ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​មា​ស​ភាព​​ប្រ​កួត​​​​នៅ​​លើ​​សង្វៀន​ទូរទស្សន៍​ CTN សម្រាប់​​​ថ្ងៃ​អា​ទិត្យ​​ ជាម អា​ដាំ​ ជួប ​​ហ៊ីម សារ៉ាន់ ខណៈ​ ផន​ ប៊ុន​​ម៉ៅ ជួប​​ ឃឹម ពេជ្រ​​ចិន្តា​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​ជា​ម ​អា​ដាំ មក​ពី​ក្លឹប​​​ឃ្លាំង​មឿង​កីឡា​​ និង​ហ៊ីម សារ៉ាន់ មក​ពី​ក្លឹប​​កីឡា​ប្រ​ដាល់​​ក្រ​សួង​​​ការ​ពារ​ជាតិ​​​​​នឹង​ជួប​គ្នា​នៅ​លើ​សង្វៀន​​​​ CTN ​ថ្ងៃ​អាទិត្យ​​ ទី​១៥ មក​រា ខាង​មុខ​នេះ​​​​ ខណៈ​ផន ប៊ុន​ម៉ៅ មក​ពី​​ក្លឹប​បុរី​​រាជសី​ហ៍​​មាន​​ឫទ្ធិ​ ឡើង​សាក​​កម្លាំង​​ជា​មួយ​ឃឹម​ ពេជ្រ​ចិន្តា មក​ពី​​ក្លឹប​បុរី​នាគ​រាជ ។ ចាំ​មើល​​​មើល៍​ តើ​អ្នក​ណា​ខ្លាំង​ជាង​ ។ ​ម្ចាស់​​​​ជើង​ឯក​គុន​​ខ្មែរ​​វគ្គ​​​១ជា​ម អា​ដាំ ​មួយ​រយៈ​មក​នេះ​​យី​​អ៊ុន​របស់​គេ​ឡើង​ខ្ពស់​គួរ​សម​​ប្រ​កួត​មិន​សូវ​​ដែល​ចាញ់​ឡើយ ។

តែ​ទោះ​ជា​យ៉ាង​​ណា​​គេ​​ក៏​មិន​​ហ៊ាន​​​អួត​ក្អេង​ក្អាង​​ទុក​មុន​បាន​ដែរ ​សម្រាប់​​ការ​មក​​ប៉ះ​ជា​មួយ​សារ៉ាន់ ដែលជា​កំពូល​​អ្នក​លេង​​​ស្នៀត​ជើង​​​ម្នាក់ដែរ​នោះ​ ។ ​អា​ដាំ ​​មាន​ស្នៀត​​ជើង​​ក៏​មិន​​អន់​ខ្សោយ​ប៉ុន្មាន​ដែរ ប៉ុន្តែ​​ទាស់​ត្រង់​​ថា ការ​ទាត់​​ចេញ​ម្តងៗ​​រាង​យឺត​​យ៉ាវ​​បន្តិច​ប៉ុណ្ណោះ ។ អា​ដាំ​​មិន​សូវ​ពូ​កែ​ស្នៀត​​កែង និង​ជង្គង់​​នោះទេ ​តែ​បើ​ស្នៀត​​កណ្តាប់​ដៃ​​វិញ​​​នោះ​អាចល្អ​ស្មើនឹង​ស្នៀតជើង​ដែរ ។ ​ចិត្ត​របស់​​អា​ដាំ​​មិន​ហ៊ាន​​​ពេក ហើយ​ក៏​មិន​ខ្លាច​​ពេក​ដែរ  ​ខណៈ​កម្លាំង​​​ស៊ុហ្វ​​របស់​គេ​អាច​ត​ស៊ូ​​បាន​​​​​៥​ទឹក​ពេញ​មិន​លំ​បាក​​ឡើយ​​ ។ ​ឯសារ៉ាន់​វិញ ​ប្រ​វត្តិ​​របស់​គេ​ធ្លាប់​ឡើង​​សង្វៀនមុន​​អា​ដាំ​​បន្តិច​មែន​ តែ​ល្បិច​ប្រ​យុទ្ធ​​​នៅ​លើ​សង្វៀន​មិន​លើ​ស​អា​ដាំ​​ប៉ុន្មាន​ឡើយ​​ ។ ​

