រាជធានីភ្នំពេញ ៖ នៅលើសង្វៀនស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីថ្ងៃសៅរ៍ទី១៤ មករា កន្លងមកនេះ ព្រំ សំណាង មកពីក្លឹបកងទ័ពឆត្រយោង៩១១ បានប្រើស្នៀតកណ្តាប់ដៃវាយផ្តួលវ៉ោយ សុធន់ អ្នកប្រដាល់ចាស់វស្សា មកពីក្លឹបរាជសីហ៍ខេត្តបន្ទាយមានជ័យ ឱ្យចាញ់សន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី៥ ។ សំណាង បើទោះជាគេទើបតែលេចមុខនៅលើសង្វៀនមិនយូរប៉ុន្មានក៏ដោយ ប៉ុន្តែសម្រាប់ការប្រកួតលើកនេះគឺគេមិនបានចាញ់សម្លុតសុធន់បន្តិចណាឡើយ ។
សំណាង ចាប់ផ្តើមវាយសម្រុកទៅលើសុធន់តាំងពីទឹកទី១ម៉្លេះ ដោយបានដើរចូលបញ្ចេញស្នៀតកណ្តាប់ដៃ វាយសំដៅមុខសុធន់ដែលនៅពាក់កណ្តាលទឹកទី១ មាត់ចូលមុខសុធន់មួយដៃពេញ និងថែម១កែងទៀត រហូតធ្វើឱ្យសុធន់ដួលអុកគូទនៅលើរេញ ហើយត្រូវលោកអាជ្ញាកណ្តាលរាប់៨ទៀតផង ។ សុធន់ ចាប់ផ្តើមក្តៅស្លឹកត្រចៀកបានស្ទុះវាយសំណាងវិញទាំងកំរោល ប៉ុន្តែចាប់ពីទឹកទី១រហូតដល់ទឹកទី៤ សំណាងមានប្រៀបជាងសុធន់រហូត ។ ជាពិសេសនៅពាក់កណ្តាលទឹកទី៥ សំណាងបានធ្វើឱ្យសុធន់បាត់បង់ឱកាសទាំងស្រុង ហើយត្រូវអាជ្ញាកណ្តាលបញ្ឈប់លែងឱ្យប្រកួតតែម្តង ។
ខុន រាជ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ យកឈ្នះខុន មករា មកពីក្លឹបរស្មីកុមារកំព្រាដោយពិន្ទុ ។ រវាងគូនេះ មុនពេលប្រកួតសូម្បីតែអ្នកធ្លាប់តាមដានការប្រកួតភាគច្រើនក៏គេគិតថា មករាមិនអាចទៅរួចជាមួយខុន រាជ ដែរ ។ នៅទឹកទី១និងទី២ មករា ព្យាយាមដើរចូលវាយសម្រុកលើខុន រាជមុន ប៉ុន្តែមិនអាចទម្លុះបារ៉ាស់ខុន រាជ បានឡើយ។ មករា ល្អតែស្នៀតដៃនិងស្នៀតជើងបន្តិចប៉ុណ្ណោះហើយក៏មិនអាចចូលកៀកខុន រាជ បានឡើយ ។ ការព្យាយាមទាត់ចេញពីចម្ងាយរបស់មករា គឺមិនសូវមានប្រសិទ្ធភាព ព្រោះខុន រាជ មានប្រៀបខាងកម្ពស់ គេបានទាត់សងមកវិញភ្លាមៗ ។ ស្នៀតជើងនិងស្នៀតកណ្តាប់ដៃរបស់ខុន រាជ បានធ្វើឱ្យមករា ស្ថិតនៅក្នុងស្ថានភាពយ៉ាប់យ៉ឺនជាញឹកញាប់ ។ កម្លាំងមករាចាប់ផ្តើមធ្លាក់ចុះខ្សោយយ៉ាងខ្លាំង នៅចុងទឹកទី៤និងទឹកទី៥ ។
សូយ គោ មកពីក្លឹបអូដឹមកីឡា វាយផ្តួលផល សុផន មកពីក្លឹបពន្លឺសាមគ្គីឱ្យសន្លប់នៅក្នុងទឹកទី២ ។ នៅទឹកទី១ សុផន ត្រូវសូយ គោ បុកចូលពោះទឹកជាច្រើនជង្គង់បណ្តាលឱ្យរាប់៨ម្តង ។ ចូលដល់ទឹកទី២ សូយ គោ វាយចូលសៀតផ្ការបស់ផល សុផន ជាច្រើនកែងទៀតបណ្តាលឱ្យបែកចិញ្ចើមឆ្វេងដេរអស់៦ថ្នេរទៀតផង ។ អ៊ុំ ចំរើន មកពីក្លឹបតាឡីដំរីមានឫទ្ធិ យកឈ្នះសល់ ប៊ុនហូវ មកពីក្លឹបអាស៊ីកីឡាដោយ ពិន្ទុ ៕
ចែករំលែកព័តមាននេះ