ខេត្តសៀមរាប ៖ យ៉ាងហោចណាស់មានសង្កាត់ចំនួន៤ដែលនៅអមតាមបណ្តោយស្ទឹងក្នុងក្រុងទេសចរណ៍សៀមរាបត្រូវទឹកស្ទឹងដែលពេញប្រៀបបានជន់លិចអស់រយៈពេល២ថ្ងៃជាប់ៗគ្នារួចមកហើយ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងគំហុកនៅតំបន់ជួរភ្នំដងរែក និងតំបន់មួយចំនួននៅប៉ែកខាងលើរបស់ខេត្តសៀមរាបកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ។
ទោះបីជាយ៉ាងនេះក្តី មន្ត្រីអាជ្ញាធរបានអះអាងថា ការជន់លិចនេះមិនបណ្តាលឱ្យមានការខូចខាតដល់ដំណាំកសិកម្មរបស់ប្រជាកសិករឬហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ជាដុំកំភួននោះទេ គ្រាន់តែការធ្វើចរាចរណ៍ដឹកជញ្ជូនធ្ងន់ៗត្រូវបានផ្អាកជាបណ្តោះអាសន្នដើម្បីបញ្ចៀសមហន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងប៉ុណ្ណោះ ។
លោកប៊ុន ថាឫទ្ធិ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា សង្កាត់ចំនួន៤របស់ក្រុងសៀមរាប រួមមានសង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ សង្កាត់ជ្រាវ និងសង្កាត់សៀមរាប ដែលស្ថិតនៅអមបណ្តោយដងស្ទឹងសៀមរាប ត្រូវបានជន់លិចតាំងពីវេលាថ្ងៃត្រង់ ម្សិលមិញមកម៉្លេះគឺថ្ងៃទី១០ កញ្ញា ។ ការជន់លិចនេះដោយសារតែមានធ្លាក់ភ្លៀងយ៉ាងខ្លាំងកាលពីប៉ុន្មានថ្ងៃមកនេះ នៅតំបន់ជួរភ្នំដងរែក និងតំបន់មួយចំនួននៅប៉ែកខាងលើខេត្តរួចបន្តហូរចាក់ចូលមកក្នុងអាងបឹងទន្លេសាប តាមស្ទឹងសៀមរាបដែលពុះកាត់ពាក់កណ្តាលក្រុងនេះ។ ប៉ុន្តែដោយសារតែបឹងទន្លេសាបមានកម្រិតទឹកខ្ពស់ដូចគ្នានោះ ធ្វើឱ្យទឹកហូរមិនទាន់ក៏ហូរចូលក្រុងសៀមរាបតែម្តង ។
លោកបានបញ្ជាក់ទៀតថា យោងទៅតាម ការចុះពិនិត្យជាក់ស្តែងឃើញថា ការជន់លិចនេះ មិនបានគំរាមកំហែងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់នៅក្នុងក្រុងទេ ហើយក៏មិនបានបំផ្លាញដំណាំស្រូវរបស់ប្រជាពលរដ្ឋដែរ ។ ផ្ទុយទៅវិញវារឹតតែធ្វើឱ្យស្រូវលូតលាស់បានល្អជាងមុននៅទូទាំងខេត្ត ។
ទាក់ទិននឹងករណីដូចគ្នានេះដែរ អភិបាលក្រុងសៀមរាប លោកទេព ប៊ុនឆាយ បានថ្លែងថា គិតត្រឹមវេលារសៀលថ្ងៃទី១១ កញ្ញានេះ កម្រិតទឹកបានស្រកទៅវិញអស់មួយកម្រិត ហើយអាចវិលទៅរកស្ថានភាពដូចដើមវិញ នៅថ្ងៃស្អែកបើសិនជាមេឃមិនបន្តធ្លាក់ភ្លៀងបន្ថែមទៀតនោះ ។
យោងទៅតាមសេចក្តីរាយការណ៍បានឱ្យដឹងថា តំបន់ដែលលិចលង់ខ្លាំងជាងគេគឺតំបន់ដែលនៅជាប់ដងស្ទឹងតែម្តង ក្នុងនោះរួមមានតំបន់ផ្សារចាស់ ដែលកកកុញដោយភ្ញៀវទេសចរចម្រុះជាតិសាសន៍នាពេលរាត្រី តំបន់មុខវិទ្យាល័យអង្គរ ជាពិសេសតំបន់ផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានចុងឃ្នៀសតែម្តង ។
ទោះជាយ៉ាងនេះក្តី ក្រុមមន្ត្រីបានអះអាងថា ការជន់លិចនេះមិនធ្វើឱ្យខកខានដល់ដំណើរការទស្សនាចរណ៍ដឹកជញ្ជូនធុនស្រាលៗឆ្លងកាត់ផ្លូវថ្នល់ដែលកំពុងលិចលង់ទាំងអស់មិនត្រូវបានបញ្ឈប់នោះទេ លើកលែងតែការធ្វើចរាចរណ៍ដឹកជញ្ជូនធ្ងន់ៗដែលនិងត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីបញ្ចៀសឱ្យបាននូវការអន្តរាយដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុង ។
ចំណែកមន្ត្រីសង្គមស៊ីវិលបានលើកឡើងផ្ទុយពីក្រុមមន្ត្រីអាជ្ញាធរដោយពួកគេអះអាងថា ការជន់លិចក្រុងនេះនិងបណ្តាលឱ្យផ្លូវថ្នល់ក្នុងក្រុងជាច្រើនខ្សែដែលមានប្រវែងរាប់ពាន់ម៉ែត្រ រងនូវការខូចខាតខ្លាំងជាក់ជាមិនខាន ព្រោះមុននោះផ្លូវទាំងនេះវាមានសភាពទ្រុឌទ្រោមរួចទៅហើយ ។
នារសៀលថ្ងៃអាទិត្យនោះគេមិនអាចទំនាក់ទំនងមន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត សៀមរាបដើម្បីសុំការពន្យល់បន្ថែមអំពីស្ថានភាពអាកាសធាតុបានទេ ខណៈមានសេចក្តីរាយការណ៍ចុងក្រោយមកថា នៅល្ងាចនេះផ្ទៃមេឃនៅតែបន្តមានដុំពពកខ្មៅគ្របដណ្តប់នៅតំបន់ប៉ែកខាងលើខេត្តសៀមរាបដដែល ៕
ចែករំលែកព័តមាននេះ