ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គ្រូ​​ មាស សុខ មកពី​សហរដ្ឋ​អាមេរិក​​បង្ហាត់​​ក្បាច់​គុន​​​បុរាណ​ខ្មែរ​

14 ឆ្នាំ មុន

លោក​គ្រូ​​មាស សុខ  បាន​​​​ធ្វើ​ដំណើរ​​ទៅ​​​សហរដ្ឋ​អាមេរិក​​​​​​តាម​ការ​អញ្ជើញ​​របស់​សហព័ន្ធ​​គុន​ខ្មែរ​​​​នៅរដ្ឋ​​ម៉ាសាឈូសេត ទីក្រុងឡូ​​​វែល ដែល​​មាន​​​​​លោក​​​​កាន់ វណ្ណៈ​ ជា​ប្រធាន​​សហព័ន្ធ​​ ។  លោក​​គ្រូ​​បាន​បំពេញ​​ការងារ​​បង្ហាត់​​​សិស្ស​​អស់​​រយៈ​​ពេល​បី​​​ខែគឺ​​​ចាប់​ពី​​ថ្ងៃទី២២ ​កញ្ញា ២០១១ រហូត​​​ដល់​ថ្ងៃ​ទី​១៦  ​មករា ​២០១២ ។ កោះ​សន្តិភាព​​​បាន​ធ្វើ​​​សម្ភាសន៍​​​​​ជា​មួយ​លោក​គ្រូពី​បញ្ហា​​​មួយចំនួន​​ដូច​​ខាង​ក្រោម​ ៖

សំណួរ ៖ ​ តើ​លោក​​គ្រូអញ្ជើញ​ទៅនេះ​បង្ហាត់​​​ក្បាច់​​គុន​របៀប​ណា​ខ្លះ ?
​ចម្លើយ ៖ តាមការ​ឯកភាព​គ្នា​ជាមួយ​​លោក​កាន់ វណ្ណៈ ​ប្រធាន​​សហព័ន្ធ​​គុន​ខ្មែរ​​​​ឱ្យ​ខ្ញុំ​​បង្ហាត់​​របៀប​​ក្បាច់​បុរាណ​​​ខ្មែរ​ជំហរ​ខ្ពស់ ។ ក្នុង​ទម្រង់​​នៃ​ក្បាច់​គុន​បុរាណ​​​ខ្មែរ​​នេះ ខ្ញុំ​បាន​​រៀបចំ​ជា​​បី​​ទម្រង់​ ទី១-​​ក្បាច់​​គុន​​ដៃ​ជំហរ​​ខ្ពស់ ទី២-​​ក្បាច់​​គុន​​ដៃជំហរ​​ទាប ទី៣-​​​ក្បាច់​​​គុន​​​បុរាណ​​ដែល​​​​ប្រើ​​​​អាវុធ​ មាន​​ដំបង​ខ្លី-​វែង គុន​ដាវ​ គុន​សំកោង​ គុន​ល្បុក្កតោ ។ល។

សំណួរ ៖ ​តើ​លោក​​​គ្រូ​បង្ហាត់​​​​ទម្រង់​​​ណា​​ដែរ ​ ក្នុង​​​ចំណោម​​​​បីទម្រង់​​​នេះ​​ឬ​បង្ហាត់​​​ទាំងអស់ ?
​ចម្លើយ ៖ បាទ ខ្ញុំ​បង្ហាត់​​​តែ​ក្បាច់​គុន​បុរាណ​​​ជំហរ​ខ្ពស់​ដែល​​ឱ្យ​ឈ្មោះ​​ថា «គុន​​ខ្មែរ» ។​ ដើម្បី​​អាច​ប្រកួត​​​​ជា​មួយ​គុន​ថៃ គុន​អាគាំង និង​ប្រដាល់​សេរី ។

សំណួ ៖ ​ក្នុង​​ឯក​សារ​​​របស់​លោក​​គ្រូបង្ហាត់​​​​ក្បាច់​​ជំហរ​ខ្ពស់​នេះ មាន​ប៉ុន្មាន​​​មេ​ប៉ុន្មាន​​ក្បាច់​​ដែរ ?
​ចម្លើយ ៖ ​​ក្នុង​​ទម្រង់​នេះ​​​​​ខ្ញុំ​​រៀប​ចំ​ឯក​សារ​​​មាន​បី​​កម្រិត ដែល​​មាន​​ប្រើក្រមា​ ជា​​លក្ខណៈ​​សម្គាល់​មាន​កម្រិត​ ១-​ក្រមា​ពណ៌​ត្នោត ២-ក្រមា​​ពណ៌​ត្រួយ​ចេក និង​៣-​​ក្រមា​​ពណ៌​ក្រហ​ម​ថ្នាក់​​ទាំង​​បី​នេះ ​ហៅ​ថា​ ថ្នាក់​​ត្រី ថ្នាក់​​ទោ និង​ថ្នាក់​​​ឯក ។  ​

