ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យា​ល័យ​​20​ចូល​​រួម​​ប្រកួត​​​​បាល់​ទះ​​​ពាន់​រង្វាន់​វេ​ស្ទើន

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ សាកល​វិទ្យាល័យ​វេស្ទើន​​បាន​​សហការ​ជាមួយ​​ក្រសួង​​អប់រំ​យុវ​ជន​​ និង​កីឡា​​រៀប​ចំ​ការ​ប្រកួត​កីឡា​បាល់​ទះ​​យុវ​ជន​​សិស្ស​វិទ្យា​ល័យ​​រាជ​ធានី​​ភ្នំ​ពេញ​​ ដើម្បី​​ដណ្តើម​​ពាន​រង្វាន់​សាកល​វិទ្យា​ល័យ​​​វេ​ស្ទើន​​ឆ្នាំ​២០១២​ ដែល​ពិ​ធី​បើក​ការ​ប្រកួត​ជា​ផ្លូវ​ការ​​នោះ​​ត្រូវ​​បាន​​ធ្វើ​​ឡើ​ង​កាល​ពី​​​ថ្ងៃទី១៤ ធ្នូ​ នៅ​វិទ្យា​ល័យ​​ច្បារ​អំ​ពៅ​​ ក្រោម​អធិប​តី​ភាព​​​លោក​ប៊ូ​ ជុំ​សេរី​​​ អនុ​រដ្ឋ​លេ​ខា​ធិ​ការ​​​ក្រសួង​អប់​រំ​ និង​​​លោក​តែ​ ឡូ​រិន​ ទី​ប្រឹក្សា​​អម​ទី​​ស្តី​កា​រ​គណៈ​រដ្ឋ​មន្ត្រី​​ និង​ជា​សាកល​វិទ្យា​​ធិការ​នៃ​សាកល​វិទ្យា​ល័យ​វេស្ទើន​។

ការ​ប្រកួត​កីឡា​បាល់​ទះ​​​យុវ​ជន​សិស្ស​វិទ្យា​ល័យ​​រាជ​ធា​នី​ភ្នំពេញ​​នេះ​ មាន​​វិទ្យា​ល័យ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ចំនួន​២០​បាន​​ចូល​រួម​ប្រកួត​ដោយ​ចាប់​ផ្តើម​​ពីថ្ងៃ​​ទី​១៤ មករា​ រហូតដល់​​ចុង​ខែ​​មីនា ខាង​មុខ​​​​​​ រៀង​​រាល់​ថ្ងៃ​​សៅរ៍​ នៅ​តាម​ទី​លាន​ប្រកួត​​ចល័តតាម​វិទ្យាល័យ​​នានា។​ លោក​តែ​ ឡូ​រិន​ ​បាន​ថ្លែង​ថា សាកល​វិទ្យា​ល័យ​វេស្ទើន​​ ត្រូ​វ​បាន​បង្កើត​ឡើងនៅ​​​​ឆ្នាំ​២០០៣​ ដែល​មាន​​​មហា​វិទ្យា​ល័យ​ចំ​នួន​៤​ គឺ​មហា​វិទ្យា​ល័យ​​វិទ្យា​សាស្ត្រ​សង្គម, ​មហា​វិទ្យា​ល័យ​​សិល្បៈ មនុស្ស​សាស្ត្រ​ និង​ភាសា​,​​មហា​វិទ្យា​ល័យ​​​វិទ្យា​សាស្ត្រ​ និង​បច្ចេក​វិទ្យា​ ព្រម​ទាំ​ង​មហា​វិទ្យាល័យ​​គ្រប់​គ្រង​​ និង​​សណ្ឋា​គារ​-ទេស​ចរណ៍។​

