ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​មកពីម៉ា​ឡេ​ស៊ី2រូប​សុំ​សាក​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​នៅលើសង្វៀនប៉ុស្តិ៍​លេខ​3

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម៉ា​ឡេ​ស៊ី២​រូប នឹង​មក​ស្រុក​ខ្មែរ​នៅ​ថ្ងៃ​សៅរ៍​ទី ១១ មិថុនា​ ដើម្បី​ប្រកួត​សាក​កំលាំង​ជាមួយ​ជើង​ខ្លាំង​ខ្មែរយើង​​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៣។
កីឡា​ករ​ MOH ALI YAAKUB ម្ចាស់​ជើង​ឯក​ច្រើន​ជំនាន់​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម​ នឹង​ត្រូវ​ជួប​ឯម វុត្ថា មក​ពី​ក្លឹប​គ្រុឌ​មាន​ជ័យ រី​ឯ​កីឡា​ករ​ MOHD ARIFFBIN PAUZI ទម្ងន់​៦៧​គីឡូ​ក្រាម​ ប្រកួត​ជាមួយ​ឡុង សុវណ្ណឌឿន មក​ពី​ក្លឹប​ឡុងសាល​វ័ន្ត​។

Mohd Ali Yaakub ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​ពិត​ជា​មិន​ធម្មតា​ឡើយ​ កីឡា​ករ​ដែល​មាន​អាយុ​២៥​ឆ្នាំ​រូប​នេះ​ធ្លាប់​ទទួល​បាន​ភាព​ល្បី​ល្បាញ​តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ ដែល​គេ​ធ្លាប់​ដណ្តើម​បាន​ជើង​ឯក​មួយ​ដែល​មាន​ឈ្មោះ​ថា Ultimate Warrior Kedah នៅ​ម៉ា​ឡេ​សីុ។ នៅ​ឆ្នាំ​២០០៨​ ធ្លាប់​ដណ្តើម​បាន​ជើង​ឯក​មួយ​ទៀត​មាន​ឈ្មោះ​ថា Kelan Tan Stade ដែល​ជើង​ឯក​ទាំង​២​នេះ​ស្ថិតក្នុង​​ទម្ងន់​៥៧​គីឡូ​ក្រាម​។ ក្រោយ​មក​នៅ​ឆ្នាំ​២០០៩​ គេ​ទទួល​បាន​ជា​ជើង​ឯក​ Kedah Royal Cup ជាមួយ​មេដាយ​មាស​ផ្នែក Amateur Ara Sura Game Dawin នៅ​អូស្ត្រា​លី​។ នៅ​ឆ្នាំ​២០១០ គេ​ក្លាយ​​ជា​ម្ចាស់​ជើង​ឯក​ហុង​កុង Super Four ជើង​ឯក​ Supre Macy នៅ​ទី​ក្រុង Perth អូស្ត្រាលី​ និង​ជើង​ឯក​ម្ចាស់​ក្សត្រី​ថៃនៅ​បាង​កក​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក៏​គេ​នៅ​មិន​ទាន់​ដឹង​មុន​បាន​ថា គេ​នឹង​អាច​យក​ឈ្នះឯម​ វុត្ថា បាន​ឬ​អត់ទេ​​។

ចំណែក​កីឡា​ករ​ Mohd Ariffbin Pauzi ប្រវត្តិ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​ក៏​មិន​អន់​ប៉ុន្មាន​ដែ​រ​។ គេ​ជាជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូ​ក្រាម​​ ធ្លាប់​ឡើង​សង្វៀន​​បាន​រហូត​៤២​ដង​ ឈ្នះ​២៦​ ចាញ់​១២ និង​ស្មើ​៤​ដង។
តាម​ប្រវត្តិ​កីឡា​ករ​មក​ពី​ម៉ា​ឡេ​សីុ​ទាំង​២​រូប​នេះ​សុទ្ធ​តែ​ជា​អ្នក​ដែល​ល្បី​ល្បាញ​អស្ចារ្យ​ខ្លាំង​ណាស់​ ប៉ុន្តែ​ត្រង់​ថា យក​កេរ្តិ៍​ឈ្មោះ​មក​បោះ​គ្រវាត់​ចោល​នៅ​ស្រុក​ខ្មែរ​ ឬយ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ដឹង​ឡើយ​។

ចំណែក​គូ​ប្រកួត​អម​ប្រចាំ​សប្តាហ៍​២​គូ​ទៀត​មាន​កីឡា​ករ​នួន វិចិត្រ​ មក​ពី​ក្លឹប​ក្រសួង​មហា​ផ្ទៃ​ប្រកួត​ជាមួយ​ជិន រ៉ា មក​ពី​ក្លឹប​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ​។ កីឡា​ករ​ព្រុំ សំណាង​ មក​ពី​ក្លឹប​កង​ទ័ព​ឆត្រ​យោង​៩១១​ប្រកួត​ជាមួយ​វង្ស ស៊ីថៃ មក​ពី​ក្លឹប​កង​ពល​តូច​លេខ​៧០​ ចំណែក​សូ សុផាត មក​ពី​ក្លឹប​តោ​មាស ប្រកួត​ជាមួយ​ប៊ី​ យី​ មក​ពី​ក្លឹប​ឥន្ទ្រី​កីឡា ៕