រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេអះអាងថា ជាអតីតប្តីដើមត្រូវបុរសជនជាតិបារាំងជាប្តីក្រោយបានយកកាំបិតចាក់ បណ្តាលឲ្យរបួសធ្ងន់ កាលពីវេលាមោ៉ង១៩និង២០នាទីថ្ងៃទី៦ មីនា ២០១២ នៅផ្ទះលេខ១២៩អឺ៣ ផ្លូវលេខ១៤៤ ភូមិ១៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ខណៈដែលបុរសជាអតីតប្តីដើមបាត់ប្រពន្ធអស់រយៈពេលច្រើនថ្ងៃ ទើបតែមកពើបប្រទះរស់នៅជាមួយបុរសជនជាតិបារាំងក៏ទាមទារលុយពីប្រពន្ធមិនបាន ហើយទំនាស់ពាក្យសម្ដីដាក់គ្នាខ្លាំងក្លា ។
អតីតប្តីដើមដែលត្រូវបុរសបារាំងជាប្តីក្រោយចាក់ឲ្យរបួសមានឈ្មោះហ៊ិន អូន អាយុ៣១ឆ្នាំ ស្រុកកំណើតនៅភូមិដូនស ឃុំគួយ ស្រុកចន្រ្ទា ខេត្តស្វាយរៀង រីឯប្តីចុងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ SAVONA GEAN CLAUDE LOSENH ជនជាតិបារាំង អាយុ៦៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៩អឺ៣ ផ្លូវលេខ១៤៤ ភូមិ១៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
យោងតាមការអះអាងរបស់នាងជាប្រពន្ធដែលមានឈ្មោះសែម អ៊ីត អាយុ៣០ឆ្នាំ បានឲ្យដឹងថា នាងបានរួមរស់ជាមួយបុរសជាប្តីដើមដែលមានឈ្មោះហ៊ិន អូន អស់រយៈពេលជាងមួយឆ្នាំ ដោយគ្មានខាងឪពុកម្តាយដឹងឮនោះទេ ហើយការរស់នៅជាចល័តនិងគ្មានមុខរបរណាមួយពិតប្រាកដនោះទេ។ រយៈពេលជាងមួយឆ្នាំក៏កើតភាពរកាំររកូស ហើយស្ថានភាពគ្រួសារកាន់តែយា៉ប់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ នេះមិនមានកូនផង។ ក្រោយពីគ្មានសេចក្តីសុខហើយមិនអាចរស់នៅជាមួយគ្នាតទៅទៀតបាននោះ ទើបនាងនិងប្តីបានលែងលះគ្នារយៈពេលពីរបីខែមកនេះដោយប្តីគេទាមទារយកម៉ូតូទៅបាត់។
បន្ទាប់ពីនាងធ្លាក់ខ្លួនជាស្រ្តីមេម៉ាយគ្មានមុខរបរ នាងក៏បានធ្វើជាស្រីបារតាមក្លឹបកម្សាន្តក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ហើយបុរសជនជាតិបារាំងឈ្មោះ SAVONA GEAN CLAUDE LOSENH បានស្រឡាញ់នាង និងយកនាងធ្វើជាប្រពន្ធរហូតមក។ លុះដល់ថ្ងៃទី៦ មីនា ២០១២ វេលាម៉ោងជាង៧យប់ ស្រាប់តែឃើញអតីតប្តីដើមឡើងមកលើផ្ទះហើយទាមទាររកលុយចំនួន៧០០ដុល្លារ ពេលនោះនាងប្រាប់ទៅវិញថា «គ្មានលុយឯណាឲ្យទេ ហើយពេលនេះយើងក៏អស់ប្តីប្រពន្ធនឹងគ្នាដែរ»។ បុរសអតីតប្តីនោះមិនព្រមបែរជារករឿងនាងក្លាយជាទំនាស់ពាក្យសម្ដីដាក់គ្នាខ្លាំងក្លា ហើយបុរសជាប្តីក្រោយជនជាតិបារាំងជួយប្រពន្ធរបស់គេក៏ឈានដល់ការយកកាំបិតចាក់គ្នាឲ្យរបួសតែម្តង៕
ចែករំលែកព័តមាននេះ