រាជធានីភ្នំពេញ ៖ ផុន ផាន់ណា មកពីក្លឹបអប្សរាគុនខ្មែរ ជួបប្រកួតជាមួយវ៉ាន់់ ចាន់វៃ មកពីក្លឹបសិង្ហកីឡា ឯសារឹម ង៉ា មកពីក្លឹបកីឡាប្រដាល់ក្រសួងការពារជាតិចង់សាកកម្លាំងជាមួយធី ណារិន មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ នៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ នាថ្ងៃអាទិត្យទី២៩ មករាខាងមុខនេះ ។ ផាន់ណា និងវ៉ាន់ ចាន់វៃ ធ្លាប់បានប៉ះគ្នាចំនួន២-៣លើករួចមកហើយ ឯលទ្ធផលគឺមានឈ្នះទៅវិញទៅមកដូចគ្នា ផាន់ណា ពូកែស្នៀតកែងនិងជង្គង់ជាង។
ម្យ៉ាងផាន់ណា មានប្រៀបខាងកម្ពស់ទៀតផងនោះ គេអាចវាយជាប្រយោលល្អជាងចូលកៀក ឯស្នៀតជើងរបស់គេវិញទៀតក៏អស្ចារ្យណាស់ដែរ ។ ចាន់វៃ ស្នៀតជើងល្អស្មើគ្នា ចំណែកស្នៀតកែងនិងជង្គង់មិនសូវពូកែប៉ុន្មានឡើយ ។ ចាន់វៃ ចូលចិត្តវាយកៀកជាងពីចម្ងាយ ប៉ុន្តែរវាងគូនេះសុទ្ធតែមានការកោតញញើតគ្នាទៅវិញទៅមក ។ សារឹម ង៉ា មានស្នៀតកណ្តាប់ដៃល្អខ្លាំងណាស់ រីឯចិត្តវិញក៏សឿងណាស់ដែរ ។
សារឹម ង៉ា រាល់ការវាយចេញរបស់គេទាំងស្នៀតដៃនិងស្នៀតជើងគឺមិនសូវឥតប្រយោជន៍ឡើយ ចលនាវាយចេញមានការប្រយ័ត្នប្រយែងច្រើនជាង ។ ធី ណារិន ឆាប់ច្រឡោត ស្នៀតប្រយុទ្ធរបស់គេល្អតែស្នៀតជើងបន្តិចប៉ុណ្ណោះ ។ ស្នៀតកណ្តាប់ដៃវាយចេញបានត្រង់ល្អ ទាស់តែខ្សោយបន្តិច ។ គូនេះគេមានជំនឿចិត្តលើសារឹម ង៉ា ច្រើនជាង ។ នឿន សាវឌី មកពីក្លឹបអេភូថងកីឡា ជួបឡុង សុផាត មកពពីក្លឹបសាលវ័ន្តកីឡា ។ យ៉ាម រ៉េត មកពីក្លឹបរស្មីកុមារកំព្រា ជួបម៉ៅ បូរិទ្ធ មកពីក្លឹបខេមរកីឡា ។ វ៉ែន ឌីយ៉ាម៉ង់ មកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកួតជាលក្ខណៈសាកលជាមួយ ណា បូរី មកពីក្លឹបកំពង់ឆ្នាំង ៕


ចែករំលែកព័តមាននេះ