ដោយ​សា​រ​សន្ទុះ​​នៃ​ការ​រី​ក​ចម្រើន​​ និង​មានការ​គាំ​ទ្រ​ពី​សំណាក់​​​អ្នក​សិក្សា​គ្រប់​មជ្ឈ​ដ្ឋាន​ សាកល​វិទ្យា​ល័យ​​​វេស្ទើ​ន​​ បាន​បើក​សាខា​ចំនួន​​២​ទៀត​​​​រួម​មាន​ ​សាកល​​វិទ្យាល័យ​​វេស្ទើន​​សាខា​ខេត្ត​កំពង់​ចាម​ ឆ្នាំ​២០០៥​ របស់​ក្រសួង​អប់រំ​​​យុវ​ជន​ និង​កីឡា​ ​និង​សាកល​វិទ្យាល​័យ​​វេស្ទើន​​ ទី​តាំង​​ទួល​ស្វាយ​ព្រៃ​១​​ ស្ថិត​ក្នុងខណ្ឌ​ចំ​ការ​មន​ រាជធា​នី​ភ្នំ​ពេញ​ ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​​២០១០​របស់​ក្រ​សួង​អប់រំ​​យុវ​ជន​ និង​កីឡា​។

ដើម្បី​​ឱ្យ​ស្រប​តាម​គោល​ការណ៍​​ណែ​នាំ​របស់​រាជ​រដ្ឋា​ភិ​បាល​​​ ក្នុង​កា​រ​ធានា​នូវ​​និរន្ត​រភាព​ និង​គុណ​ភាព​​ នៃ​សកម្ម​ភាព​​ក្នុងការ​បណ្តុះ​បណ្តាល​​ធ​ន​ធាន​មនុស្ស​​នៅ​កម្ពុជា​ ​សាក​លវិទ្យាល័យ​​បាន​ធ្វើ​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​​​ជា​មួយ​ដៃ​គូ​អប់​រំ​​​ក្នុង​កម្រិត​ជាតិ​​​និង​អន្តរ​ជាតិ​ដូច​ជា៖ ទី​១-​កម្រិត​​ជា​តិ​ ៖ សាកល​វិទ្យាល័យ​វេស្ទើន​ ជា​សមា​ជិក​ក្រុម​ប្រឹក្សា​ភិ​បាល​​នៃ​សមា​​គមគ្រឹះ​​​ឧត្តម​សិក្សា​​កម្ពុជា​​​ ដើម្បី​រួម​ចំណែក​​ និង​ធ្វើ​កិច្ច​សហ​ប្រ​តិបត្តិ​ការ​​ជា​មួយ​​​សាកល​វិទ្យា​ល័យ​​​  និង​គ្រឹះ​ស្ថាន​ឧត្ត​ម​សិក្សា​ផ្សេង​ៗទៀត​​​​ ក្នុង​ការ​លើក​កម្ពស់​កម្រិត​​​​​នៃ​កា​រ​បណ្តុះ​បណ្តាល​និស្សិត​​​ ឱ្យ​ស្របតា​ម​​​​​ការ​ណែ​នាំ​របស់់​ក្រសួង​​អប់​រំ​​​​យុវ​ជន​​ និង​កីឡា​​ និង​គណៈ​​កម្មា​ធិការ​​ទទួល​​ស្គាល់​​​គុ​ណភាព​​​អប់​​រំ​​នៃ​កម្ពុជា​​(ACC)។

ទី២-​កម្រិត​អន្ត​រជាតិ​ ៖ ​សាកល​វិទ្យាល័យ​​​វេស្ទើន​ បាន​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​​ជាមួយ​​សាកល​វិទ្យាល័យ​នានា​​នៅ​បរទេស​ ​ដូ​ចជា​​សាកល​វិទ្យាល័យ​​ ហា​វ៉ៃ​(Hawaii University ) នៅ​សហ​រដ្ឋ​អា​មេ​រិក​, York St John University នៅ​ UK និង​​សាកល​វិទ្យា​ល័យ​យូ​នី​តា​ នៅ​ប្រ​ទេស​​ម៉ា​ឡេ​ស៊ី​ វិទ្យា​ស្ថាន​ STEi ​​នៃ​ប្រទេស​សិង្ហ​បូរី​ ក្នុង​ការ​បណ្តុះ​បណ្តាល​​​ថ្នាក់​វិ​ញ្ញា​បន​បត្រ​ជាន់​ខ្ពស់​​ និង​ថ្នាក់​បរិ​ញ្ញា​បត្រ​ ជា​ភាសា​សុទ្ធ​សាធ​​ ដែល​​សញ្ញា​ប​ត្រ​ត្រូវ​បាន​ទទួល​ស្គាល់​​​ជា​សាកល។

