ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​​សា​កល​វិទ្យា​ល័យ​​​អា​​ស៊ី​​អឺ​រ៉ុប​​នៅ​​​តែ​​​​ជា​​ក្រុម​ខ្លាំង​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​បន្ទាប់​ពី​ដណ្តើម​​បាន​តំណែង​​ជា​​ម្ចាស់​ជើង​ឯក​​ពាន​រង្វាន់​បាល់​ទាត់​ក្រប​ខណ្ឌ​​និស្សិត​​ឧ​ត្តម​សិក្សា​ និង​មធ្យម​​​​​សិក្សា​​បច្ចេក​​ទេស​​ឆ្នាំ​​សិក្សា​២០១០-២០១១ កន្លង​មក​នេះ​ក្រុម​បាល់ទាត់​​សាកល​វិទ្យា​ល័យ​អាស៊ី​អឺ​រ៉ុប​នៅ​តែ​​បន្ត​​ភាព​ខ្លាំង​របស់​ខ្លួន​ជា​និច្ច​ គឺ​ដណ្តើម​បាន​​ចំណាត់​ថ្នាក់​​លេខ​​១​ក្នុង​ពូល ក្នុង​ការ​ប្រ​កួត​វគ្គ​ជម្រុះ​​វិលជុំ​ដណ្តើម​ពាន​រង្វាន់​​សម្តេច​តេ​ជោ​​ហ៊ុន សែន CUP 2012 ​ដែលធ្វើ​នៅ​​លើ​ទី​លាន​ខេត្ត​សៀម​រាប ​កាល​ពី​ថ្ងៃ​ទី​១១ មក​រា ​មក​នេះ​ជា​ការ​ប្រកួត​បញ្ចប់​​ ក្នុង​មណ្ឌល​សៀម​រាប ។

នៅ​មណ្ឌល​សៀម​រាប ​មាន​៤​ក្រុម ដែល​ត្រូវ​ជួប​ប្រ​កួត​គ្នា​​​ដើម្បី​រក​អ្នក​​​ឈ្នះ​ចំនួន​២​ក្រុម​សម្រាប់​ឡើង​មក​ប្រ​កួត​​ចែក​ពូល​នៅ​ព​ហុកី​ឡ​ដ្ឋាន​​ជាតិ​ជា​បន្ត​​ទៀត​ ​ក្នុង​នោះ​​មាន​​ក្រុម​សា​កល​វិទ្យា​ល័យ​​អាស៊ី​​​ អឺរ៉ុប​ ក្រុម​ខេត្ត​ឧ​ត្តរ​មាន​ជ័យ ​​ក្រុម​ខេត្ត​បន្ទាយ​មានជ័យ​​ តំណាង​ឱ្យ​​ក្រុម​សាកល​វិទ្យា​ល័យ​​គ្រប់​គ្រង​​​ និង​​​​សេដ្ឋ​កិច្ច​ និង​​ក្រុម​បក្សី​ចាំ​ក្រុង​​​​ ខេត្ត​សៀម​រាប ​។ ប្រ​កួត​ក្នុង​ជុំទី​១ ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប បាន​ត្រឹម​តែ​​យក​​ស្មើ​០-០ ជា​មួយ​​​ក្រុម​​​ខេត្ត​ឧ​ត្ត​រ​មាន​​ជ័យ ប៉ុណ្ណោះ ។

​​នៅ​ជុំទី​២ ​ក្រុម​ខ្លាំង​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​​​​បាន​​​លត់​ក្រុម​​សា​កល​វិទ្យា​ល័យ​គ្រប់​គ្រង​ និងសេដ្ឋ​កិច្ច​​៣​-០ ជា​បន្ត​ទៀត ។ ដូច្នេះ​​តាម​រយៈ​​​នៃ​ជ័យ​ជម្នះ​​នេះ​ ក្រុម​បាល់​ទាត់​​
សា​កល​វិទ្យា​ល័យ​អាស៊ីអឺរ៉ុប ​អាច​​រក​កន្លែង​បាន យ៉ាង​ល្អនៅ​​ក្នុង​ការ​ប្រ​កួត​វគ្គ​១/៤ជា​បន្ត​ទៀត ។ លោក​ឌួង លាង សា​កល​វិទ្យា​​ធិ​ការ​​នៃ​សា​កល​វិទ្យា​ល័យ​​​អា​ស៊ី​អឺ​រ៉ុប​​​​ មាន​ប្រ​សាសន៍​​​​ថា បច្ចុប្បន្ន​​សា​កល​វិទ្យា​ល័យ​​អាស៊ី​​ អឺរ៉ុប មិន​ត្រឹម​តែ​​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពង្រឹង​គុណ​ភាព​​​វិស័យ​​អប់រំនោះទេ ​តែ​បាន​ធ្វើ​ឱ្យ​កំណើន​ និស្សិត​​មាន​​ការ​កើន​ឡើង​ជា​​​លំដាប់​​ពី​មួយ​ឆ្នាំ​​ទៅ​មួយ​ឆ្នាំ​ទៀត​ផង ។ ​

ទន្ទឹម​​​នឹង​​នេះ​សា​កល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​​បាន​និង​កំពុង​ពង្រឹង​​​ និង​ពង្រី​ក​វិស័យ​កីឡា​យ៉ាង​​ខ្លាំង​ ព្រោះ​ថា វិស័យ​​កីឡា គឺ​ជា​ផ្នែក​​មួយ​យ៉ាង​សំ​ខាន់​ដែល​ធ្វើ​ឱ្យ​​និស្សិត​​​ទទួល​បាន​នូវ​សារ​​​​ប្រ​យោជន៍​​ខាង​បញ្ញា​ ស្មារតី​ និង​សុខ​ភាព​​​រាង​កាយ​​​ ។ ជា​មួយ​នឹង​​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​​​ផ្នែក​អប់​រំ និង​ផ្នែក​កីឡា​នា​ពេល​នេះ​​​ធ្វើ​ឱ្យ​កីឡា​បាល់​ទាត់​​របស់​សាកល​វិទ្យា​ល័យ​​អា​ស៊ី​អឺរ៉ុប​នៅ​តែ​ខ្លាំង​ជា​និច្ច​ ៕