ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​កីឡា​វាយ​សី​​​កម្ពុជា​​ប្រជុំ​​បូក​​សរុប​​ការ​​ងារ​​សម្រាប់​ឆ្នាំ​2011

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ នៅ​សាល​ប្រជុំ​នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ​ក្រសួង​ការ​ពារ​ជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២ មករា ឆ្នាំ​២០១២ សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​របស់​​ខ្លួន​មួយ​ស្តី​ពី​ការ​ងារបូក​សរុប​វាយ​តម្លៃ​របស់​កីឡា​វាយ​សី​ក្នុង​ឆ្នាំ​២០១១ និង​ទិស​ដៅ​២០១២ដោយ​មាន​​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ពី​លោក​ឧត្តម​សេនីយ៍​​ឯក​លី កុសល​ ប្រធាន​សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​។

​សមា​ជិក​ដែល​​អញ្ជើញ​​ចូល​រួម​​ពេល​នោះ​មាន​លោក​មាស ​សារិន​ អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ លោក​ស្តើង​ ជា អនុ​ប្រធាន​ទី​២​របស់​សហ​ព័ន្ធ​ លោក​កែវ រស់ អគ្គ​​ហេរញ្ញិក​។ លោក​ធិន សៅ លោក​ជាម សុភា លោក​ហាន វុទ្ធី លោក​អ៊ី​ត សេរី​វុឌ្ឍ និង​លោក​​ណៃ វ៉ាន់​ឃី​រី​វុធ​ ។ ក្នុង​ឱកាស​នោះ​ លោក​មាស​ សារិន បាន​លើក​ឡើង​អំពី​សកម្ម​ភាព​ការ​ងារ​ក្នុង​ប្រទេស​និង​សកម្ម​ភាពនៅ​ក្រៅ​ប្រទេស ​។ ចំពោះ​សកម្ម​ភាព​ក្នុង​ប្រទេស​តាម​សេចក្តី​រាយ​ការណ៍​​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​ពង្រឹង​ និង​ពង្រីក​សកម្ម​ភាព​របស់​ខ្លួន​ឥត​ឈប់​ឈរ​ទាំង​ការ​ប្រជុំ​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​ទាំង​​ការ​ងារ​ប្រកួត​​ផ្សេងៗ​ជា​ច្រើន​នា​ពេល​កន្លង​មក​។

រី​ឯ​សកម្ម​ភាព​នៅ​ក្រៅ​ប្រទេស​វិញ​ សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា បើ​ទោះ​ជា​មាន​ការ​លំបាក​នៅ​ចំពោះ​មុខ​យ៉ាង​ណា​ក្តី ក៏​​ឆ្លៀត​បញ្ជូន​កីឡា​ករ​ កីឡា​ការិនី​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន​ និង​វៀត​ណាម​ ព្រម​ទាំង​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ចូល​រួម​ក្នុង​វគ្គ​សិក្ខា​សាលា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​មាន​សកម្ម​ភាព​​ប្រកួត​ផ្សេងៗ​ជា​ច្រើន​ទៀត​។ ជាមួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហ​ព័ន្ធ​កីឡា​វាយ​សី​នា​ពេល​កន្លងមក​​ទាំង​ក្នុង​ស្រុក​ក្តី ក្រៅ​ស្រុក​ក្តី លោក​មាស សារិន បាន​ទទួល​ស្គាល់​ថា កម្រិត​នៃ​ការ​លេង​កីឡា​វាយ​សី​កម្ពុជា​បើ​ប្រៀប​ធៀប​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ គឺ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​។

លោក​ឧត្តម​សេនីយ៍​ឯក លី កុសល ​​មាន​ប្រសាសន៍​ថា សហ​ព័ន្ធ​​កីឡា​វាយ​សី​កម្ពុជា​ រួម​ជាមួយ​គណៈ​កម្មា​ធិការ​​ប្រតិ​បត្តិ​ទាំង​អស់​មិន​រា​ថយ​ឡើយចំពោះ​បញ្ហា​ផ្សេងៗ គឺ​ត្រូវ​តែ​រួប​រួម​គ្នា​រិះ​រក​មធ្យោបាយ​ល្អ​ និង​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដើម្បី​ពង្រឹង​សមត្ថ​ភាព​បច្ចេក​ទេស​កីឡា​វាយ​សី​ឱ្យ​មាន​ការ​រីក​ចំរើន​ថែម​ទៀត​។ ជាង​នេះ​ទៅ​ទៀត​​ដើម្បី​ភាព​ងាយស្រួល​ក្នុង​ការ​តាម​ដាន​រាល់​សកម្ម​ភាព​បច្ចេក​ទេស​របស់​កីឡា​ករ​ កីឡា​ការិនី​​នីមួយៗ​ សហ​ព័ន្ធ​បាន​សម្រេច​​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ឱ្យ​ពួក​គេ ព្រោះ​ថា ការ​ធ្វើ​បែប​នេះ​វា​អាច​ជួយ​ផ្តល់​ភាព​ងាយស្រួល​យ៉ាង​ច្រើន​ ទាំង​ផ្នែក​អ្នក​គ្រប់​គ្រង​ក៏​ដូច​ជា​កីឡា​ករ​ផង​ដែរ​ ហើយ​ក៏​នៅ​មានចំណុច​ជា​ច្រើន​​ទៀត​ដែល​សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ត្រូវ​កែ​ប្រែ​ ជា​ពិសេស​ត្រូវ​តែ​កែ​ប្រែ​អត្ត​ចរិត​របស់​ក្លឹប និង​កីឡា​ករ​ កីឡាការិនី​មួយចំ​នួន​ដែល​តែង​តែ​បង្ក​ភាព​អសកម្ម​ មាន​អត្ត​ចរិត​មិន​ថ្លៃ​ថ្នូរ​ឱ្យ​ពួក​គេ​ស្គាល់​តម្លៃ​ខ្លួន​ឡើង​វិញ​។

លោក​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១៤ និង​១៥​ មករា សហ​ព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​​រៀប​ចំ​​ការ​ប្រកួត​កីឡា​វាយ​សី​ដណ្តើម​ពាន​រង្វាន់​៧​មករា ដូច្នេះ​គណៈ​កម្មការ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​សហ​ការ​គ្នា​ឱ្យ​បាន​ល្អ​ ជា​ពិសេស​ជាមួយ​អាជ្ញា​ធរ​ខេត្ត​ ធ្វើ​យ៉ាង​ណា​ឱ្យ​បាន​ល្អ​ប្រសើរ​ចាប់​ពី​ថ្ងៃ​ប្រកួត​រហូត​ដល់​ថ្ងៃ​បញ្ចប់​ ៕