ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​កម្ម​កា​រអូ​ឡាំ​ពិក​​​​​កម្ពុជា​​​​រៀប​ចំ​​​​​ការ​​ប្រកួត​​​​​រត់​​​​ពាក់​​កណ្តាល​​​​​​ម៉ារ៉ា​តុន

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បន្ទាប់​ពី​​ទទួល​បាន​​​ជោគ​​ជ័យ​​នៅក្នុង​​​​ការ​រៀបចំ​​ការ​ប្រកួត​​​រត់​​ពាក់​កណ្តាល​ម៉ារ៉ាតុន​​ នៅ​ក្រុង​​អង្គរ​​ ខេត្ត​សៀម​រាប  អស់​រយៈពេល​ជា​​ច្រើន​ឆ្នាំ​រួចមក​​នោះ​​ ​គណៈ​​កម្ម​ការ​​​រៀបចំ​​​ព្រឹត្តិការណ៍​​​​អន្តរជាតិ​​មួយ​​នេះ ​បាន​​​ខិតខំ​​ពង្រីក​​សកម្ម​ភាព​​​​​របស់​ខ្លួន​​បន្ថែម​ទៀត​ គឺ​ការ​​​រត់​​​​​ពាក់​កណ្តាល​​​ម៉ារ៉ាតុន​​​អន្តរជាតិ​លើក​ទី​​១ នៅ​​​ខេត្ត​ព្រះសីហនុ​​ជា​បន្ត​​​ទៀតនៅ​​ថ្ងៃ​​ទី​១១ ខែ​​មីនា ឆ្នាំ​​​២០១២​ ។

​លោក​វ៉ាត់ ​ចំរើន អគ្គ​​លេខា​ធិការ​​​​នៃ​គណៈ​​​កម្មាធិការជាតិ​​អូឡាំពិក​​​កម្ពុជា​​ បាន​ឱ្យ​​ដឹង​ថា ​​​​កម្ម​វិធី​​នេះ​​ធ្វើ​ឡើង​​​ដើម្បី​​អបអរ​​សាទរ​ចំពោះ​​ការ​​ទទួល​ស្គាល់​​​​របស់​​​​អន្តរជាតិ​​​អំពី​​ឆ្នេរ​សមុទ្រ​​​នៃព្រះរាជាណាចក្រ​កម្ពុជា​​​របស់​​​យើង​​​ដែល​បាន​​ស្ថិត​​​​នៅ​ក្នុង​​​​ចំណោម​​ឆ្នេរ​​ដ៏​ស្អាត​​​បំផុត​លើពិភព​​លោក ​​​​នា​ខែ​​​ឧសភា ​ឆ្នាំ​២០១១​កន្លងមក ។  លោក​បាន​​​គូស​បញ្ជាក់​​ថា  ទិវា​​​រត់​ម៉ារ៉ាតុន​​​អង្គរ​​​​បាន​​​​ផ្តោត​យ៉ាង​សំខាន់​​​​​​នៅ​​លើ​ការ​​ជួយ​ឧបត្ថម្ភ​​​​​​​ជន​រងគ្រោះ​​​​ដោយ​​​សារ​គ្រាប់មីន​​​ ។

ដោយ​​​ឡែក ​ទិវា​​​​​​រត់ម៉ារ៉ាតុន​​​​ខេត្ត​ព្រះ​សីហនុ​​​​នាពេល​នេះ​​ ​បាន​នាំ​​មក​នូវ​​​​បាវ​ចនា​កីឡាម៉ារ៉ាតុន​​ គឺការ​ពារ​ធម្ម​ជាតិ​សង្គ្រោះ​​ដែន​ដី និង​សុខ​​ុមាលភាព​​របស់​​​មនុស្ស​​លោក ។  ​បច្ចុប្បន្ន​មនុស្ស​​លោក​កំពុង​តែស្ថិត​​នៅ​ក្នុង​​ការ​គំរាម​​កំហែង​​ដោយសារ​​គ្រោះ​​​​ធម្ម​​ជាតិ​​រញ្ជួយ​ដី​​​ រលក​​យក្ស​​ស៊ូណា​មី ភាព​រាំង​​ស្ងួត​ និង​​​ទឹក​​ជំនន់ ដែល​បាន​បំផ្លាញ​​ជីវិត​​មនុស្ស​​រាប់​លាន​នាក់ ។ 

ការរត់​​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​​ នៅ​ខេត្ត​​​​​ព្រះសីហនុ​​​ នឹង​រួម​​ចំណែក​​យ៉ាងសកម្ម​​​ក្នុង​​​ការ​តស៊ូ​​​​ការពារ​​​ធម្ម​ជាតិ​​​​ ដោយ​​​បាន​អំពាវ​នាវ​​​ឱ្យ​​កីឡាករ​​ និង​​អ្នក​ចូលរួម​​គាំទ្រ​​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​​មក​ជួប​ជុំ​គ្នា​​ ដើម្បី​សម្តែង​​ចេញ​នូវ​សុុច្ឆន្ទៈ​​​ការ​​​ពារ​ធម្មជាតិ​​ និង​សុខុមាល​ភាព​នៃ​មនុស្ស​​​លោក​ក្នុង​​​សតវត្ស​​​​ទី២១​​នេះ ។ ​ទិវា​​មួយ​នេះ​ក៏ជា​ចំណែក​មួយក្នុងការ​ជួយ​ឧបត្ថម្ភ​​​​​ជា​លក្ខណៈ​​​​មនុស្ស​ធម៌​​ដល់​ជន​​​រង​គ្រោះ​​ដោយ​​ធម្ម​ជាតិ​ ជួយ​​ដល់​​ការ​​អប់រំ​ជាមូល​ដ្ឋាន​​​ និង​ផ្តល់​​នូវ​​​ចំណេះ​ដឹង​​សម្រាប់​​ក្មេងៗ​​​​ មនុស្ស​​ពេញ​​វ័យ អំពី​​ផល​ប្រយោជន៍​​​​​និង​​ភាព​​ចាំបាច់​​នៃ​ការ​​​ការពារ​​​​​​បរិស្ថាន​​ធម្ម​ជាតិ​​​​ដែល​បាន​​​​ទ្រទ្រង់​​​​​ដល់​​ជីវិត​​មនុស្ស​​យើង ៕