ជា​លទ្ធ​ផល​គិត​មក​ដល់​បច្ចុប្បន្ន​​ និស្សិត​ដែលបាន​ទទួល​ស្គាល់​ការ​សិក្សា​​​នៅ​សាក​ល​វិទ្យាល័យ​​​​វេស្ទើន​​ សរុប​ទាំង​អស់​ចំនួន​៣.៨៦០​នាក់​ ដោយ​ឡែក​និស្សិត​ដែល​កំពុង​ទទួល​​ការ​បណ្តុះ​បណ្តាល​នៅ​សាកល​វិទ្យាល័យ​​វេស្ទើន​ សរុប​​មាន​ចំនួន​​ជា​ង៦.៥០០​នាក់​ ហើយ​យោង​តា​មការ​ស្រង់​ព័ត៌​មាន​​ និង​ការ​ទទួលបាន​ស្ថិ​តិ​ជា​ផ្លូវ​ការ​​​​​ ដោយ​ក្រុម​ការ​ងារ​ធា​នា​គុណ​ភាព​​ផ្ទៃ​ក្នុង​​​របស់​សាកល​វិទ្យាល័យ​​ បាន​បង្ហាញ​យ៉ា​ង​ច្បាស់​ថា ​និស្សិតចំនួន​៩០​ភាគ​រយ​​ បាន​ទទួលការ​ងារ​ធ្វើ​​​បន្ទាប់​ពី​​បាន​បញ្ជាក់​ការ​សិក្សា​​របស់​ខ្លួន​ដោយ​ជោគ​ជ័យ​​ និង​១០​ភាគ​រយ​ទៀត​​កំពុង​សិក្សា​​បន្ត​យក​ចំ​ណេះ​ដឹង​បន្ថែម​ទៀ​ត​​ រី​ឯសិស្ស​កំពុង​សិក្សា​វិញ​​នោះ គឺ​មាន​​និស្សិត​ចំ​នួន​៦០​ភាគរយ​បាន​​កំ​ពុង​ទទួល​ការ​ងារ​ធ្វើ​។

​លោក​តែ ឡូរិន​ បញ្ជាក់​ថា សាកល​វិទ្យា​ល័យ​​វេស្ទើន​​​ មាន​គ្រឹះ​ស្ថាន​អប់​រំ​មួយ​ផ្សេង​ទៀត​​​​ដែល​ជា​ឧប​សម្ព័ន្ធ​របស់​ខ្លួន​​គឺ​ សាលា​វេស្ទើន​អន្តរ​ជាតិ​ ដែល​បាន​​និង​កំ​ពុង​ធ្វើ​​​ការ​បណ្តុះ​បណ្តាល​​​សិស្សា​នុ​សិស្ស​ចាប់​ពី​ថ្នាក់​មត្តេយ្យ​រហូត​ដល់​ថ្នាក់​ទី​១២​ មាន​ចំ​នួន​​ ១០​ទី​តាំង​​ ក្នុង​នោះ​៩​ទី​តាំង​​ស្ថិត​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​ ​និង​១​ទី​តាំង​ស្ថិត​នៅ​ខេត្ត​សៀម​រាប​​​។ ចំពោះ​កម្ម​វិធី​សិក្សា​នៅ​សាលា​វេស្ទើន​អន្តរជាតិ​​ គឺ​សិក្សា​ចំណេះ​ដឹង​ទូ​ទៅ​ជា​ភាសា​​អង់​គ្លេស​​​ ​និង​មា​ន​កម្ម​វិ​ធី​ផ្លាស់​ប្តូរ​​​សិស្ស​ជា​មួយ​សាលា​រដ្ឋ​ជា​ច្រើន​​នៅសហរដ្ឋ​​អា​មេ​រិក​ ​ដែល​ជា​រៀង​រាល់​ឆ្នាំ​យើង​បាន​បញ្ជូន​​សិស្ស​សាលា​វេស្ទើន​អន្តរជាតិ​ ទៅ​សិក្សា​នៅ​សហរដ្ឋ​អា​មេរិក​​ចំ​នួន​​ពី​១៥​ ទៅ​២០​នាក់​ ហើយ​បច្ចុប្បន្ន​នេះ​​​មាន​សិស្ស​របស់​សា​លា​វេ​ស្ទើនអន្តរ​ជាតិ​​ចំ​នួន​ប្រហែល​​ជាង​​១០០​នាក់​​ កំពុង​សិក្សា​​​បន្ត​នៅ​​តាម​សា​កល​វិទ្យា​ល័យ​នានានៅ​សហរដ្ឋ​​អា​មេ​រិក​​ ចក្រ​ភព​អង់​គ្លេស​ និង​អូស្រ្តា​លី​។​

