រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រដាល់នៅលើសង្វៀនស្តាតចាស់ដែលរៀបចំឡើងដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីយប់ថ្ងៃសៅរ៍ទី២១ មករា កន្លងមកនេះ អ្នកប្រដាល់ជើងខ្លាំងមកពីប្រទេសថៃ៣រូប សុទ្ធតែបានចាញ់សន្លប់នៅក្រោមកណ្តាប់ដៃអ្នកប្រដាល់កម្ពុជានៅមុនស្នូរជួងបញ្ចប់ទឹកទី៥ ទាំងអស់ ។ សៅ ប៊ុននឿន មកពីក្លឹបកីឡាប្រដាល់ក្រសួងមហាផ្ទៃ បានយកឈ្នះភូមិ ពឿន កីឡាករថៃ នៅទឹកទី៤ ។ ស្នៀតកណ្តាប់ដៃរបស់ប៊ុននឿន បានវាយសន្ធាប់ទៅលើផ្ទៃមុខភូមិ ពឿន តាំងពីទឹកទី១ ។
ភូមិពឿន បានព្យាយាមបញ្ជូនស្នៀតជើងទាត់សងមកវិញ ប៉ុន្តែប៊ុននឿន នៅតែសង្ខើញចូលកៀកវាយនិងទាត់ចម្រុះគ្នា ។ ភូមិពឿន ចាប់ផ្តើមថមថយកម្លាំងនៅទឹកទី៣ លុះចូលទឹកទី៤ ប៊ុននឿន បានបុកជាច្រើនជង្គង់ចូលពោះទឹកភូមិពឿន រហូតដល់ដួលក្រោកលែងរួច។ ពេជ្រ សីហា មកពីក្លឹបក្រសួងការពារជាតិ បំបាក់កីឡាករថៃ ឃុមផៃ ឱ្យចាញ់សន្លប់នៅទឹកទី២ ។ កំពូលអ្នកលេងស្នៀតកណ្តាប់ដៃសីហាមិនបានបង្អង់ទុកយូរឡើយ គ្រាន់តែចាប់ផ្តើមទឹកទី១ភ្លាម សីហា បានវាយសម្រុកយកតែម្តង ស្នៀតដៃ និងស្នៀតជើងរបស់សីហាបានទាត់ចម្រុះព្រមគ្នា ខណៈពេលដែលឃុមផៃមិនបានប្រយ័ត្ន។
ឃុមផៃ បានព្យាយាមបញ្ជូនស្នៀតដៃវាយបកសងមកវិញដែរ តែមិនអាចតស៊ូរួចជាមួយសីហាឡើយ ។ សីហាបានម៉ាត់ចូលមុខឃុមផៃពេញៗនៅទឹកទី២ ។ ឡៅ ស៊ីណាត មកពីក្លឹបកងពលតូចឆត្រយោងលេខ៩១១ បានយកឈ្នះកីឡាករថៃ កងញ៉ា រ៉ាតឿក នៅទឹកទី៣ ។ ស៊ីណាត ជាកំពូលអ្នកប្រដាល់ដែលមានស្នៀតកែង និងជង្គង់ល្អបំផុត ប៉ុន្តែកីឡាករថៃម្នាក់នេះក៏មិនធម្មតាប៉ុន្មានដែរ ទាំងកម្លាំងនិងល្បិចប្រយុទ្ធគឺខ្លាំងស្មើគ្នា ។ ស៊ីណាត មិនហ៊ានប្រហែសឡើយ ជាពិសេសនៅទឹកទី១ និងទី២ គេបានត្រឹមតែល្បងកម្លាំងមើលសិនប៉ុណ្ណោះ។
ស៊ីណាត បញ្ជូនស្នៀតជើង និងស្នៀតដៃវាយទៅលើរ៉ាតឿក នៅពាក់កណ្តាលទឹកទី២ បង្ខំឱ្យរ៉ាតឿក ដកថយទាំងព្រលឹងចុងសក់ ប៉ុន្តែចិត្តរបស់រ៉ាតឿក ដែលសឿងគ្រាន់បើដែរនោះបានវាយសន្ធាប់សងវិញយ៉ាងរហ័ស ។ ទោះជាយ៉ាងណា ស៊ីណាត គ្រាន់តែដកថយបន្តិចរួចបញ្ជូនស្នៀតកែង និងជង្គង់សងវិញ ជាពិសេសនៅទឹកទី៣ ស៊ីណាតបានធ្វើឱ្យរ៉ាតឿក បាត់បង់ឱកាសទាំងស្រុងតែម្តង ។ ចំពោះគូប្រកួតកម្ពុជា និងកម្ពុជា វិញ ផល សុផាតមកពីក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ យកឈ្នះវ៉ាន់ ចាន់វៃ មកពីក្លឹបសិង្ហកីឡាដោយពិន្ទុ ។ លួន សុខខេង មកពីក្លឹបសិង្ហកីឡាយកឈ្នះភុន សោភ័ណ្ឌ មកពីក្លឹបយុវកីឡាដោយពិន្ទុ ។ ប្រាក់ មករា មកពីក្លឹបរស្មីកុមារកំព្រា យកឈ្នះផាវ ភឿត មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារដោយពិន្ទុ ៕


ចែករំលែកព័តមាននេះ