ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំ​វិញ​​​ការ​​ប្រកួត​​​​ប្រដាល់​​​ដណ្តើម​​​​​ខ្សែ​ក្រវាត់​​​​​​​ភេសជ្ជៈ​ខារ៉ាបាវ​​​​សម្រាប់​​ពូល​​B​ក្នុង​ជុំ​ទី4

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​​ប្រដាល់​​​​ក្បាច់​​​គុន​ខ្មែរ​​​បុរាណ​​​ដើម្បី​​​ឈាន​​​ទៅដណ្តើម​​​ខ្សែ​ក្រវាត់​​​ខារ៉ាបាវ​​ទម្ងន់​​​​៦០​គីឡូក្រាម​​នៅលើ​​សង្វៀន​​ស្ថានីយទូរទស្សន៍​​ CTN ​​​ថ្ងៃ​សុក្រ​ទី​២០ ​​មករា  ​ខាង​មុខ​​​នេះ​ សម្រាប់​​ពូល​ B​ គឺ​បាន​​​​ឈាន​​​ចូល​ដល់​​​​ជុំ​ទី​​៤​​ហើយ ។​ អ្នក​ប្រដាល់​​រឿម វណ្ណៈ មកពី​ក្លឹប​​​កីឡា​​ប្រដាល់​​​​ក្រសួង​​​​ការពារ​​ជាតិ​​​​​​ជួប​​ផាន់ សុវណ្ណ មកពី​ក្លឹប​​មិត្ត​​ប៉ូលិស​​​​​ ខណៈ​​ឯម​​ វិចិត្រ​​ មកពី​ក្លឹប​​​គ្រុឌ​មាន​​ជ័យ​ជួប​​ឆាយ មាស ​​មកពី​ក្លឹប​​​​រតនគិរី ។ ​

រឿម វណ្ណៈ ​រហូត​មក​ទល់​​ពេល​​នេះ​ទើប​​តែ​​ប្រកួត​​បាន​២​​លើក​ប៉ុណ្ណោះ​​ ហើយ​ក្នុង​នោះ​​នៅមិន​​ទាន់​​ស្គាល់​​ចាញ់ម្តង​ណា​ឡើយ  ដូច្នេះ​​​ពេល​​នេះ​គេ​​រក​បាន​​​៦​ពិន្ទុ​ហើយ។  រី​ឯ​ផាន់ សុវណ្ណ  ​​ឆ្លង​​កាត់ការ​​ប្រកួត​បាន​​​១​លើកនិង​​​ទទួល​​​ជ័យ​ជំនះ​​ដែរ។  ចំណែក​​​ឯ​ការ​ប៉ះគ្នា​រវាង​​គេទាំង​២​​​នាក់លើក​នេះ​​​ទាំង​សង​ខាង​​​​សុទ្ធតែ​​ត្រូវ​ការ​​ឈ្នះ​ដូចគ្នា ។   តែបើ​​និយាយ​​​ពី​​ក្បាច់​ប្រយុទ្ធ​នៅ​​លើសង្វៀន​​​​រវាង​គូនេះ​​ គឺមិន​លើស​ខ្វះ​គ្នា​​​ប៉ុន្មាន​​ ទេ​​។ វណ្ណៈ​​មាន​​ផ្លែកែង​​និងជង្គង់​​ល្អ​។ រីឯសុវណ្ណ​ល្អ​ស្នៀត​​​ជើង​និង​ស្នៀត​ដៃ​ ។ ​

​ដោយឡែក​​​គូ​ប្រកួត​​​​រវាង​​​ឯម​ វិចិត្រ​​និង​​​ឆាយ​​​​ មាស​វិញ​​ អាច​​មាន​​​សភាព​​​តឹង​តែង​​បន្តិច​ ។  ​វិចិត្រ​ប្រកួត​​​បាន​​២​​លើក​​​ក្នុង​នោះ​​ឈ្នះ​​​ទាំាង​២​​លើក​​ជាប់​គ្នា​​មាន​​​៦​​ពិន្ទុ​ហើយ​។​ ចំណែក​​ឆាយ​​​ មាស​​​ប្រកួត​​​បាន​២​​លើក​ដូចគ្នា​​​​​​ ឈ្នះ១ ចាញ់​​១ ។  រវាង​​​គូ​​នេះ​សុទ្ធ​តែ​​កំពូល​​អ្នក​លេង​​ស្នៀត​​កែង​​និង​ជង្គង់​​​​ដូច​គ្នា​​ ប៉ុន្តែ​​​ល្បិច​​​​ប្រយុទ្ធ​​​​របស់​​​វិចិត្រ​​​​សម្បូរ​​​បែប​ជាង​ ទាំង​​​​ផ្លែ​​​កែង​និង​​ជង្គង់​​កាន់តែ​អស្ចារ្យ​​​ថែម​ទៀត​​ ។ ឆាយ​​​ មាស​​​ អាង​កម្លាំង​​និង​មាន​ស្នៀត​​ជើង​ល្អ​អាច​​​ទាត់​​ចេញ​បាន​​រហ័ស​​​និង​​មាន​ទម្ងន់​​​ធ្ងន់​ទៀត​ផង​ ។

រវាង​​​គូនេះ​​​ទំនង​ជា​​​ធ្វើ​ឱ្យ​​អ្នក​តាម​​​ដាន​​ការ​ប្រកួត​​​​ពិ​បាក​​​វិនិច្ឆ័យ​​​ខ្លាំង​ណាស់​​ ព្រោះ​​​ល្បិច​​ប្រកួត​​​​មាន​​​​ប្រហាក់​​ប្រហែល​​គ្នា ។ រីឯគូ​ប្រកួត​​​មិត្ត​ភាព​​វិញ លាប សំណាង​  មកពី​ក្លឹប​​​​​កង​ពល​​​តូចលេខ​​៧០​ ជួប​ប្រកួត​​​ជា​មួយ​​​បៅ  ស៊ីយ៉េត មកពី​ក្លឹប​​​​ក្រុង​ប៉ោយ​ប៉ែត​​ និង​​រាជ សីហ៍ ចាន់​ឌី ​មកពី​ក្លឹប​​​​សម្រែក​រាជសីហ៍​​​បង្ក្រាប​​គ្រឿងញៀន​​​ជួប​ប្រកួត​​​ជា​មួយ​​​វង្ស​​​ ​សុខពិសី​ មកពី​ក្លឹប​​បុរីនាគរាជ ៕  ​