សារ៉ាន់​ល្អ​ស្នៀត​​​​កែង និងជង្គង់ អាច​វាយ​ចេញ​​បាន​រហ័ស​​ និង​ចំគោល​ដៅ​បាន​ល្អ​​ទៀត​ផង ​ចំណែក​ឯ​ចិត្ត​​របស់​គេ​ក៏ពូកែ​អត់​ធ្មត់​ណាស់​ដែរ ។ ការ​ជួប​គ្នា​រវាង​​ពួក​គេ​ទាំង​២​លើក​នេះ មិន​អា​ច​ទស្សន៍​​ទាយ​លទ្ធ​ផល​ទុក​មុន​បាន​ឡើយ ។ ​អ្នក​ប្រ​ដា​ល់​ចិត្ត​ហ៊ាន​​ផន ប៊ុន​ម៉ៅ ​និង​អ្នក​ប្រ​ដាល់​​ចិត្ត​ធ្ងន់​​ឃឹម​ ពេជ្រ​ចិន្តា ​​​សុទ្ធ​តែ​​ជា​កំពូល​​​អ្នក​ប្រ​ដាល់​ដែល​មាន​ល្បិច​​ប្រ​យុទ្ធ​នៅ​លើ​សង្វៀន​​​​​សម្បូរ​បែប​ដូច​គ្នា ។ ប៊ុន​ម៉ៅ បើទោះ​ជា​គេ​​មាន​ចរិត​​​​ឆេវ​ឆាវ​បន្តិច​មែន​ តែ​ស្នៀត​​ប្រ​យុទ្ធ​​នៅ​លើ​​សង្វៀន​​របស់​គេ​គឺ​ល្អ​​ឥត​ខ្ចោះ​តែ​ម្តង ទាំងស្នៀត​ដៃ និង​ស្នៀត​ជើង​​គឺ​ល្អ​ទាំង​អស់​ ហើយ​ចល​​នា​វាយ​លុក​របស់​គេ​ក៏​រហ័ស​​រហួន​​និង​ចូលចិត្ត​​វាយ​សម្រុក​​មិន​ដក​ថយ​ឡើយ ។

រី​ឯ​ចិន្តា​​​វិញ​ ចរិត​​ជា​មនុស្ស​​ចាស់​មិន​ក្អេង​ក្អាង​ ហើយ​ក៏​មិន​ដែល​​កោត​​​ញញើត​​​​​​​ន​រណា​ម្នាក់​ដែរ ​ស្នៀត​កែង​ និង​ជង្គង់​​អាច​ប្រើ​ការ​បាន ​ប៉ុន្តែ​ទម្លាប់​របស់​គេ​ច្រើន​​តែ​បន្ធូរ​ដៃ​​ឱ្យ​គូ​ប្រ​កួត​នៅ​​ទឹក​ទី​១ និង​ទី ២ ​។ ​នួន​ វិចិត្រ ​មក​ពី​ក្លឹប​​ក្រ​សួង​​ម​ហា​ផ្ទៃ​​​ ចង់​ជម្រះ​​​បញ្ជី​ចាស់​​ជា​មួយ​សារឹម ​ង៉ា មក​ពី​ក្លឹប​ក្រ​សួង​ការ​ពារ​ជាតិ​ ជា​ថ្មី​ម្តង​ទៀត ។ ប្រ​វត្តិ​​ជួប​គ្នា​​ជា​ច្រើន​លើ​ក​មក​នេះ​អត់​មាន​អ្នក​ណា​ឈ្នះ​​ដាច់​ឡើយ ។ វិចិត្រ​​អាង​​កម្ពស់​ ល្អ​កែង និង​ជង្គង់ ប៉ុន្តែ​ចលនា​​វាយ​លុក​របស់​គេ​​​ក៏​អា​ច​វាយ​​​ចេញ​ពី​ចម្ងាយ​​បានដែរ​​ មិន​មាន​អ្វី​ជា​បញ្ហា​​សម្រាប់​រូបគេ​ឡើយ ​តែ​បើ​និយាយ​ពី​កម្លាំង​គឺ​ខ្សោយ​បន្តិច​ហើយ ។ សារឹម ង៉ា ​ចិត្ត​របស់​គេ​​សឿង​បំផុត​​ហ៊ាន​ស៊ី​​ហ៊ាន​សង​​​​ទាន់​ក្តៅៗ តែ​ម្តង ។

ចលនា​​វាយ​លុក​​របស់គេ​រហ័ស​រហួន​​ និង​មាន​ការ​ប្រុង​ប្រ​យ័ត្ន​​ខ្ពស់​ផង​ដែរ​ ។ ​ស្នៀត​កណ្តាប់​​ដៃ​​​និង​ជើង​របស់​គេអាច​​វាយ​​​និង​ទាត់​ចេញ​​​បាន​លឿន ហើយច្បាស់​លាស់​ទៀត​ផង ​ឯស្នៀត​ជង្គង់​​វិញ​​​​នោះ​ក៏​កាន់​តែ​​អស្ចារ្យ​​ថែម​ទៀត ។ ​សម្រាប់​ការ​​ប្រ​កួត​លើក​នេះ ​​មិន​អាច​មើល​ស្រាល​​​ខាង​ណា​បាន​ឡើយ​ ព្រោះ​ទាំង​សង​ខាង​មានល្បិច​ប្រ​យុទ្ធ​​​នៅលើ​សង្វៀន​ម្យ៉ាង​​ម្នាក់ ។ ពេជ្រ សំពៅ​​ មក​ពី​ក្លឹប​​កី​ឡា​ប្រ​ដាល់​ក្រ​សួង​ការ​ពារ​ជាតិ​​​ ជួប​​ប្រកួត​​ជា​មួយ​គង់ ​វ៉ែន មក​ពី​ក្លឹប​​គជ​សារ​កីឡា​ ៕