សំណួរ ៖  ​​ចុះ​ការ​ចាប់​​ផ្តើម​​ពីដំបូង​​នឹងបន្ត​​បន្ទាប់​​តើ​​លោកគ្រូ​​បង្ហាត់​​របៀប​ណា ?​
​ចម្លើយ​​ ៖ ក្នុង​​​​ទម្រង់​​គុន​ខ្មែរនេះ​ ដំបូង​ខ្ញុំ​​បង្ហាត់​​ជំហរ ​​បន្ទាប់​មក​​​​​ជំហាន ​​ទី៣​​បង្ហាត់​​​ដំណើរ​​ ។ ​កាល​​​ណា​​ចេះ​ជំហរ​​ជំហាន​​និង​ដំណើរ​​ហើយ​​​ទើប​​បង្ហាត់​​មេ​​មាន​​​មេ​​ស្រប មេ​ខ្វែង​ មេផាត់ ​​មេ​គ្រប ​មេសើយ​ ។ល។  ​ក្នុង​​កម្រិត​​​​​​១នេះ​​​ខ្ញុំ​​​ឱ្យ​​សិស្ស​​ចេះ​២០​​មេ​ ទើបបញ្ចុះ​​ក្បាច់​​​​។ ក្នុង​មួយ​មេ​​​ចំនួន​​៥​ក្បាច  សរុប​​នៅ​​ថ្នាក់​ត្រី​នេះ​​សិស្ស​ចេះ​បាន​​លោត​ដល់​​ទ្វារ​​បួន​ ចេះ​​មេ​បាន​​​​ម្ភៃ​​​និងចេះ​​ក្បាច់​​ចំនួន​​១០០​​ក្បាច់ ​។​

សំណួរ​ ៖ ​ពេល​​ដែល​​លោក​គ្រូ​​បង្ហាត់​​សិស្ស​​បាន​ចេះ​១០០​ក្បាច់​ហើយ​ តើ​លោក​គ្រូ​មាន​ធ្វើ​ពិធី​​អ្វីទេ តាម​​​របៀប​​ចាស់​បុរាណ ?
​ចម្លើយ​ ៖ ​បាទ​នៅ​ពេល​​សិស្ស​​ហាត់​​ចប់​មួួ​យ​ត្រណម តាម​​​ឯក​សារ​​​គ្រូត្រូវ​ហាត់​សម​ជាមួយ​សិស្ស​​តាម​​​មេ​និង​ក្បាច់​ដែល​បាន​បង្ហាត់​​ លុះ​គ្រូ​​​សម​ជា​មួួយ​​សិស្ស​​រួច​ហើយ​​គ្រូ​​អង្គុយ​​មើល​​ឱ្យ​សិស្ស​​ហាត់​សម​​ជាមួយ​​សិស្ស​​ឃើញ​ថា ចេះ​​​ស្ទាត់​​​ហើយ​​​ទើប​​លោក​​​គ្រូ​​បំពាក់​​​​​ក្រមា​​ជូន​​ទុក​ជា​ពិធី​​​ប្រសិទ្ធី​​ មួយ​​ត្រណម ។

សំណួរ ៖ ​តើ​លោក​​​​គ្រូបង្ហាត់​​​នេះ​បាន​ប៉ុន្មាន​​​ត្រណម​​​​​ដែរ​ ​ហើយ​​សិស្ស​​មាន​​ជន​ជាតិ​​អ្វី​ខ្លះ ?
ចម្លើយ ៖ ​បេសកកម្ម​​​បី​ខែ​​នេះ ខ្ញុំ​​បង្ហាត់​​​បាន​​ចប់​​មួយ​ត្រណម​​ «​​​ថ្នាក់​ត្រី​​»  ​ហើយ​​សិស្ស​​មាន​​កូន​​ខ្មែរ​កូន​អាមេរិកាំង​ កូន​​ឡាវ និង​​កូន​​ប្រេស៊ីល។​

សំណួរ ៖ ​​តើ​គម្រោង​​របស់​សហព័ន្ធ​​នៅ​អាមេរិក​​​មាន​​ផែន​ការ​​បន្ត​​ដូច​​ម្តេច​ដែរ ។​
​ចម្លើយ ៖  លោក​​កាន់ វណ្ណៈ ​បាន​ចាត់តាំង​​​​ឱ្យ​ខ្ញុំ​មក​ស្រុក​​​ខ្មែរ​​​ជ្រើសរើស​​រក​កីឡាករ​​ណា​ល្អៗ​ ដើម្បី​​កែទម្រង់​​ពី​ប្រ​ដាល់​​សេរី​​មក​​របៀប​គុន​ខ្មែរ​ ​យក​ទៅ​​ប្រកួត​​នៅ​សហរដ្ឋ​អាមេរិក​​​​និង​ដឹកនាំ​​​​កីឡាករ​​​​គុន​ខ្មែរ​​​ពី​​អាមេរិក​មក​​ប្រកួត​​នៅ​​ស្រុក​​ខ្មែរ ។ ​

ពេល​​ដែល​ខ្ញុំ​​ទៅនេះ​​បាន​ជូប​ជាមួយ​​​លោក​គ្រូ​ជា សារុន ដែល​ខ្ញុំ​ទៅ​​ទីក្រុង​​​ឡូវែល​នេះ​​​​ហើយ​​ក៏​បាន​បង្ហាត់​​ផ្លាស់​​ប្តូរ​ក្បាច់​​ដំបង​​វែង​​បាន​​​ចេះ​ល្អ​​​គួររសម​​ដែរ​​​ដើម្បី​​ទុក​ឱ្យ​​គាត់​​បង្ហាត់​​​ក្មេងៗ​​​បន្ត ៕