រាជធានីភ្នំពេញ ៖ កែវ វីរៈ មកពីក្លឹបគជសារកីឡា បានយកឈ្នះសេរី រតនា មកពីក្លឹបឃ្លាំងមឿងកីឡា នៅក្នុងទឹកទី៣ ខណៈ ទេស សំខាន់ មកពីក្លឹបកងពលតូចលេខ៧០ បានផ្តួលទី ពន្លែត មកពីក្លឹបសឹករងខេត្តសៀមរាប នៅត្រឹមទឹកទី២ នៅលើសង្វៀនស្ថានីយទូរទស្សន៍ CTN កាលពីថ្ងៃសៅរ៍ទី២១ មករា ។ កែវ វីរៈ មានការធ្វេសប្រហែសបន្តិចនៅទឹកទី១ និងទី២ ជាពិសេសទឹកទី១តែម្តង គេបានបណ្តោយឱ្យរតនា វាយចំពីលើក្បាល១កែងប៉ុន្តែរតនា ក៏ត្រូវវីរៈ វាយបកសងវិញយ៉ាងចាស់ដៃផងដែរ ចាប់ពីចុងទឹកទី២ ។
ស្នៀតកែង និងជង្គង់វីរៈ បានធ្វើឱ្យរតនាស្ថិតក្នុងស្ថានភាពយ៉ាប់យុឺនបំផុតនៅចុងទឹកទី២ និងទឹកទី៣ ។ ជាពិសេសក្នុងទឹកទី៣តែម្តងវីរៈ បានប្រើស្នៀតជង្គង់បុកចូលពោះទឹករតនា ពេញៗបណ្តាលឱ្យសន្លប់ក្រោកលែងរួច ។ ទេស សំខាន់ បានធ្វើឱ្យទី ពន្លែត សន្លប់នៅត្រឹមទឹកទី២ ។ តាមពិតពន្លែត មិនអន់ដល់ថ្នាក់ត្រូវគេវាយសន្លប់ឡើយ ជាពិសេសការមកប៉ះ សំខាន់ លើកនេះតែម្តង ។ នៅទឹកទី១ពន្លែត មានឱកាសវាយបកសងទៅលើសំខាន់បានខ្លះៗ ប៉ុន្តែនៅទឹកទី២ ពន្លែតមិនបានប្រយ័ត្នត្រូវសំខាន់ បុកចូលសៀតថ្កា១កែងថែម១ជង្គង់ទៀត បណ្តាលឱ្យដួលក្រោកលែងរួច ។
ហ៊ឹម សារ៉ាន់ មកពីក្លឹបក្រសួងការពារជាតិ យកឈ្នះហួន សុខនីម មកពីក្លឹបសិង្ហកីឡា ដោយពិន្ទុ ។ ព្រំ រី មកពីក្លឹបខេត្តកំពង់ធំ យកឈ្នះឈាន រស្មី មកពីក្លឹបខេត្តរតនគិរី ដោយពិន្ទុ ៕
ចែករំលែកព័តមាននេះ