រាជធានីភ្នំពេញ ៖ ដោយឡែករាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត គណៈកម្មាធិការជាតិ ដើម្បីមនុស្សចាស់ ដែលមាន៦ជំពូក និង១៣មាត្រា មានសាមាជិក១៨រូប ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សចាស់ឱ្យប្រសើរឡើង ហើយក៏បង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់នៅក្នុងសង្គម ជាបុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹងចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
យោងតាមសេចក្តីសម្រេចតែងតាំងសមាស ភាពគណៈកម្មាធិការជាតិ ដើម្បីមនុស្សចាស់ របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី២ វិច្ឆិកា ២០១១ បានឱ្យដឹងថា គណៈកម្មាធិការជាតិដើម្បីមនុស្សចាស់មានសមាជិក១៨រូប ក្នុងនោះសម្តេចតេជោហ៊ុន សែន ជាប្រធានកិត្តិយស, លោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន, លោកមុត ខៀវ រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតីសម្បទា ជាអនុប្រធានអចិន្រ្តៃយ៍ និងអនុប្រធាន២រូប ព្រមទាំងមានសមាជិក១៣រូបផេ្សងទៀតមកពីតាម ក្រសួងនានា។
តាមរយៈអនុក្រឹត្យស្តីពីការបង្កើតគណៈកម្មា ធិការជាតិ ដើម្បីមនុស្សចាស់ ចុះថ្ងៃទី១៥ កក្កដា ២០១១ ដែលមាន៦ជំពូក និង១៣មត្រា ត្រង់មាត្រា១ ក៏បានបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលសរសេរកាត់ថា គ.ម.ច. បង្កើតឡើងក្នុងគោលបំណងលើកស្ទួយសុខុមាលភាពមនុស្សចាស់ និងចូលរួមចំណែកអនុវត្តគោលនយោបាយជាតិ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល៕
ចែករំលែកព័តមាននេះ