ខេត្តកំពង់ស្ពឺ ៖ បងប្រុសបង្កើតចិត្តឃោរឃៅព្រៃផ្សៃយករបស់របរប្អូនអស់ពីថ្ងៃដល់យប់ឡើងខឹងប្អូនប្រាប់ម្តាយលបចូលផ្ទះរួចអារ.កប្អូនស្រីខណៈពេលក្រុមគ្រួសារកំពុងលង់លក់ក្នុងដំណេក ។ ហេតុការណ៍ដែលស្មានមិនដល់នេះកើតឡើងកាលពីកណ្តាលអធ្រាត្រ ម៉ោងប្រហែល១២និង៣០នាទី ថ្ងៃទី២៣ កុម្ភៈ នៅក្នុងភូមិពោធិ ឃុំពាំងល្វា ស្រុកឧដុង្គ ។
ស្ត្រីជាម្តាយឈ្មោះសុខ ហន អាយុ៧៤ឆ្នាំបានរៀបរាប់ថា កូនស្រីដែលរងគ្រោះឈ្មោះស៊ុំ វិត អាយុ២៥ឆ្នាំ ហៅក្រៅស្រីល័ក្ខ បម្រើការងារនៅរោងចក្រសម្លៀកបំពាក់សាន់វ៉ូ មានតួនាទីជាប្រធានក្រុម ឯជនដៃដល់ត្រូវជាកូនបងឈ្មោះស៊ុំ ហួត ហៅឡុង អាយុ៤១ឆ្នាំ ជាជាងសំណង់ ។
ស្ត្រីជាម្តាយបន្តថា នៅវេលាល្ងាចមុនពេលកើតហេតុកូនស្រីរងគ្រោះត្រឡប់ពីរោងចក្រជាមួយបងថ្លៃជាប្រពន្ធជនដៃដល់បានប្រាប់គាត់ថា កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ បងប្រុសបានទូរស័ព្ទឱ្យទៅជួយរុំមុខរបួសកជើងខាងឆ្វេងដែលសសររលំលើ កាលពីបួនដប់ថ្ងៃមុន នៅផ្ទះជួលក្បែរនោះដែរ ហើយនាងក៏ទៅដល់បងនោះក៏បបួលឱ្យជិះម៉ូតូឌុបជាមួយទៅដល់ចំណុចដើមអម្ពិលក្បែរផ្លូវក្នុងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ស្រាប់តែចាប់ដោះយកខ្សែ.កប្លាទីន ទម្ងន់៥ជី៥ហ៊ុន ខ្សែដៃ៥ជី និងប្រាក់១០០ដុល្លារ ខណៈពេលនាងបាត់បង់ស្មារតី ។ លុះដល់ម៉ោងជាង៣ថ្ងៃដដែលនាងនឹងខ្លួនក៏ដើរមករករថយន្តឬម៉ូតូដើម្បីធ្វើដំណើរមករោងចក្រវិញ ដោយហៅម៉ូតូឌុបជិះដោយគេយក៦.០០០រៀល ។
ពេលមកដល់រោងចក្រស្របពេលកម្មករចេញពីធ្វើការហើយបានជួបនឹងបងថ្លៃក៏យំរៀបរាប់ប្រាប់តាមសាច់រឿង រួចនាំគ្នាជិះរថយន្តមកផ្ទះដូចសព្វដង។ ស្ត្រីជាម្តាយបន្តថា ពេលឮដូច្នេះគាត់ក៏ឱ្យនាងទូរស័ព្ទទៅរកបងដើម្បីគាត់ក៏និយាយតទល់គ្នាពីរឿងរ៉ាវដែលកូនបងធ្វើអំពើមិនគម្បីមកលើស្រី ហើយឈ្មោះឡុង ជាបងក៏បានសន្យាជាមួយម្តាយថា ព្រឹកនឹងមកផ្ទះកុំឱ្យប្អូនស្រីទៅធ្វើការឱ្យសោះ ហើយគាត់ក៏បិទទូរស័ព្ទទៅ ។ គាត់បន្តទៀតថា យប់នោះជនល្មើសជាបងបានលួចចូលតាមជញ្ជាំងស្លឹកត្នោតពីមុខផ្ទះតៀម ប្អូនចូលទៅអារ.កប្អូនស្រីដែលកំពុងដេកលើគ្រែតែម្នាក់ឯង ។ ស្ត្រីជាម្តាយនិយាយថា ក្នុងផ្ទះមានគ្រែ៤ នៅចន្លោះពីគ្នាប្រហែលជាកន្លះម៉ែត្រប៉ុណ្ណោះ ហើយមានគ្រែបីដែលមានមនុស្សដេក ។ ពេលកំពុងកើតហេតុនោះកូនស្រីរើដែរ តែអ្នកដេកគ្រែក្បែរនោះហាក់ដូចជាងើបមិនរួច ។ តែក៏ឮឈ្មោះឡុង ជាបង ស្រែកថា ឯងងាប់ទៅរំពេចនោះ គាត់ជាម្តាយក៏ក្រោកមកមើលឃើញកូនដេកដោយមានឈាមហូរចេញពីបំពង់កក្រហមច្រាលហើយគាត់ក៏បើកទ្វារផ្ទះតាមជនដៃដលតែរកមិនឃើញ ។
ក្រុមគ្រួសារក៏ប្រញាប់ប្រញាល់ហៅរថយន្តដឹកនារីរងគ្រោះទៅមន្ទីរពេទ្យព្រះកុសុមៈរាជធានីភ្នំពេញ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យដល់ផ្ទះបានឱ្យដឹងថា ស្ត្រីរងគ្រោះត្រូវរបួសនៅចំហៀងកខាងឆ្វេង ហើយសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនល្មើសជាបងមកផ្តន្ទាទោសតាមច្បាប់ ។
គួរបញ្ជាក់ថា យប់នោះប្រពន្ធនិងកូនជនល្មើសក៏ដេកនៅក្បែរជាប់់គ្នាដែរ ៕
ចែករំលែកព័តមាននេះ