រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាប៉េតង់ ដណ្តើមពានរង្វាន់លោកឧបនាយករដ្ឋមន្ត្រីសុខ អាន លើកទី៤ ឆ្នាំ២០១២ ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអស់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ មករា មកបានបញ្ចប់ជាស្ថាពរ កាលពីថ្ងៃទី១៧ មករា ។ ពិធីបិទការប្រកួតនេះបានប្រារព្ធធ្វើក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីសុខ អាន ប្រធានសហព័ន្ធកីឡាប៉េតង់កម្ពុជា។
លោកឯម ហៀង មន្ត្រីគណៈកម្មការរៀបចំការប្រកួតឱ្យបានដឹងថា ការប្រកួតឆ្នាំនេះមានក្លឹប និងសមាគមផ្សេងៗមកពីតាមបណ្តាខេត្ត-ក្រុង ចូលរួមចំនួន២៤ និងមានកីឡាករ-កីឡាការិនី សរុប១៦៨នាក់ ក្នុងនោះកីឡាការិនីមាន១៧នាក់ ។ រីឯវិញ្ញាសាប្រកួតចែកចេញជា៤ប្រភេទ គឺមានប្រកួតសរុប៣នាក់ ទល់នឹង៣នាក់ ដណ្តើមពានធំ ប្រកួតផ្នែកវ័យចាស់ អាយុ៥៥ឆ្នាំ ឡើង ប្រកួត១ទល់ នឹង១ផ្នែកនារី និងប្រកួតដណ្តើមពានសមាគម ។
ដោយឡែកព្រឹត្តិការណ៍នៃការប្រកួតលើកនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការប្រកួតដណ្តើមពានធំផ្នែកបុរស៣នាក់ ទល់នឹង៣នាក់ ដែលការប្រកួតនេះមានភាពស្វិតស្វាញយ៉ាងខ្លាំង គឺអូសបន្លាយអស់១ព្រឹកពេញរហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបរកឃើញអ្នកឈ្នះ ។ ទីបំផុតជ័យជម្នះបានធ្លាក់ទៅលើក្រុមរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដែលក្រុមនេះបានផ្តួលក្រុមយោធភូមិភាគពិសេសក្នុងលទ្ធផលពិន្ទុ១៣ទល់នឹង៥ ពិន្ទុ។
គួររំលឹកថា ក្រុមរដ្ឋាករទឹកស្វយ័តភ្នំពេញ ទទួលបានជ័យជម្នះ២លើកជាប់គ្នា គឺលើកទី៣ និងទី៤ ។ ចំពោះចំណាត់ថ្នាក់លេខ១ពានធំទទួលបានម៉ូតូហុងដាអាល់ហ្វា៣គ្រឿង លេខ២បានប្រាក់៩០០ដុល្លារ លេខ៣បាន៦០០ដុល្លារ និងលេខ៤បាន៤០០ដុល្លារ ។ សូមបញ្ជាក់ថា លេខ២បានទៅក្រុមយោធភូមិភាគពិសេស លេខ៣ បានទៅក្រុមក្រសួងការពារជាតិ និងលេខ៤បានក្រុមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។
ផ្នែកនារីប្រកួតម្នាក់ទល់ម្នាក់ លេខ១បានទៅលើការិនី កែ ឡេង មកពីក្រសួងការពារជាតិអមជាមួយរង្វាន់ម៉ូតូ១គ្រឿង លេខ២ កីឡាការិនីអ៊ុក ស្រីមុំ មកពីក្រសួងការពារជាតិ បានប្រាក់៤០០ដុល្លារ លេខ៣ បានទៅកីឡាការិនីឌុច សោភ័ណ្ឌ មកពីក្រសួងការពារជាតិ បាន៣០០ដុល្លារ និងលេខ៤ បានទៅកីឡាការិនីដួង ឌីណា មកពីក្លឹបយោធភូមិភាគពិសេសបាន២០០ដុល្លារ ។
រីឯចំណាត់ថ្នាក់ពានសមាគមវិញ លេខ១ បានទៅក្រុមអគ្គភស្តុភារហិរញ្ញវត្ថុក្រសួងការពារជាតិ លេខ២ បានទៅក្រុមក្រសួងមហាផ្ទៃលេខ៣ បានទៅក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងលេខ៤ បានទៅលើក្រុមកងពលឆ្លាមលេខ៣១ ក្រុមទី១ ។ ពានវ័យចាស់ លេខ១ បានទៅក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លេខ២បានទៅក្រុមគ្រឹះស្ថានបោះពុម្ពផ្សាយលេខ៣ បានទៅក្រុមអគ្គភស្តុភារហិរញ្ញវត្ថុក្រសួងការពារជាតិ និងលេខ៤ បានទៅក្រុមអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិអូឡាំពិក ។
លោកឧបនាយករដ្ឋមន្ត្រីសុខ អាន បានថ្លែងនូវការកោតសរសើរចំពោះវិញ្ញាសាប៉េតង់ ដែលកន្លងមកធ្លាប់ចេញទៅប្រកួតនៅលើឆាកអន្តរជាតិអាចរកបានមេដាយជាច្រើនមកជូនជាតិ ។លោកបានគូសបញ្ជាក់ថា វាពិតជាមានមោទនភាពណាស់សម្រាប់ជាតិរបស់យើង ។ ជាពិសេសនៅពេលដែលយើងដណ្តើមបានមេដាយមាស ពេលនោះហើយទង់ជាតិយើងត្រូវបានគេបង្ហូតឡើងរួមជាមួយនឹងបទចម្រៀងជាតិទៀតផង ។
លោកឧបនាយរដ្ឋមន្ត្រីក៏បានសម្តែងការចាប់អារម្មណ៍ ចំពោះកីឡាការិនីកែ ឡុង ដែលពេលនេះគាត់មានវ័យចំណាស់បន្តិចហើយ ប៉ុន្តែមានថ្វីដៃលេងល្អ ហើយយើងក៏គួរតែបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយ ដើម្បីស្នងបន្តនៅពេលដែលគាត់មិនអាចលេងកើតទៀត ៕



ចែករំលែកព័តមាននេះ