រាជធានីភ្នំពេញ ៖ នារីម្នាក់ និងយុវជន២នាក់ រងរបួសធ្ងន់ ខណៈជិះម៉ូតូបុកគ្នាលាន់ដូចរន្ទះទាំងកណ្ដាលអធ្រាត្រ នៅជិតស្ថានីយប្រេងឥន្ធនៈស៊ូគីម៉ិច ម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ តាមបណ្ដោយវិថីព្រះមុនីរ៉េត ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ មីនា។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុម៉ូតូហ្វ៉ីណូ ពណ៌សលាយទឹកសមុទ្រ ជិះគ្នា២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ តាមវិថីព្រះមុនីរ៉េត ពីជើងទៅត្បូង ចំណែកម៉ូតូគុបជ្រុង៥០ ពណ៌ទឹកសមុទ្រ ជិះម្នាក់ឯង ពីត្បូងទៅជើង ក្នុងទិសដៅបញ្ច្រាសគ្នាក្នុងល្បឿនលឿនដូចគ្នា ។ ខណៈមកដល់ចំណុចកើតហេតុបានបុកគ្នាផាំងលាន់ដូចរន្ទះ បណ្តាលឱ្យភាគីទាំងសងខាងដួលបោកក្បាលហូរឈាមដេករដូករណែលពេញផ្លូវ ។
ប្រភពដដែលបន្ដទៀតថា ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់រងរបួសធ្ងន់ដូចគ្នា ត្រូវរថយន្ដសង្គ្រោះ៣គ្រឿងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ និងគ្លីនិកឯកជនផ្សេងគ្នា។ ចំណែកម៉ូតូទាំងពីរគ្រឿងខូចខាតយ៉ាងដំណំត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