រាជធានីភ្នំពេញ ៖ លទ្ធផលនៃការប្រកួតបាល់ទាត់ក្របខណ្ឌលីក២០១២ដែលឧបត្ថម្ភដោយមិត្តហ្វូន នៅទីលានពហុកីឡដ្ឋានជាតិកាលពីរសៀលថ្ងៃទី២១មេសា ក្រុមក្រសួងការពារជាតិលេងស្មើ១-១ជាមួយក្រុមបឹងកេត ខណៈក្រុមភ្នំពេញក្រោនឈ្នះក្រុមបៀលប្រាយយូណាយធីតក្នុងលទ្ធផលបច្ចេកទេស៣-០ ។
ពេលប្រកួតបាន៤នាទីដំបូង កីឡាករឈិន ឈឿន ពាក់អាវលេខ១៧ របស់ក្រុមក្រសួងការពារជាតិរកបាន១គ្រាប់មុន ប៉ុន្តែត្រូវក្រុមបឹងកេតតាមសងបាន១គ្រាប់វិញនៅនាទីទី១០ ដោយកីឡាករNWAKUNA FRIDAY ពាក់អាវលេខ៥។ នៅក្នុងតង់ទី១ ក្រុមទាំង២បានវាយសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំង ប៉ុន្តែលទ្ធផលជាបណ្តោះអាសន្ន១-១ស្មើប៉ុណ្ណោះ ។ នៅតង់ទី២ ទាំងសងខាងនៅតែបង្កើនការលេងសម្រុកឥតឈប់ ប៉ុន្តែទាំងសងខាងនៅតែអាចការពារពីការស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អបំផុត ។
ចំណែកឯការប្រកួតរវាងក្រុមភ្នំពេញក្រោន និងក្រុមបៀលប្រាយយូណាយធីតវិញ នៅតង់ទី១ ក្រុមភ្នំពេញក្រោនមានឱកាសស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ប៉ុណ្ណោះ ដែលរកបានដោយកីឡាករEMANUEL KWADWO FRIMPONG ពាក់អាវលេខ១៦នៅនាទីទី ៣២ ។ ចំណែកឯ២គ្រាប់ទៀតរកបាននៅតង់ទីទី២ដោយកីឡាករឃឹម បូរី ពាក់អាវលេខ៧ នៅនាទីទី៧៤ និង១គ្រាប់ទៀតរកបានដោយកីឡាករគួច សុកុម្ភៈ ពាក់អាវលេខ១០នៅនាទីទី៧៧ ៕
ចែករំលែកព័តមាននេះ