ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FIFA ផ្តល់​ប្រាក់​​ជំនួយ​​50​ម៉ឺន​​ដុល្លារ​​ដល់​​សហ​ព័ន្ធ​​កីឡា​បាល់​​ទាត់​​កម្ពុជា

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​បាល់​ទាត់​​អន្តរជាតិ​(FIFA) និង​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ កាលពី​រសៀលថ្ងៃ​​អង្គារទី​១៧ មករា នៅ​សណ្ឋាគារ​សាន់វេ បាន​ធ្វើ​ពិធី​ចុះ​ហត្ថ​លេខា​រួម​គ្នា​មួយ​ស្តី​អំពី​ការ​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ​​សហរដ្ឋ​អាមេរិក​ដល់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​​មជ្ឈ​មណ្ឌល​កីឡា​បាល់​ទាត់ជាតិ នៅ​ទន្លេបាទី​ ដែល​ជា​គម្រោង​ទី​៤ ជា​បន្ត​ទៀត ។

ពិធី​ចុះ​ហត្ថ​លេខា​នេះ ភាគី​ខាង​ FIFA មាន​លោក​Domeka  Garamandi មន្ត្រី​អភិវឌ្ឍ​ន៍​កីឡា​បាល់​ទាត់​ FIFA ប្រចាំ​នៅ​គួឡាឡាំ​ពួរ និង​​ភាគី​ខាង​​កម្ពុជា​មាន​លោក​គល់ សុផាន់ណា អគ្គ​លេខា​ធិការ​​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក្នុង​នោះ​ក៏​មាន​ការ​ចុះ​ហត្ថ​លេខា​ជា​មួយ​អ្នក​ទទួល​​ខុស​ត្រូវ​លើ​ផ្នែក​សាង​សង់​​ និង​អ្នក​ប្រឹក្សា​យោបល់​ផង​ដែរ ។ លោក​គល់ សុផាន់ណា បាន​គូស​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ទី​៤​ ហើយ​ដែល​​ FIFA បាន​សម្រេច​ផ្តល់​ជំនួយ​មក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ក្នុង​ការអភិវឌ្ឍ​មជ្ឈ​មណ្ឌល​កីឡា​បាល់​ទាត់​ជាតិ ។

លើ​​ក​ទី​៤ FIFA បាន​ផ្តល់​ជំនួយ​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​បាល់​ទាត់​​នៅ​ភូមិ​ចែង​មែង សង្កាត់​កាកាប ខណ្ឌ​ដង្កោ ។ ​​​​​កន្លង​មក​មជ្ឈមណ្ឌល​បាល់​ទាត់​មួយ​នេះ​ មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ប៉ុន្តែ​មួយ​រយៈ​មក​នេះ ដោយ​សារ​នៅ​តំបន់​​នោះ​មាន​ការ​អភិវឌ្ឍ​​​លំ​នៅឋាន​ច្រើន​បណ្តាល​ឱ្យ​ជួប​ការ​លំ​បាក ​ដូច​ជាស្ទះ​លូ​បង្ហូរ​ទឹក​​​ធ្វើ​ឱ្យ​​ទី​លាន​​និង​កន្លែង​ផ្សេង​ៗទៀត​​ត្រូវ​ទឹក​លិច​ទើប​​សហព័ន្ធ​សម្រេច​ដោះ​ដូរ​ទី​តាំង​ថ្មី​វិញ ​​យក​ទៅ​សាង​សង់​នៅ​ទន្លេ​បាទី ​លើ​ផ្ទៃ​ដី​ប្រមាណ​​១៥​ហិកតា។

លោក​បាន​បញ្ជាក់​ថា មជ្ឈមណ្ឌល​កីឡា​​បាល់​ទាត់​ថ្មី​នេះ គឺ​ធ្វើ​ឡើង​ចាប់​តាំង​ពី​គម្រោងទី​២និង​ទី​៣មក​ម៉្លេះ​​ ​​ ដោយ​មាន​ទី​លាន​បាល់ទាត់​ចំនួន​៤ កន្លែង​ មាន​កន្លែង​ស្នាក់​នៅ​សម្រាប់​កីឡា​ករ​ កន្លែង​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ ​​អគារ​ហូប​បាយ​​ អគារ​សិក្សា​ និង​បណ្តុះ​បណ្តាល​កីឡា​ករ​ទៀតផង។ បច្ចុប្បន្ន​ មជ្ឈ​មណ្ឌល​កីឡា​បាល់ទាត់​ជាតិ​ថ្មី​នេះ សាង​សង់​ជិត​បញ្ចប់​ហើយ ​ហើយ​ដោយ​មើល​ឃើញ​ថា មជ្ឈ​មណ្ឌល​បាល់ទាត់​ជាតិ​ថ្មី​​មួយ​នេះ​ នៅ​ពុំ​ទាន់​បាន​បំពាក់​សម្ភារ​គ្រប់​គ្រាន់​ FIFA ​បាន​សម្រេច​ផ្តល់​ជំនួយ​បន្ថែម​សម្រាប់​រៀប​ចំ​ឱ្យ​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ អគ្គិសនី​ និង​សម្ភារ​ចាំបាច់​ផ្សេងៗ​ទៀត ។

នៅ​ពេល​មាន​សំណួរ​សួរ​ថា តើ​ខាង​FIFA យល់​ឃើញ​បែបណា​ដែរ​សម្រាប់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា ជាពិសេស​នៅ​ពេល​ដែល​FIFA បាន​សម្រេច​ចិត្ត​ផ្តល់​ជំនួយ​រហូត​​មក​នេះ? លោក Domeka Garamandi បាន​មាន​ប្រសាសន៍​ថា​ខាង​ FIFA មាន​ការ​ចាប់​អារម្មណ៍​ និង​កោត​សរ​សើរ​យ៉ាង​ខ្លាំង​ដល់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ដែល​បាន​​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​វិស័យ​បាល់ទាត់​ ។ លោក​បាន​បន្ថែម​ទៀត​ថា កម្ពុជា ក៏​ដូចជា​ប្រទេស​ដទៃ​ទៀត​ដែរ គឺ​សុទ្ធ​សឹង​ជា​សមា​ជិក​របស់​ FIFA ដូច​គ្នា​​ ដូច្នេះ FIFA ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ ។ ឯទំ​ហំ​ទឹក​ប្រាក់​ដែល​FIFA បាន​ផ្តល់​មក​នេះ មិន​ថាប្រទេស​អ្នក​​មាន​ឬ​អ្នក​ក្រនោះ​ទេ គឺ​ទទួល​បាន​ស្មើៗ​គ្នា ៕