រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពអន្តរជាតិនៅទីលានពហុកីឡដា្ឋនជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីរសៀលថ្ងៃសៅរ៍ ទី១៤ មករា កន្លងមកនេះ ក្រុមម្ចាស់ផ្ទះចាញ់ក្រុមម៉ាឡេស៊ី ១-០ ។ ការជួបគ្នារវាងក្រុមទាំង២ ខាងលើនេះ គឺជាការកម្តៅសាច់ដុំត្រៀមចូលរួមប្រកួតក្នុងវគ្គជម្រុះ AFF SUZUKI CUP 2012 ដែលគ្រោងធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា នាប៉ុន្មានខែខាងមុខនេះ ។ នៅក្នុងតង់ទី១ ទាំងក្រុមបាល់ទាត់កម្ពុជា និងក្រុមម៉ាឡេស៊ី មានឱកាសវាយបកទៅវិញទៅមកដូចគ្នា ។
ម្យ៉ាងវិញទៀតក្រុមកម្ពុជាមានឱកាសស៊ុតបាល់បញ្ចូលទីជាច្រើនលើកច្រើនសាតែរាល់លើកសុទ្ធតែត្រូវបានរំខានដោយខ្សែការពាររបស់ក្រុមម៉ាឡេស៊ីរហូត ។ នៅនាទីទី៤២ កីឡាករ MOHD IZUAN B SOLHUD DINE ពាក់អាវលេខ១៩ របស់ក្រុមម៉ាឡេស៊ី បានទាត់ចេញពីជ្រុងខាងឆ្វេងបញ្ចូលទីបាន១គ្រាប់យ៉ាងស្អាត ។ នៅក្នុងតង់ទី២ ក្រុមទាំង២នៅតែលេងសម្រុកទៅវិញទៅមក ដោយមានប្រៀបប្រហាក់ប្រហែលគ្នា ប៉ុន្តែស្ថានភាពប្រកួតនៅតង់ទី២ ហាក់បីដូចជាមានការតឹងតែងជាងមុនបន្តិច ព្រោះខ្សែការពារទាំងសងខាងសុទ្ធតែបំពេញតួនាទីបានយ៉ាងល្អដូចគ្នា ។ ប៉ុន្តែទោះបីជាយ៉ាងណា លោកអាជ្ញាកណ្តាលថោង ចាន់កិត្យា ក៏មានការមមាញឹកក្នុងការពិន័យកាតលឿងជាច្រើនលើកដល់ក្រុមកម្ពុជាផងដែរ ៕


ចែករំលែកព័តមាននេះ