ខេត្តកោះកុង ៖ ការបាញ់អស់ជាច្រើនគ្រាប់ដោយកងទ័ពកម្ពុជាដែលឈរជើងការពារខ្សែបន្ទាត់ព្រំដែនខេត្តកោះកុង ជាការរារាំងឧទ្ធម្ភាគចក្រទាហានឈុតខ្មៅថៃដែលហោះហើររំលោភមកលើបូរណភាពទឹកដីកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ធ្នូ ។ មន្ត្រីយោធាជាន់ខ្ពស់ ប្រចាំទិសយោធភូមិភាគ៣ បញ្ជាក់ថា កងទ័ពកម្ពុជាបានប្រកាន់ជំហរថា ការបាញ់ទៅលើឧទ្ធម្ភាគចក្រទាហានឈុតខ្មៅថៃនោះព្រោះតែហោះឈ្លានពាន ហើយបើគ្មានការឈ្លានពានទេ ក៏គ្មានការបាញ់ដែរ ។
តាមរបាយការណ៍របស់ក្រុមមន្ត្រីផ្នែកទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំខេត្តកោះកុងបញ្ជាក់ថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ធ្នូ មានទាហានឈុតខ្មៅថៃចំនួន៧នាក់ បានមកប្រាប់ទាហានខ្មែរដែលឈរជើងនៅវរៈលេខ៣០៣ថា ថ្ងៃស្អែកខាងខ្លួននឹងចុះយន្តហោះ (ឧទ្ធម្ភាគចក្រ) ប៉ុន្តែខាងកម្ពុជាបានប្រាប់ទៅវិញថា អត់ឱ្យចុះទេ បើចុះនឹងបាញ់ ។ បន្ទាប់មក ខាងភាគីថៃបានប្រាប់ទៀតថា «ខ្ញុំអនុវត្តទៅតាមបទបញ្ជារបស់មេ ត្រូវតែចុះឱ្យខាងតែបាន » ហើយខាងភាភីកម្ពុជាក៏ប្រាប់ទៅវិញថា «ខ្ញុំក៏អនុវត្តបទបញ្ជាមេរបស់ខ្ញុំដែរ ឱ្យតែចុះគឺខ្ញុំបាញ់» ។ លុះនៅវេលាម៉ោង១រសៀលថ្ងៃទី១៥ ធ្នូ ឧទ្ធម្ភាគចក្រថៃក៏បានមកសំកាំង បម្រុងនឹងចុះនៅចំណុចអូរត្រាវ ហើយពេលនោះកងទ័ពកម្ពុជាក៏បានប្រើអាវុធអាកា៤៧ បាញ់គំរាមប្រមាណ១បង់ ដើម្បីកុំឱ្យយន្តហោះចុះ។ ពេលដែលបាញ់អស់មួយបង់ហើយ យន្តហោះថៃក៏បានរុលទៅមុខទៀតសំដៅទៅចុះចតនៅចំណុចលេខ៣២៩ ប៉ុន្តែត្រូវកម្លាំងកងទ័ពកម្ពុជាដែលឈរជើងនៅចំណុចនោះ បាញ់គំរាមអស់ជាង២បង់ទៀត ។ ខណៈនោះយន្តហោះក៏ផ្អៀងបត់ក្បាល ហើយប្រើប្រាស់អាវុធធុនM-16 បាញ់តបមកលើកងទ័ពយើងវិញ អស់ចំនួន៣គ្រាប់ ទើបត្រឡប់ទៅចុះចតនៅចំណុចខៅឡាន ដែលជាបន្ទាយរបស់ទាហានឈុតខ្មៅ វិញទៅ ។
ប្រភពពីមន្ត្រីយោធាជាន់ខ្ពស់ខាងលើបានបង្ហើបទៀតថា ជុំវិញការបាញ់តបតគ្នាទៅវិញទៅមកនេះ ខាងកងទ័ពកម្ពុជាមិនមានគ្រោះថ្នាក់អ្វីឡើយ ប៉ុន្តែខាងភាគីថៃបានសារភាពថា ឧទ្ធម្ភាគចក្ររបស់ខ្លួនត្រូវគ្រាប់អាកា ជាច្រើនគ្រាប់ ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ករណីខាងលើនេះ ត្រូវបានថ្នាក់លើប្រគល់ភារកិច្ចឱ្យតំបន់ប្រតិបត្តិការសឹកកោះកុង ជាអ្នករកដំណោះស្រាយ ឬក៏បើកកិច្ចប្រជុំរវាងភាគីទាំង២ ដើម្បីរកឱ្យឃើញថា អ្នកណាខុសអ្នកណាត្រូវ ហើយភាគីកម្ពុជាក៏បានទាក់ទងតាមទូរស័ព្ទទៅភាគីថៃដែរ ប៉ុន្តែនៅមិនទាន់ដឹងថា នៅពេលណា ភាគីទាំង២កំណត់ពេលជាក់លាក់ ដើម្បីជួបគ្នាដោះស្រាយបញ្ហានេះនៅឡើយទេ ។
កោះសន្តិភាព បានព្យាយាមទាក់ទងតាម ទូរស័ព្ទទៅលោកឧត្តមសេនីយ៍ត្រីយន្ត មីន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកកោះកុងដើម្បីសុំការបំភ្លឺលម្អិតជុំវិញករណីខាងលើនេះ ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន ។
ទាក់ទងនឹងព្រឹត្តិការណ៍នេះដែរ ច្រករបៀងមួយនៅចំណុចខៅវង្ស ដែលស្ថិតនៅជិតចំណុចកើតហតុ ត្រូវបានភាគីថៃបិទ មិនឱ្យពលរដ្ឋចេញចូលដូចសព្វដងឡើយ ប៉ុន្តែសម្រាប់ច្រក ទ្វារអន្តរជាតិចាំយាមនៅរក្សាភាពប្រក្រតីដដែល ។
តាមប្រភពព័ត៌មានជំហានដំបូង កាលពី ល្ងាចថ្ងៃទី១៥ ធ្នូ ដែលថា ថៃបាញ់កាំភ្លើងយន្តនោះ ជាការមិនពិតឡើយ ។ ការស្វែងរកការបំភ្លឺជុំវិញចំណុចលេខ៣២៩ ដែលភាគីថៃប៉ុនប៉ងចុះចតឧទ្ធម្ភាគចក្ររបស់ខ្លួនថា តើចំណុចនោះស្ថិតក្នុងតំបន់ប្រទង់ប្រទាញ ឬបែបណា មិនអាចរកការបំភ្លឺបានទេ ។ នៅរសៀលថ្ងៃទី១៦ ធ្នូ ការទាក់ទងទៅលោកឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ លោកមានប្រសាសន៍ថា ពេលនេះក្រសួងការពារជាតិមិនទាន់មានការចេញសេចក្តីថ្លែងការណ៍ណាមួយបន្ទាប់ពីឧបទ្ទវហេតុនោះនៅឡើយទេ ដោយសាររង់ចាំទទួលរបាយការណ៍ឱ្យគ្រប់គ្រាន់សិន ហើយលោកក៏មិនអាចនិយាយបែបណាមួយនាពេលនេះបានដែរ
ចែករំលែកព័តមាននេះ