ខេត្តកណ្តាល ៖ បុរសម្នាក់ដែលជាប់ចោទពីបទប៉ុនប៉ងរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ហើយបានរត់គេចខ្លួនចេញពីភូមិកាលពីមួយឆ្នាំមុន ពេលត្រឡប់មកវិញត្រូវប៉ូលិសស្រុកកណ្តាលស្ទឹង ចាប់ខ្លួនកាលពីថ្ងៃទី៨ មេសា ហើយបញ្ជូនទៅកាន់តុលាការខេត្តចាត់ការតាមនីតិវិធី ។
មន្ត្រីប៉ូលិសបានឱ្យដឹងថា បុរសដែលត្រូវចាប់ខ្លួនឈ្មោះតឹក ចិត្រា អាយុ២១ឆ្នាំ មានទីលំនៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ជាកសិករ ។ ការចាប់ឃាត់ខ្លួនជនត្រូវចោទរូបនេះធ្វើឡើងតាមដីកាបង្គាប់របស់តុលាការខេត្តកណ្តាលចេញដោយលោកចៅក្រមផួង វណ្ណា ចុះថ្ងៃទី៥ខែតុលា ឆ្នាំ២០១១ចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើស្ត្រីម្នាក់អាយុ២៦ឆ្នាំ កាលពីយប់ថ្ងៃទី៧ ឧសភា ឆ្នាំ២០១១ នៅលើផ្ទះរបស់ស្ត្រីរងគ្រោះស្ថិតនៅក្នុងភូមិជាមួយគ្នា ខណៈពេលប្តីរបស់ស្ត្រីរងគ្រោះមិននៅផ្ទះ ។
មន្ត្រីប៉ូលិសបានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី៧ ឧសភា ឆ្នាំ២០១១ ឈ្មោះតឹក ចិត្រា បានលបចូលទៅក្នុងផ្ទះរបស់ស្ត្រីរងគ្រោះ ខណៈប្តីរបស់នាងមិននៅផ្ទះហើយបានធ្វើសកម្មភាពចាប់ស្ត្រីរងគ្រោះប៉ុនប៉ងរំលោភនៅពេលនាងកំពុងដេកលក់ ។ ទោះបីបែបណា ការប៉ុនប៉ងនេះមិនបានសម្រេចទេ ដោយសារពេលនោះស្ត្រីរង គ្រោះបានរើបម្រះ និងប្រវាយប្រតប់ហើយស្រែកឆោឡោឡើងឱ្យអ្នកជិតខាងជួយធ្វើឱ្យឈ្មោះតឹក ចិត្រា ភ័យស្លន់ស្លោរត់ចោលខោអាវដែលខ្លួនបានដោះចោលនៅលើផ្ទះស្ត្រីរងគ្រោះ ហើយស្ត្រីរងគ្រោះបានប្តឹងឈ្មោះតឹក ចិត្រា ពីបទប៉ុនប៉ងរំលោភ ។
ចំណែកឈ្មោះតឹក ចិត្រា ក្រោយពីបង្កហេតុរួចបានព្យាយាមរត់គេចខ្លួនទៅធ្វើកម្មករនៅរាជធានីភ្នំពេញ ។ រហូតមកដល់ថ្ងៃទី៨ មេសា ជនត្រូវចោទបានមកលេងផ្ទះរបស់ខ្លួនវិញក៏ត្រូវប៉ូលិសដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួនស្រាប់ក៏បានចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី៩ មេសា ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