លាញ់ ក្លឹបសាកលវិទ្យាល័យធនធានមនុស្ស ក្លឹបអូឡាទេសចរណ៍កំពង់ចាម និងក្លឹបតាខ្មៅ ។ រីឯការប្រកួតនេះតម្រូវឱ្យបង់ប្រាក់សម្រាប់ជនជាតិកម្ពុជា១០.០០០រៀល និងជនបរទេស២០.០០០ រៀល ៕
ចែករំលែកព័តមាននេះ