រាជធានីភ្នំពេញ ៖ រហូតមកដល់ថ្ងៃនេះគេរកឃើញក្រុមចំនួន៨ ដែលមានពិន្ទុនាំមុខគេតាមមណ្ឌលនីមួយៗ ដែលបានឆ្លងកាត់ពីការប្រកួតវគ្គជំរុះ ឈានចូលទៅដណ្តើមពានរង្វាន់សម្តេចតេជោហ៊ុន សែន ឆ្នាំ២០១២។ ការប្រកួតនេះធ្វើឡើងនៅតាមមណ្ឌលចំនួន៥ ក្នុងនោះមានមណ្ឌលក្រចេះ កំពង់ចាម សៀមរាប កំពង់ឆ្នាំង និងកោះកុង ។ ក្រុមដែលមានឱកាសបានឡើងទៅវគ្គបន្តនៅមណ្ឌលកំពង់ចាម បានទៅលើក្រុមម្ចាស់ផ្ទះបឹងកេត រីឯមណ្ឌលសៀមរាបបានទៅលើក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។
មណ្ឌលកំពង់ឆ្នាំងបាននៅលើក្រុមប៉ៃលិន មណ្ឌលនោះកុងបាននៅក្រុមកោះកុងម្ចាស់ផ្ទះ និងមណ្ឌលក្រចេះបានទៅក្រុមខេត្តស្ទឹងត្រែង។ ទោះបីជាយ៉ាងណាក្តី ដើម្បីរកឱ្យបានគ្រប់៨ក្រុមសម្រាប់ច្របាច់បញ្ចូលគ្នាជាមួយ៨ក្រុមផ្សេងទៀតដែលមានស្រាប់នៅភ្នំពេញនោះ គណៈកម្មការរៀបចំការប្រកួតបានសម្រេចជ្រើសក្រុមផ្សេងទៀត ដែលមានពិន្ទុលើសគេតាមពូលនីមួយៗ។ ក្រុមចំនួន៣ដែលគណៈកម្មការសម្រេចជ្រើសរើសមានក្រុម កំពត ក្រុមបាត់ដំបង និងក្រុមក្រចេះ។
មន្ត្រីគណៈកម្មការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាឱ្យដឹងថា ការប្រកួតដែលគ្រោងធ្វើនៅទីលានពហុកីឡដ្ឋានជាតិមានទាំងអស់១៦ក្រុម គឺសរុបទាំងក្រុមដែលបានឆ្លងកាត់វគ្គជំរុះតាមខេត្ត៨ក្រុម និងមានស្រាប់នៅភ្នំពេញ៨ក្រុមទៀត គឺបានន័យថា ទាំង១៦ក្រុមនេះតម្រូវឱ្យចាប់ឆ្នោតចែកពូលសាជាថ្មី ដើម្បីប្រកួតជំរុះបន្តទៀត យកតែ១០ក្រុម សម្រាប់ប្រកួតក្នុងក្របខណ្ឌកំពូលថ្នាក់ជាតិឆ្នាំ២០១២ ៕


ចែករំលែកព័តមាននេះ