លោក​ប៊ូ ជុំ​សេរី​​ បាន​ថ្លែង​ថា ​នោះ​​ជា​លើកទី​​៣​ហើយ​​ ដែល​សាកល​វិទ្យាល័យ​​​វេស្ទើន​​ បាន​រៀប​ចំ​កម្ម​វិធី​​​​នេះ​ឡើង​។ ដោយ​​យោង​តាម​​របាយ​ការណ៍​របស់​​លោក​អនុ​ប្រធា​ន​មន្ទីរ​​អប់​រំ​យុវ​ជន​ និងកីឡា​ រាជធា​នី​ភ្នំ​ពេញ​ និង​របាយ​​​ការណ៍​​របស់លោកសាកល​វិទ្យា​ធិការ​ ក្នុងការ​រៀប​ចំ​​​ប្រកួត​នា​ពេល​នេះ និងការ​​បណ្តុះ​បណ្តាល​​​និស្សិត​​ដែល​​ទទួល​បានជោគ​ជ័យ​​ក្នុង​ការ​សិក្សា​​ និង​ទទួលសញ្ញា​បត្រ​ជា​ផ្លូវ​ការ​​​​សរុប​ចំនួន​​​៣.៨៦០​នាក់​។ ចំ​ណែក​និស្សិត​​​កំពុង​សិក្សា​​ មាន​ចំនួន​​​​ជាង​​៦.៥០០​នាក់​​​ ដោយ​សរុប​ទៅ​សាកល​វិទ្យា​ល័យ​​នេះ​ បាន​​និង​កំ​ពុង​ធ្វើ​ការ​​​​បណ្តុះ​បណ្តាល​និស្សិត​ ប្រមាណ​​ជាង​​១០.០០០​នាក់​​​មក​ហើយ​។

ក្នុង​នាម​ក្រសួង​អប់រំ​ និង​ខ្លួន​លោក​ផ្ទាល់​លោក​​សូម​អប​អរសាទរ​ និង​កោត​សរសើរ​​ចំពោះ​ជោគ​ជ័​យ​ថ្មី​​​ និង​សមិទ្ធផល​​ជា​ផ្លែ​ផ្កា​នៃ​ការ​​បណ្តុះ​បណ្តាល​​ធន​ធាន​មនុស្ស​​ និង​ការ​ជួយ​​លើក​ស្ទួយ​វិ​ស័យ​​​អប់​រំ​កាយ និង​កីឡា​ ដែល​សាកល​វិទ្យាល័យ​វេ​ស្ទើន​​​សម្រេច​បាន​នា​ពេល​នេះ​ ជា​ពិសេស​លោក​​សូម​អប​អរ​​​​​សាទរ​​ ចំ​ពោះ​ការ​ខិត​ខំ​របស់​ប្អូន​ៗ​​ ក្មួយៗ​​ក្រុម​កីឡា​ទាំង​អស់​​ ដែលបា​ន​ព្យា​យាម​ប្រឹង​ប្រែង​​​អស់​ពីកម្លាំង​កាយ​ចិត្ត​ តស៊ូ​គ្រប់​ការ​លំបាក​​ ក្នុងការ​ហ្វឹក​ហាត់​សម្រាប់​ថ្ងៃ​នេះ​។ បន្ថែម​ពី​លើ​នេះ​​​ លោក​សូម​​កោត​សរសើរ​ចំពោះ​​​ លោ​ក​គ្រូ​ អ្នក​គ្រូ​ អា​ណាព្យា​បាល​​របស់​​សិស្ស ដែល​បាន​ផ្តល់​​ចំណេះ​​ដឹង​ កម្លាំង​ចិត្ត​​ និង​ផ្គត់​ផ្គង់​​​​ឱ្យ​កូន​ចៅ​​បាន​ចូល​សិក្សា​៕