ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​​​​កីឡា​បាល់​ទាត់​​​អបអរ​​​​ខួប​​​អនុស្សា​វរីយ៍​​​​​ទិវា​​​​​7​​មករា

14 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ កាលពីល្ងាចថ្ងៃទី១០ មករា២០១២ នៅទីលានបាល់ទាត់វិទ្យាល័យ​ហ៊ុន សែនវាលរេញ បានធ្វើពិធីបិទការប្រកួត​បាល់​ទាត់​យុវជនអបអរខួប​អនុស្សាវរីយ៍​លើក​​ទី​៣៣​ទិវាជ័យជំនះ៧មករា ដែលរៀបចំឡើង​ដោយ​សាលាស្រុកព្រៃនប់និងការិយាល័យអប់រំ​ស្រុក ក្រោមការអញ្ជើញចូលរួមពីលោកទិត វុទ្ធី អភិ​បាលស្រុកព្រៃនប់ លោកវ៉ាន់ ឈួន​ អនុ​ប្រធាន​​មន្ទីរអប់រំខេត្ត លោកប្រធាន អនុ​ប្រធាន​​ ការិយា​ល័យអប់រំស្រុក លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស​ សប្បុរសជន និងប្រជាពលរដ្ឋយ៉ាង​ច្រើនកុះ​ករ   ។     

នៅក្នុងឱកាសនោះលោកសេក សាវ៉ុន ប្រធាន​ការិយាល័យអប់រំស្រុកបានឡើងអាន​របាយការណ៍ឱ្យ​ដឹង​ថា នៅក្នុងការប្រកួត​បាល់​ទាត់​នាឆ្នាំនេះមានក្រុម​កីឡាករចូលរួម​ចំនួន​៥​ក្រុម គឺ១-ក្រុមម្លប់តាប៉ាង ២-ទួលទទឹង ៣-​សារាយ ៤-​ទឹកថ្លា និង៥-ក្រុម​តិចសាស់ ។ ឆ្លង​តាម​ការប្រកួតរយៈពេលពីរថ្ងៃគឺថ្ងៃទី​៩និងទី១០ មករា ជាលទ្ធផលលេខ១​បាន​ទៅលើក្រុម​តិច​​សាស់មកពីឃុំវាលរេញ លេខ២បានទៅលើ​ក្រុម​សារាយ មកពីឃុំជើងគោ  លេខ៣ បានទៅលើ​ក្រុមទឹកថ្លាមកពីឃុំទឹកថ្លា និងលេខ៤​ បាន​ទៅ​លើក្រុម​ម្លប់តាប៉ាង មកពីអង្គការ​ម្លប់តាប៉ាង។   ​​

ចំណាត់​ថ្នាក់​លេខ១ ទទួលបានពានមួយ ថវិកា​២០​ម៉ឺន និងបាល់ទាត់២  ។ លេខ២ ទទួលបាន​ពាន​១​ ថវិកា​១៥ម៉ឺនរៀល​ និងបាល់ទាត់១ ​។​លេខ៣ ទទួលបានពាន​១​ ថវិកា១០ម៉ឺនរៀល ​​និង​បាល់ទាត់២ និងលេខ៤ ទទួល​បាន​ថវិកា​ចំនួន​១០ម៉ឺនរៀល ។  លោកវ៉ាន់ ឈួន អនុប្រធាន​មន្ទីរអប់រំ​ខេត្ត​បានកោតសរសើរ គណៈកម្មការរៀបចំការ​ប្រកួត និងកោត​សរសើរ​ក្រុមកីឡាករ​គ្រប់​ក្រុមទាំងអស់​ដែលខិតខំ​ប្រឹងប្រែងប្រកួត​អស់ពីកម្លាំងកាយ​ចិត្ត​ធ្វើ​​​ឱ្យ​ការ​​​ប្រកួត​ប្រព្រឹត្តទៅ​យ៉ាងរលូន។

លោកទិត វុទ្ធី អភិបាលស្រុក​ព្រៃនប់​ថ្លែង​ថា នេះគឺជាមោទន​ភាពជាទីបំផុត ដែលស្រុកព្រៃ​នប់​​បាន​​រៀបចំបើកការប្រកួត​បាល់ទាត់យុវជន​។  ការចូលរួមលេងកីឡា​គឺ​ជាស្នូល​មួយក្នុង​ការ​ដាស់​តឿនស្មារតីយុវវ័យឱ្យ​ចៀសផុតពីល្បែង​ឧបាយ​មុខផ្សេងៗជា​ពិសេស​ចៀសផុតពី​គ្រឿង​ញៀន ។ លោកកអភិបាលស្រុកបាន​ថ្លែងអំណរគុណ​ដល់សប្បុរស​ជនគ្រប់​ជាន់ថ្នាក់ដែលបាន​ចូលរួម​ចំណែកជួយឧបត្ថម្ភ​ដល់ការប្រកួត ជា​ពិសេស​លោកស្បោង សារ៉ាត អភិបាលខេត្ត និងក្រុម​ការ​ងារ​ខេត្ត​ព្រះ​សីហនុទាំងអស់ដែលបាន​ជួយ​ឧបត្ថម្ភជាប្រាក់ចំនួន១លាន៦០​ម៉ឺន​រៀល​ដល់​គណៈកម្មការរៀបចំការប្រកួតដើម្បី​ចាត់​ចែង​ក្នុងពិធី​​​​ ៕