រាជធានីភ្នំពេញ ៖ គូប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ប្រភេទទម្ងន់៦០គីឡូក្រាម នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN នាថ្ងៃសុក្រ ទី២៧ មករា ខាងមុខ មានតែ១គូប៉ុណ្ណោះ ។ កាន់ សុវណ្ណ មកពីក្លឹបយុវកីឡាខេត្តកណ្តាល ជួប ផុន ផុល មកពីក្លឹមសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន។ សុវណ្ណ ប្រកួតបាន៣ដងរួចមកហើយ ប៉ុន្តែលទ្ធផលជាបណ្តោះអាសន្នឈ្នះ១ ចាញ់២ ទើបតែរកបាន៥ពិន្ទុប៉ុណ្ណោះ រីឯផុន ផុល វិញឈ្នះ២ ចាញ់១ រកបាន៧ពិន្ទុហើយ ។
កាន់ សុវណ្ណ បើចាញ់លើកនេះទៀត គឺមានតែផ្លូវហាលខោមួយមុខគត់ ព្រោះនៅក្នុងពូលA សុវណ្ណ មានពិន្ទុតិចជាងគេ។ ចំណែកផុន ផុល ក៏ត្រូវរង់ចាំអ៊ុតមើលការប្រកួតលើកនេះសិនដែរ បើឈ្នះ គឺមានសង្ឃឹមច្រើន តែបើចាញ់ក៏ពិបាកណាស់ដែរ។ លោកមាស សុខគ្រី គ្រូបង្វឹករបស់ផុន ផុល មិនហ៊ានអះអាងថាយ៉ាងណានោះទេ ព្រោះផុន ផុល ជាជើងថ្មី រីឯសុវណ្ណ ជាជើងចាស់ ល្បិចប្រយុទ្ធនៅលើសង្វៀនមិនដូចគ្នាទេ ។
រីឯគូប្រកួតជាលក្ខណៈមិត្តភាពវិញ អ៊ឹង បូរ៉ា មកពីក្លឹបគជសារកីឡា ជួបសាកកម្លាំងជាមួយ ឯម លីថូ មកពីក្លឹបគ្រុឌមានជ័យ ។ រវាងគូនេះ មានល្បិចប្រយុទ្ធនិងកម្លាំងប្រហាក់ប្រហែលគ្នា បូរ៉ា ពូកែស្នៀតកែង និងជង្គង់ ចំណែកឯស្នៀតជើងកាន់តែអស្ចារ្យថែមទៀត ។ បូរ៉ា វាយជាប្រយោលល្អជាងចូលកៀក ប៉ុន្តែចិត្ត មិនសូវសឿងប៉ុន្មានឡើយ ទម្លាប់របស់គេច្រើនតែទុកឱកាសឱ្យគូប្រកួតវាយមុនសិន ។ ចំណែកលីថូ វិញ ស្នៀតកែង និងជង្គង់របស់គេល្អដូចបូរ៉ា ដែរ ចលនាវាយលុកមានភាពរហ័សរហួន រីឯចិត្តរបស់គេក៏សឿងថែមទៀត ប៉ុន្តែសម្រាប់ការដែលមិនធ្លាប់បានប៉ះគ្នាពីមុនមកនោះ ជួនកាលទាំងសងខាងមានការកោតញញើតគ្នាទៅវិញទៅមកបន្តិចហើយ ។
ជឹម ដារ៉ា មកពីក្លឹបសិង្ហកីឡាជួប ផន ប៊ុនម៉ៅ មកពីក្លឹបបុរីរាជសីហ៍មានប្ញទ្ធិ ។ យិន បូរិន មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ជួប ផល មករា មកពីក្លឹបឃ្លាំងមឿងកីឡា ៕
ចែករំលែកព័តមាននេះ