ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួន សុខ​នីម ​ជួ​បជា​មួយ ​​​យឹម ឌៀប​ ខណៈ​ដែល​​​ទេស​ សំខាន់ ជួប​ ទី ពន្លែត​ នៅ​លើ​សង្វៀន​CTN

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​ហួន សុខ​នីម ​មក​ពី​ក្លឹប​​​សិង្ហ​​កីឡា ណាត់​ជួប​​យឹម ឌៀប មក​ពី​ក្លឹប​​កីឡា​ប្រ​ដាល់​ក្រ​សួង​ការ​ពារ​​ជាតិ​នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរ​ទស្សន៍​​ CTN ​ថ្ងៃ​​សៅរ៍ ទី​២១ មក​រា ​ខណៈ​ទេស ​សំ​ខាន់​​មក​ពី​ក្លឹប​កង​ពល​តូច​លេខ​៧០ ជួប​​ទី​ ពន្លែត ​មក​ពី​ក្លឹប​​​សឹក​រង​ខេត្ត​សៀម​រាប ។ សុខ​នីម និង​យឹម ឌៀប សុទ្ធ​តែ​កំពូល​អ្នក​ប្រដាល់​ដែល​មាន​ល្បិច​ប្រ​យុទ្ធ​នៅ​លើ​សង្វៀន​ខ្ពស់​ដូច​គ្នា ​។ ប៉ុន្តែ​សុខនីម​ ចិត្ត​​របស់​គេ​​មិន​សូវ​សឿង​​ទេ ហើយ​ចល​នា​​វាយ​លុក​​​ទៅ​លើ​គូ​​ប្រកួត​​​ក៏​មាន​ការ​​​យឺ​ត​យ៉ាវ​​ណាស់​ដែរ ។ សុខ​នីម ​ស្នៀត​ជើង​​ និង​​កណ្តាប់​ដៃ​របស់​គេ​វាយ​​ចេញ​​បាន​ត្រង់​ល្អ ហើយ​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ។​

របៀប​វាយ​លុក​​ គឺ​ចូល​ចិត្ត​វាយ​ជា​ប្រ​យោល​​ច្រើន​​​​​ជាង ព្រោះ​គេ​មិន​សូវ​​​ពូកែស្នៀត​​​ជើង ។ រី​ឯ​យឹម ឌៀប ល្អ​ខាង​វាយ​ចូល​កៀក ​ដោយ​​ប្រើ​ស្នៀត​ដៃ​​​ ជា​ពិសេស​​​​កណ្តាប់​ដៃ​ឆ្វេង​​តែ​ម្តង ។ ឯ​​ស្នៀត​ ជើង​របស់​គេ​ក៏​ល្អ​​ណាស់​ដែរ ប៉ុន្តែ​​​ទាស់​​​ត្រង់​ថា​​ ​​កីឡា​ករ​​​ម្នាក់​នេះ វាយ​លុក​មិន​អស់​ពី​សមត្ថ​ភាព​​​ ។ រ​វាង​​ទេស សំ​ខាន់ ​និង​ទី​ ពន្លែត ​ជា​អ្នក​​​ប្រ​ដាល់​​​​ចាស់​​វស្សា​​ដូច​​គ្នា ​តែ​កម្លាំង​របស់​គេ​​នៅ​​រឹង​មាំ​​គ្រាន់​បើ ។ សំ​ខាន់​មាន​ចល​នា​វាយលុក​រហ័ស​រហួន ​ស្នៀត​កែង​​ និង​ជង្គង់​​អាច​ប្រើ​ការ​​បាន​ល្អ​​​ ។ ប៉ុន្តែ​ទម្លាប់​របស់​សំខាន់​​មិន​សូវ​​ចូល​ចិត្ត​​វាយ​សម្រុក​​នៅ​​ទឹក​ដំ​បូង​​​ឡើយ ។ គឺ​គេ​​សន្សំ​កម្លាំង​​​​​សម្រាប់​​វាយ​​​​​លុក​​ចុង​​ទឹក​​​ ។ ទី​ ពន្លែត​ វិញ​ពូកែ​ស្នៀត​ជើង​​ និង​​ដៃ​ ​ឯស្នៀត​កែង និង​ជង្គង់​​មិន​សូវ​ចំណាប់ទេ ។ ​

ចំ​ណែក​ច​ល​នា​​វាយ​លុក​​របស់​ពន្លែត មាន​ការ​យឺត​យ៉ាវ​បន្តិច​​​តែ​បើ​គេ​វាយ​​​ប្រ​យោល​ល្អ​ជាង​​ចូល​កៀក ។ ​ទោះ​ជា​យ៉ាង​ណា​រវាង​គូ​នេះ មិន​អាច​មើល​ស្រាល​​​លើ​​​​នរ​ណា​​​បាន​ឡើយ ​ព្រោះ​ថា​បើ​ពិនិត្យ​ទៅ​លើ​បច្ចេក​ទេស​ប្រ​យុទ្ធ​នៅ​​លើ​សង្វៀន​​រវាង​គេ​ទាំង​២​ គឺ​ល្អ​ម្យ៉ាង​ម្នាក់ ​​។ ផល សុ​ភាព​ មក​ពី​ក្លឹប​​ឃ្លាំង​មឿង​​​ពោធិ៍​សាត់​ជួប​ប្រ​កួត ជា​មួយ​​​កែវ វីរៈ មក​ពី​ក្លឹប​​ គជ​សា​រ​​កីឡា ។ ឈាន រស្មី មក​ពី​ក្លឹប​​រតនៈ​គិរី​ ជួប​ព្រុំ​ វី ​មក​ពី​​ក្លឹប​ខេត្ត​កំពង់​ធំ ៕