រាជធានីភ្នំពេញ ៖ ចន្ថា សារឹម មកពីក្លឹបយុវកីឡាខេត្តកណ្តាល ណាត់សាកកម្លាំងជាមួយសុខ សុវណ្ណ មកពីក្លឹបកងពលតូចលេខ៣១ នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN នាថ្ងៃសុក្រទី២៧ មេសា ខាងមុខនេះ ។
រវាងអ្នកប្រដាល់ចាស់វស្សា២រូបនេះមិនងាយនរណាផ្តួលបានឡើយ ។ សារឹម មានល្បិចប្រយុទ្ធល្អតែអន់កម្លាំង និងចិត្តតូចបន្តិច គេចូលចិត្តប្រើស្នៀតជើងច្រើនជាងស្នៀតដៃ ចលនាវាយលុករបស់គេមិនសូវជារហ័សរហួនប៉ុន្មានឡើយ ។ ចំណែកឯសុវណ្ណវិញល្អស្នៀតកែងឯស្នៀតជើងក៏មិនចាញ់សារឹមប៉ុន្មានឡើយ កម្លាំងខ្លាំងទោះបីចលនាវាយលុករាងយឺតយ៉ាវបន្តិចមែន តែចិត្តរបស់គេហ៊ានគួរសម ។ ប៉ុន្តែសុវណ្ណក៏មិនអាចមើលស្រាលលើសារឹមបានដែរ ព្រោះបើហ៊ានតែប្រហែសបន្តិចនឹងអាចភ្លាត់ស្នៀតដោយសារស្នៀតកែងរបស់សារឹមមិនខានឡើយ ។
ខុន ស៊ីចន មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ជួបប្រកួតជាមួយផល សុភាព មកពីក្លឹបឃ្លាំងមឿងកីឡា ។ គូនេះមិនធ្លាប់ដែលប៉ះគ្នាពីមុនមកឡើយ ម្យ៉ាងសុភាពគ្រាន់តែជាជើងថ្មីម្នាក់ប៉ុណ្ណោះ ល្បិចវាយលុកនៅលើសង្វៀននៅអន់ជាងស៊ីចនឆ្ងាយណាស់ ។ ស៊ីចនល្អស្នៀតជើងនិងស្នៀតដៃ កម្លាំងក៏ខ្លាំងចិត្តក៏សឿងថែមទៀត គូនេះសុភាពទំនងជាមិនអាចទប់ទល់ជាមួយស៊ីចនបានឡើយ។
ពៅ ស៊ីយ៉េត មកពីក្លឹបក្រុងប៉ោយប៉ែត ជួបខុន ស៊ីចាន់ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ។ ស៊ីយ៉េត និងស៊ីចាន់ មានល្បិចប្រយុទ្ធនៅលើសង្វៀនខ្លាំងនិងចិត្តហ៊ានដូចគ្នាទៀត ប៉ុន្តែបើនិយាយពីស្នៀតកែងនិងជង្គង់វិញ ស៊ីយ៉េតអាចល្អជាងបន្តិចហើយ ។ ស៊ីចាន់អាងកម្លាំង និងល្អស្នៀតជើងនិងស្នៀតដៃបន្តិចប៉ុណ្ណោះ ប៉ុន្តែគូនេះពិបាកធ្វើការវាយតម្លៃទុកមុនខ្លាំងណាស់ ចាំមើលអ្នកណាមានសំណាងជាង។
ហុីម សេរី មកពីក្លឹបតាព្រហ្មមានជ័យ ជួបពេជ្រ ម្ទេសខ្មាំង មកពីក្លឹបអរុណរះកីឡា ៕
ចែករំលែកព័តមាននេះ