ខេត្តកំពង់ឆ្នាំង ៖ បុរសជាម្ចាស់រថយន្ត ម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារភ្លាត់ស្នៀតដូយទម្លាក់រថយន្តក្រុងមិនបានប្រុងប្រយ័ត្ន បណ្តាលឱ្យសង្កត់ពីលើ កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២២ មេសា ២០១២ នៅចំណុចក្លោងទ្វារផ្លូវចូលវត្តធម្មយុត្តិ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលរថយន្តនោះបានខូច ហើយបានចូលរកកន្លែងជួសជុល ។
យោងតាមប្រភពពីក្រុមកម្មករដែលកំពុងជួលជុលរថយន្តក្រុងខាងលើបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តក្រុងដឹកអ្នកដំណើរបានខូចម៉ាស៊ីន ហើយចូលរកកន្លែងចតនិងជួលជុល រួចបានដូយឡើងលើ ដើម្បីជួសជុលម៉ាស៊ីន ។ ពេលជួសជុលម្ចាស់រថយន្តឈ្មោះ ហាក់ ណាល់ ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ មានទីលំនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏បានជួួយមើលការខុសត្រូវ និងជួួយជួសជុលជាមួយក្រុមជាងរបស់ខ្លួនផងដែរ ។
នៅពេលជួសជុលរួចរាល់ម្ចាស់រថយន្តដែលចូលទៅអង្គុយក្រោមរថយន្តនោះ បែបស្មានថា ទម្លាក់រថយន្តចុះមិនប៉ះដល់គាត់ ទើបគាត់បន្ធូរដូយនោះចុះ ក៏ត្រូវរថយន្តសង្កត់ជាប់ទាំងអង្គុយដូចចាប់គាត់កាច់បត់ជា២បណ្តាលឱ្យរបួសធ្ងន់ បើមិនបាក់ឆ្អឹងចង្កេះ ក៏អាចបាក់ឆ្អឹងខ្នងដែរ ហើយត្រូវបានដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យខេត្តជាបន្ទាន់ ។ ប៉ុន្តែដោយសារតែ សភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញជាបន្តទៀត ៕
ចែករំលែកព័តមាននេះ