ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១៩ មិថុនា នៅសាកលវិទ្យាល័យបាត់ដំបង កម្មវិធីសលត៍ បានរៀបចំការប្រកួតកីឡាបាល់ទាត់ផ្នែកនារី រវាងក្រុមកីឡាការិនីជម្រើសជើងឯកបាល់ទាត់ខេត្តជាមួយក្រុមកីឡាការិនីបាល់ទាត់អាមេរិក ជាសិស្សអនុវិទ្យាល័យ Con Cordia មកពីរដ្ឋ Moorheot Minnesata។
លោក SAMUEL Schweingruber ប្រធានកម្មវិធីសលត៍ ដែលជាអ្នកដឹកនាំការប្រកួតនេះបានឱ្យដឹងថា ការបើកការប្រកួតបាល់ទាត់កីឡាការិនីជម្រើសខេត្តបាត់ដំបងជាមួយកីឡាការិនីសហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងបង្កើនសមត្ថភាព ដកពិសោធន៍បច្ចេកទេស ជាលក្ខណៈអន្តរជាតិផងនិងជាមិត្តភាពផងរវាងកីឡាការិនីទាំង២ក្រុម និងដើម្បីជាចំណាប់អារម្មណ៍ដល់យុវតីដទៃទៀតដែលចង់ក្លាយខ្លួនជាកីឡាការិនីបាល់ទាត់នឹងគេដែរ ព្រោះធ្លាប់មានតែកីឡាករបាល់ទាត់នៅក្នុងស្រុកយើងនេះ ។ លោកបានបន្តទៀតថា ក្រុមកីឡាការិនីជម្រើសខេត្តបាត់ដំបងនេះក៏ធ្លាប់បានទៅប្រកួតនៅប្រទេសឡាវដែរ ។ ចំណែកនៅថ្ងៃនេះកីឡាការិនីទាំង២ក្រុមលេងបានយ៉ាងល្អទាំងបច្ចេកទេសក្នុងការបញ្ជូនបាល់និងទាត់បញ្ចូលទី ហើយជាលទ្ធផលក្រុមកីឡាការិនី Concordia College (USA) ទាត់បញ្ចូលទីបាន៣គ្រាប់ ឯក្រុមកីឡាការិនីជម្រើសខេត្តទទួលបានពិន្ទុ ០។
ទោះជាយ៉ាងនេះក្តី កីឡាការិនីទាំង២ក្រុមបានបង្ហាញនូវភាពស្និទ្ធស្នាលនិងសប្បាយរីករាយក្រៃលែងហើយក្រុមកីឡាការិនីជម្រើសខេត្តបានបំពាក់កន្សែងដល់ក្រុមកីឡាការិនីUSA និងបានថតរូបទាំងអស់គ្នារួមជាមួយអ្នកគ្រប់គ្រងកីឡាការិនីទាំង២ក្រុមទៀតផង ។ កម្មវិធីសលត៍បានបញ្ជាក់ថា សម្រាប់ថ្ងៃទី២០ មិថុនា ២០១១ គឺមានប្រកួតបាល់ទាត់រវាងក្រុមកីឡាការិនីUSA ដដែលនេះជាមួយក្រុមកីឡាការិនីជម្រើសខេត្តពោធិ៍សាត់ ៕
ចែករំលែកព័តមាននេះ