រាជធានីភ្នំពេញ ៖ ក្រុមកីឡាវាយកូនបាល់កម្ពុជា មានឱកាសឆ្លងផុតដំណាក់កាលដ៏អស្ចារ្យមួយនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតDavis Cup កម្រិត៤ និងត្រៀមឡើងទៅប្រកួតនៅក្នុងក្របខណ្ឌDavis Cup កម្រិត៣ នៅឆ្នាំក្រោយ បន្ទាប់ពីបានលេងឈ្នះ៥ប្រកួតជាប់គ្នា នៅទីក្រុងដូហា ប្រទេសកាតា កាលពីពេលថ្មីៗកន្លងមកនេះ ។
ក្រុមកីឡាករវាយកូនបាល់់៤រូប ដែលដឹកនាំ ទៅចូលរួមប្រកួតដោយលោក ទេព រិទ្ធិវិទ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានវិលត្រឡប់មកដល់មាតុភូមិវិញ កាលពីថ្ងៃទី២២ មេសា ដោយនាំមកជាមួយនូវជ័យជម្នះយ៉ាងធំធេងហួសពីការស្មាន ។
លោកទេព រិទ្ធិវិទ បានមានប្រសាសន៍ឱ្យដឹងថា កម្ពុជាស្ថិតនៅពូល B ជាមួយនឹងប្រទេសសិង្ហបុរី កាតា មីយ៉ាន់ម៉ា និងហ្សកដានី ប៉ុន្តែអ្វីដែលធ្វើឱ្យយើងមានអារម្មណ៍រំភើបបំផុតនោះ គឺការប្រកួតចម្រុះក្នុងពូលលើកទី១ បានយកឈ្នះ សិង្ហបុរី៣សិតទល់នឹង០ ឈ្នះកាតា២សិតទល់នឹង១សិត ឈ្នះមីយ៉ាន់ម៉ា៣សិតទល់នឹង០ និងឈ្នះហ្សកដានី២សិតទល់នឹង១សិត ។ ឯលទ្ធផលនៃការប្រកួតលើកចុងក្រោយ បានឡើងមកប្រកួតខ្វែងជាមួួយប្រទេសទួរមេនីស្ថាន លេខ១ពូល A ដោយទទួលបានជ័យជម្នះ ៣សិតទល់នឹង០ ។
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានទាំងក្តីរំភើបថា លោកពិតជាមិននឹកស្មានដល់ឡើយថា កម្ពុជាជាប្រទេសមួយដែលគេមិនសូវស្គាល់សោះ ប៉ុន្តែទីបំផុតយើងបានធ្វើឱ្យបណ្តាប្រទេសជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសបណ្តាប្រទេសនៅក្នុងទ្វីបអាស៊ី និងអូសេអានីតែម្តង ។ នៅក្នុងព្រឹត្តិការណ៍នៃការប្រកួតក្របខណ្ឌ Davis Cup នេះទៀត កម្ពុជាយើងទើបតែបានទៅចូលរួមប្រកួតជាលើកដំបូងប៉ុណ្ណោះ ។
លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងដែរថា អស់រយៈពេល៦ឆ្នាំមកហើយ ដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានចាប់កំណើតសាជាថ្មីម្តងទៀត តែមិនដែលមានអ្វីដែលគួរឱ្យរំភើបដូចថ្ងៃនេះទេ ។ អ្វីដែលនាំឱ្យយើងទទួលបានជោគជ័យមកដល់ថ្ងៃនេះ គឺដោយសារតែយើងបានរៀបចំឱ្យមានមជ្ឈមណ្ឌលកីឡាត្រឹមត្រូវ មានកីឡា ករល្អៗ និងត្រៀមលក្ខណៈទុកជាមុន ហើយឆ្នាំក្រោយយើងខិតខំរក្សាតំណែងនេះឱ្យបានល្អ បំផុត ៕
ចែករំលែកព័តមាននេះ