រាជធានីភ្នំពេញ ៖ គង់ វ៉ែន មកពីក្លឹបគជសារកីឡា បានយកឈ្នះពិន្ទុពេជ្រ សំពៅ មកពីក្លឹបមជ្ឈមណ្ឌលកីឡានៃកងយោធពលខេមរភូមិន្ទ សម្រាប់ការប្រកួតនៅលើសង្វៀន CTN ថ្ងៃអាទិត្យ ទី១៥ មករា កន្លងមកនេះ ។ ការជួបគ្នារវាងអ្នកប្រដាល់ជើងថ្មីមួយគូនេះបានធ្វើឱ្យកក្រើកសង្វៀន CTN ព្រោះថា ទាំងសងខាងបានបញ្ចេញក្បាច់ប្រយុទ្ធវាយសម្រុករកគ្នាយ៉ាងសាហាវបំផុត ។ សំពៅដែលអាងមាឌធំជាងនោះ បានវាយសម្រុកទៅលើគង់ វ៉ែន ទាំងកំរោលតែម្តង ។ ប៉ុន្តែនៅទឹកទី១ និងទី២ សំពៅ បានត្រឹមតែចំណាយកម្លាំងឥតប្រយោជន៍ប៉ុណ្ណោះ ព្រោះរាល់ការវាយចេញទាំងស្នៀតជើងនិងស្នៀតកណ្តាប់ដៃមិនអាចធ្វើអីគង់ វ៉ែន បានឡើយ ។
គង់ វ៉ែន បានព្យាយាមច្រាសកែងសងវិញយ៉ាងពេញទំហឹងពេលចូលដល់ទឹកទី៣ និងទី៤ ធ្វើឱ្យសំពៅស្ថិតនៅក្នុងស្ថានភាពយ៉ាប់យុឺនយ៉ាងខ្លាំង។ គង់ វ៉ែន មានឱកាសយ៉ាងច្រើន ក្នុងការវាយលុកផ្នែកខាងក្រោម បូករួមទាំងការបញ្ជូនស្នៀតដៃវាយមុខសំពៅចូលពេញៗទៀតផង ។ សារឹម ង៉ា មកពីក្លឹបក្រសួងការពារជាតិ បានធ្វើឱ្យនួន វិចិត្រ ចាញ់ការប្រកួតដោយពិន្ទុទាំងមិនអស់ចិត្តឡើយ ។
វិចិត្រ ជាអ្នកប្រដាល់មកពីក្លឹបក្រសួងមហាផ្ទៃដែលល្បីថា មានស្នៀតកែង និងជង្គង់ល្អនោះពេលប្រកួតលើកនេះ ទៅអត់រួចជាមួយស្នៀតកណ្តាប់ដៃរបស់សារឹម ង៉ា ឡើយ ។ វិចិត្រ បានព្យាយាមវាយចេញពីចម្ងាយ ព្រោះមិនហ៊ានចូលកៀក ជាពិសេសស្នៀតជើងរបស់គេបានធាក់ទៅលើសារឹម ង៉ា ដើម្បីទប់ស្កាត់ការរុលចូលកៀករបស់គេ។ ប៉ុន្តែកម្លាំងស៊ុហ្វរបស់សារីម ង៉ា បូករួមទាំងចិត្តហ៊ានទៀតផងនោះ ចាប់ពីទឹកទី ៣ ដល់ទឹកទី៥ បានឱ្យវិចិត្រដកថយអែបខ្សែរេញរហូត ។
ហ៊ីម សារ៉ាន់ មកពីក្លឹបក្រសួងការពារជាតិ បានយកឈ្នះជាម អាដាំ មកពីក្លឹបឃ្លាំងមឿនកីឡាដោយពិន្ទុ ។ នៅទឹកទី១ និងទី២ ទម្លាប់របស់សារ៉ាន់ មិនទាន់បើកការវាយសម្រុកភ្លាមៗនោះទេ គឺគេនៅធ្វើការស្ទាបស្ទង់កម្លាំងរបស់គូប្រកួតមើលសិន។ តែសម្រាប់អាដាំវិញ ដោយសារគេមានបំណងចង់ផ្តួលគូប្រកួតឱ្យបានឆាប់នោះ គេមិនបង្អង់ទុកយូរឡើយ ស្នៀតជើងរបស់គេបានទាត់សន្ធាប់យកតែម្តង ។ នៅទឹកទី២ និងទី៣ អាដាំបានធ្វើឱ្យសារ៉ាន់ លស់ព្រលឹងម្តងៗដែរ ។ តែចិត្តជាអ្នកប្រដាល់ជើងចាស់ម្នាក់ដែរនោះ សារ៉ាន់ មិនបានចាញ់សម្លុតអាដាំឡើយនៅទឹកទី ៤ និងទី ៥ សារ៉ាន់ បានធ្វើឱ្យអាដាំ ស្ថិតនៅក្នុងស្ថានភាពមិនល្អជាញឹកញាប់ ។ ផល ប៊ុនម៉ៅ មកពីក្លឹបបុរីរាជសីហ៍មានឫទ្ធិ ប្រកួតស្មើពិន្ទុជាមួយឃឹម ពេជ្រចិន្តា មកពីក្លឹបបុរីនាគរាជ៕
ចែករំលែកព័តមាននេះ