ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធ​ ឆាយ​រិទ្ធី ប្រើ​ស្នៀត​​កណ្តាប់​​ដៃ​​​ផ្តួល​​អ្នក​​ឆ្លង​​ដែន​​កេន​យ៉ា​ចុង​ទឹក​​ទី​2

14 ឆ្នាំ មុន

​​​រាជធានី​ភ្នំពេញ ៖  ពុទ្ធ​ ឆាយរិទ្ធី មកពី​ក្លឹប​ពុទ្ធ​សេរី​វង្ស​កីឡា បាន​ប្រើ​ស្នៀត​កណ្តាប់​ដៃ​វាយ​ផ្តួល​ Leonard Nganga កីឡា​ករ​កេនយ៉ា​ ឱ្យ​សន្លប់​នៅ​ទឹក​ទី​២ ក្នុង​ការ​ប្រកួត​នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​កាលពី​ថ្ងៃ​សៅ​រ៍ទី​២១ មករា កន្លងមក​នេះ ។ Leonard ក៏​ជា​កំពូល​អ្នក​លេង​ស្នៀត​កណ្តាប់​ដៃ​​យ៉ាង​ល្អ​ម្នាក់​ដែរ ប៉ុន្តែ​សម្រាប់​​ការ​មក​ប៉ះ​ឆាយ​​​​​រិទ្ធី​នា​ពេល​នេះ​ទៅ​អត់​រួច​ឡើយ។ Leonard​ បាន​វាយ​សម្រុក​ចូល​មុខ​ឆាយរិទ្ធី​​ពេញៗនៅ​ទឹក​ទី​១ និង​ទី​២ ​​ប៉ុន្តែ​ត្រូវឆាយ​​រិទ្ធី​គេច​ផុត​រហូត​ ។

នៅ​ចុង​ទឹក​ទី​២​ ឆាយ​រិទ្ធី​បាន​សម្រុក​ចូល​កៀក​បញ្ជូន​ស្នៀត​ដៃ​វាយ​ចូល​គុម្ព​ថ្គាម​ Leonard យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​ដួល​នៅ​លើ​រេញ​ អាជ្ញា​កណ្តាល​រាប់​ដល់​១០ ហើយ​នៅ​តែ​មិន​អាច​ក្រោក​កើត​ទៀត។ សេន ប៊ុនថេន អ្នក​លេង​ស្នៀត​​ជើង​មក​ពី​ក្លឹប​ក្រ​សួង​មហាផ្ទៃ​​​យក​ឈ្នះ​គង់សំប៊ុត នុនតាកន កីឡាករ​ថៃ​ នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៥ ។ នុន​តាកន មើល​ទៅ​ហាក់​បី​ដូច​ជា​ចាញ់​ប្រៀប​ប៊ុនថេន តាំង​ពី​ទឹក​ទី​១ ម៉្លេះ ប៉ុន្តែ​គេ​បាន​ព្យាយាម​វាយ​បក​សង​​មក​លើ​ប៊ុន​ថេនវិញ មិន​បង្អង់​ឡើយ ។

ស្នៀត​ប្រយុទ្ធ​របស់​នុនតាកន​ល្អ​គ្រាន​់​បើ​ តែ​កម្លាំង​របស់​គេ​អន់​បន្តិច​ ។ ប៊ុនថេន​ចាប់​ផ្តើម​ទាត់​សម្រុក​កាន់តែ​ខ្លាំង​នៅ​ទឹក​ទី​៣ និង​ទី​៤ ។ ចំណែក​នុន​តាកន ​បាន​បាត់​បង់​កម្លាំង​ជា​បណ្តើរៗ​​នៅ​ទឹក​ទី​៤ និង​ទី​៥ ជា​ពិសេស​នៅ​ទឹក​ទី​៥ តែ​ម្តង​នុនតាកន​ត្រូវ​ប៊ុនថេន​​បង្ខំ​ឱ្យលើក​ទង់​ជ័យ​សទាល់​តែ​បាន ។​ សាំង ស៊ីថា មកពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ យក​ឈ្នះ​ខុន ឆៃលាង មកពី​ក្លឹប​កង​ពលធំ​អន្តរាគមន៍​លេខ​៣ព្រះ​វិហារ​​​ដោយពិន្ទុ ។ ឆាំ រ៉ែម មកពី​ក្លឹប​សិង្ហ​កីឡា បាន​យក​ឈ្នះ​ហ៊ុល ដារ៉ា មកពី​ក្លឹប​សាលវ័ន្ត​កីឡា ​​ដោយ​ពិន្ទុ ។ ចេង ពន្លក មកពី​ក្លឹប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿង​ញៀន យក​ឈ្នះ​ធិន សុវណ្ណ មកពី​ក្លឹបកង​ពល​តូច​លេខ​៧០​​ដោយ​ពិន្ទុ ៕    ​