រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់វគ្គជម្រុះ១៦ក្រុមដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៦ ឆ្នាំ២០១២ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី១ កុម្ភៈ ខាងមុខនេះហើយ ។ មន្ត្រីគណៈកម្មការរៀបចំការប្រកួតឱ្យដឹងថា សម្រាប់ក្រុមទាំង១៦ដែលមានឱកាសឆ្លងផុតពីវគ្គប្រកួតជម្រុះតាមមណ្ឌលឡើងមកដល់វគ្គជម្រុះចុងក្រោយនេះ ត្រូវបានចែកចេញជា៤ពូល ក្នុង១ពូលមាន៤ក្រុម។ ពូល A មានឆ្លាមសមុទ្រ ក្រុមណាហ្គាខប ក្រុមបាត់ដំបង និងក្រុមបៃលិន។ ពូល B មានក្រុមក្រសួងការពារជាតិ ក្រុមគិរីវង់សុខសែនជ័យ ក្រុមកំពត និងក្រុមព្រះវិហារ ដែលមានក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាតំណាង។
ពូល C មានក្រុមព្រះខ័នរាជ្យក្រុមបៀលប្រាយយូណាយធីត ក្រុមស្ទឹងត្រែង និងក្រុមកោះកុង។ ពូល D មានក្រុមភ្នំពេញក្រោន ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមកំពង់ចាម និងក្រុមខេត្តក្រចេះ ។ គណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងទៀតថា លើកនេះការប្រកួត ធ្វើឡើងជារៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃទី១ កុម្ភៈ និងបញ្ចប់នៅថ្ងៃទី១២ កុម្ភៈ ហើយក្នុង១ថ្ងៃមានការប្រកួត៤គូ គឺព្រឹក២គូ និងល្ងាច២គូ ។ ប្រកួតថ្ងៃដំបូងពេលព្រឹកក្រុមឆ្លាមសមុទ្រ ជួបក្រុមខេត្តបាត់ដំបង ឯក្រុមប៉ៃលិន ជួបជាមួយក្រុមណាហ្គាខប។
ក្រុមប៉ៃលិនអាចជួបសំណាងមិនល្អ ខណៈប៉ះក្រុមខ្លាំងណាហ្គាខបជើងទី១ ។ នៅពេលល្ងាចមាន២ប្រកួតទៀត ។ ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបក៏អាចនឹងជួបសំណាងមិនល្អដែរសម្រាប់ការប្រកួតជើងទី១នេះ ព្រោះត្រូវប៉ះក្រុមខ្លាំងក្រសួងការពារជាតិ ដូចគ្នានឹងក្រុមខេត្តកំពតដែរ ដែលប៉ះជាមួយក្រុមគិរីវង់សុខសែនជ័យ ៕


ចែករំលែកព័តមាននេះ